ខេត្តបាត់ដំបង៖ ទីតាំងដីធ្លីស្ថិតក្នុងស្រុកចំនួនបួន ដែលជាតំបន់មានសកម្មភាពពាណិជ្ជកម្មសំខាន់ៗក្នុងខេត្តបាត់ដំបង មានតម្លៃប្រហាក់ប្រហែលគ្នា ដែលអ្នកវិនិយោគអាចរកទិញបានក្នុងតម្លៃចាប់ពី ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក កែវ សារ៉ន ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា ស្រុកមោងឬស្សី ភ្នំព្រឹក កំរៀង និងស្រុកសំពៅលូន ជាស្រុកដែលមានតម្លៃដីដូចគ្នា ដែលអ្នកវិនិយោគអាចរកទិញបានក្នុងតម្លៃចាប់ពី ៥០ ដុល្លារ និងខ្ពស់បំផុត ២ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តម្លៃនេះគឺសម្រាប់តែទីតាំងដីសាងសង់លំនៅដ្ឋាន និងសកម្មភាពពាណិជ្ជកម្មផ្សេងៗ ដែលស្ថិតនៅក្នុងតំបន់ទីប្រជុំជន និងទីរួមស្រុកទាំងបួន។

លោក កែវ សារ៉ន ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបង
បើតាមលោកសារ៉ន ស្រុកទាំងបួននេះក៏មានអំណោយផលល្អសម្រាប់ការដាំដុះដំណាំសម្រាប់ចម្ការខ្នាតធំដូចជាធុរេន មៀន និងស្វាយកែវរមៀតជាដើម។ ហើយក៏ជាទីតាំងភូមិសាស្រ្តងាយស្រួលក្នុងការដឹកជញ្ជូនសម្រាប់ការនាំចេញផងដែរ ដោយសារតែច្រកព្រំដែនសំខាន់ៗសុទ្ធស្ថិតក្នុងស្រុកទាំងនេះមានដូចជាច្រកព្រំដែនអន្តរជាតិច្រកដូង ច្រកភ្នំដី ច្រក៤០០ ច្រកអូរអន្លក់ និងច្រកព្រំដែនរំដួល។
លោកសារ៉ន បានបញ្ជាក់ថា សម្រាប់ទីតាំងដីស្រែ និងចម្ការក្នុងស្រុកទាំងបួននេះមានតម្លៃទាបបំផុតក្រោម ១ដុល្លារ ($0.6 – $0.8) និងខ្ពស់បំផុត ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ស្រុកម៉ោងឬស្សី ភ្នំព្រឹក កំរៀង និងស្រុកសំពៅលូន ស្ថិតក្នុងចំណោមស្រុកចំនួន ១០ ផ្សេងទៀតក្នុងខេត្តបាត់ដំបង។ ស្រុកកោះក្រឡ ជាតំបន់ដែលមានតម្លៃដីទាបជាងគេចាប់ពី ២៥ ដុល្លារ ដល់ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះគឺសម្រាប់ទីតាំងដីសាងសង់លំនៅដ្ឋាន និងពាណិជ្ជកម្ម សម្រាប់តម្លៃដីចម្ការក្នុងស្រុកនេះវិញគឺមានតម្លៃ១ដុល្លារចុះក្រោម ក្នុងមួយម៉ែត្រការ៉េ៕