អ្នកជំនួញ និងជាអ្នកឯកទេសវិនិយោគលើវិស័យដីធ្លីបានបង្ហើបពីទីតាំងចំនួនបីកន្លែងក្នុងខេត្តកណ្តាល ដែលសុទ្ធតែជាទីតាំងសក្តានុពល ហើយអ្នកវិនិយោគគួរពិចារណាដើម្បីចាប់យកឱកាសពីលទ្ធភាពនៃការឡើងថ្លៃនៃតម្លៃដីក្នុងតំបន់ទាំងនេះនាពេលខាងមុខ។
លោក ឧកញ៉ា កាង សុធី នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station បានឱ្យដឹងថា ស្រុកកណ្តាលស្ទឹង ស្រុកមុខកំពូល និងស្រុកពញាឮ ជាទីតាំងដែលមានសក្តានុពលជាងគេក្នុងខេត្តកណ្តាល ដែលអ្នកវិនិយោគគួរសម្លឹងមើល ដោយសារតែឥទ្ធិពលវិជ្ជមាននៃការពង្រីករាជធានីភ្នំពេញ។
លោក ឧកញ៉ា កាង សុធី ដែលមានបទពិសោធន៍លើការវិនិយោគដីធ្លីជិត ២០ឆ្នាំនៅកម្ពុជា បានបញ្ជាក់ថា ស្រុកទាំងបីនេះមានលក្ខណៈពិសេស និងបែបផែននៃការរីកចម្រើនផ្សេងៗគ្នា។ តួយ៉ាង ស្រុកកណ្តាលស្ទឹងមាការអភិវឌ្ឍគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិថ្មី ហើយស្រុកមុខកំពូលវិញស្ថិតនៅជិតពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលទើបបញ្ចប់ការសាងសង់រួចរាល់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣។

លោកឧកញ៉ា កាង សុធី (កណ្តាល) ជានាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station និងជាអ្នកជំនាញវិនិយោគដីធ្លីជិត២០ ឆ្នាំ
លោកថ្លែងថា៖ «ស្រុកកណ្តាលស្ទឹង ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿន ដែលស័ក្កិសមសម្រាប់អ្នកវិនិយោគរយៈពេលវែងចន្លោះពី ១០ ទៅ ១៥ ឆ្នាំព្រោះតម្លៃដីធ្លីនៅតំបន់នេះអាចមានកំណើនចន្លោះពី ៣០ ទៅ ៤០ ភាគរយក្នុងមួយឆ្នាំ។ ស្រុកមុខកំពូលវិញ មានបរិយាកាសល្អដែលមានទន្លេអមសងខាង ហើយថែមទាំងមានផ្លូវជាតិលេខ៦អា ដែលតភ្ជាប់ជាមួយខេត្តសំខាន់ៗដូចជាខេត្តកំពង់ធំ កំពង់ចាម និងខេត្តសៀមរាបជាដើម។ ស្រុកមុខកំពូលអាចទទួលបានផលចំំណេញលឿន ដែលល្អសម្រាប់អ្នកវិនិយោគរយៈពេលខ្លី»។
ចំណែកស្រុកពញាឮ អ្នកជំនាញរូបនេះបានបញ្ជាក់បន្ថែមថា ស្រុកនេះក៏ស្ថិតនៅកៀកភ្នំពេញផងដែរ ហើយថែមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ មិនតែប៉ុណ្ណោះស្រុកនេះមានសណ្ឋានដីល្អមិនលិចទឹក ដែលស័ក្កសមសម្រាប់ការអភិវឌ្ឍលំនៅឋាន ខណៈដែលចំនួនប្រជាជនក៏មានកំណើនច្រើនគួរឱ្យកត់សម្គាល់ផងដែរ។
ខេត្តកណ្តាលមានក្រុងមួយ និងស្រុកចំនួន១០ ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ស្រុកទាំងបីខាងលើស្ថិតក្នុងចំណោមស្រុកចំនួន ៧ ផ្សេងទៀតក្នុងខេត្តនេះ។
យោងតាមអនុក្រឹត្យស្តីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ» ចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ ២០១៥ បានឱ្យដឹងថា ព្រំដែនរាជធានីភ្នំពេញ អាចនឹងពង្រីកនៅក្នុងរង្វង់ទំហំ ៣០ គីឡូម៉ែត្រជុំវិញដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ ឯកសារដដែល បានបញ្ជាក់ថា នៅពេលដែលមានការពង្រីកក្រុង ពេលនោះទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដីខាងជើងស្ទើរតែទាំងអស់នៃខេត្តកណ្តាល។
លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល បានបញ្ជាក់ថា គ្រប់តំបន់ក្នុងភូមិសាស្រ្តខេត្តកណ្តាលនេះសុទ្ធតែមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគដីធ្លីនាពេលបច្ចុប្បន្ន ហើយទទួលបានចំណេញខ្ពស់នាពេលអនាគត ព្រោះតែការរីកសាយនៃការអភិវឌ្ឍក្រុង ដែលនឹងជួយបង្កើនតម្លៃទីផ្សារដីធ្លី៕