ក្រុមហ៊ុន CK Asset Holdings Limited គ្រប់គ្រងដោយមហាសេដ្ឋីអចលនទ្រព្យនៅហុងកុង គឺលោក Li Ka-shing បានបំប្លែងសណ្ឋាគារមួយចំនួនរបស់ខ្លួនធ្វើជាលំនៅឋាន ដើម្បីសម្របខ្លួនតាមស្ថានភាពទីផ្សារបច្ចុប្បន្ន។
យោងតាមសេចក្តីរាយការណ៍សារព័ត៌មានហុងកុង South China Morning Post កាលពីថ្ងៃសុក្រ ក្រុមហ៊ុនរបស់មហាសេដ្ឋីអចលនទ្រព្យរូបនេះ បានកែប្រែអគារសណ្ឋាគារចំនួនពីរដែលស្ថិតនៅតំបន់ក្រុងរណប Tin Shui Wai និងតំបន់ប្រជុំជន Ma On Shan ទៅជាអគារស្នាក់នៅដើម្បីដាក់ជួលវិញ។
អគារអតីតសណ្ឋាគារទាំងពីរបូកបញ្ចូលគ្នាមានទំហំសរុបជាង ១សែន ៨ម៉ឺន ម៉ែត្រការ៉េ ឬស្មើនឹង ១ ៩៣៣ បន្ទប់ ឬស្មើនឹង ១៣ ភាគរយ នៃបន្ទប់សណ្ឋាគារសរុប ១៥ ០០០ របស់ក្រុមហ៊ុន CK Asset Holdings Limited។
កូវីដ-១៩ បានបង្កផលប៉ះពាល់ខ្លាំងដល់វិស័យបដិសណ្ឋារកិច្ច ប៉ុន្តែផ្ទុយទៅវិញទីផ្សារលំនៅឋាននៅហុងកុងបែរជាមានតម្រូវការខ្ពស់ដែលជំរុញឱ្យតម្លៃលំនៅឋានកើនឡើងគួរឱ្យកត់សម្គាល់។
អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន CK Asset Holdings Limited លោក Victor Li Tzar-kuoi ដែលត្រូវជាកូនប្រុសរបស់មហាសេដ្ឋី Li Ka-shing បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សណ្ឋាគារដែលពឹងផ្អែកតែលើការមកដល់នៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ លោកបន្តថា ការបម្លែងសណ្ឋាគារខ្លះទៅជាបន្ទប់លំនៅឋាននាពេលនេះគឹ ដោយសារតែលំនៅឋានមានចំណែកទីផ្សារខ្ពស់ ហើយតម្លៃបន្តកើនឡើងផងដែរ។
ទិន្នន័យស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យហុងកុង Midland Realty បានបង្ហាញថា ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំ២០២១ ការទិញ-លក់អចលនទ្រព្យនៅហុងកុងរួមមានអចលនទ្រព្យពាណិជ្ជកម្ម, ឧស្សាហកម្ម, ចំណតឡាន និងអចលនទ្រព្យលំនៅឋាន មានទំហំទឹកប្រាក់បូកបញ្ជូលគ្នាដល់ទៅ ៦០,៤ ពាន់លានដុល្លារ កើនឡើងប្រមាណ ៧៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមការទិញ-លក់អចលនទ្រព្យសរុប វិនិយោគិនភាគច្រើនផ្តោតលើទីផ្សារលំនៅឋាន ដែលទីផ្សារនេះមានចំណែកដល់ទៅ ៦០ ភាគរយ នៃប្រតិបត្តិការទិញ-លក់សរុបជាង ៦០ពាន់លានដុល្លារ៕