ដីធ្លីក្នុងតំបន់មួយនេះនៅខេត្តកែបកើនទ្វេដងដោយសារគម្រោងស្ថាបនាផ្លូវធំមួយ

Bunthoeun Chhut 05/August/2021 18:08
ចែករំលែក

ខេត្តកែប៖ ទីតាំងដីធ្លីស្ថិតនៅតាមបណ្តោយផ្លូវមាត់សមុទ្រព្រៃកោងកាងឆ្ពោះទៅឆ្នេរអង្កោល​នៃខេត្តកែបបានបង្ហាញពីកំណើនតម្លៃ​​ទ្វេដង​ ស្របពេលដែលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រៀមអភិវឌ្ឍន៍ក្នុងតំបន់នេះ។ នេះបើតាមអ្នកឯកទេសដីធ្លី។​

លោក ផៃ ចាន់បូរ៉ា ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យឯកទេសខាងទីផ្សារដីធ្លី Century 21 Zillion Holding ប្រចាំខេត្តកែប បានឱ្យដឹងថា ដីធ្លីស្ថិតនៅតាមបណ្តោយផ្លូវមាត់សមុទ្រព្រៃកោងកាងឆ្ពោះទៅឆ្នេរអង្កោល ដែលធ្លាប់តែមានតម្លៃជាមធ្យម ១៥០ ទៅ ៣០០ ក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំមុន បានកើនដល់៣០០ ទៅ ៤៥០ ក្នុងមួយម៉ែត្រការ៉េ។ លោកបញ្ជាក់ថា ទីតាំងដីក្នុងតំបន់នេះមានកំណើនខ្ពស់ជាងគេ បើធៀបនឹងតំបន់ផ្សេងៗទៀតក្នុងខេត្តកែប។

លោក ផៃ ចាន់បូរ៉ា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកែប

ផ្លូវមាត់សមុទ្រព្រៃកោងកាងឆ្ពោះទៅឆ្នេរអង្កោល ស្ថិតក្នុងស្រុកដំណាក់ចង្អើរនៃខេត្តកែប នឹងត្រូវអភិវឌ្ឍន៍ទៅជាផ្លូវកៅស៊ូដែលមានទំហំ៣០​ ម៉ែត្រ និងប្រវែង ១៤ គីឡូម៉ែត្រ ដែលជាការ​អភិវឌ្ឍន៍ក្រោម​​ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ លោក បូរ៉ា ដែលទទួលបានព័ត៌មានពីអាជ្ញាធរ បានបញ្ជាក់ថា បច្ចុប្បន្នផ្លូវនេះ​ក្រុមអ្នកជំនាញ​ADB បានចុះវាស់វែង​ និងផ្តល់សំណងដល់ពលរដ្ឋដែលប៉ះពាល់ពីគម្រោងរួចរាល់ដើម្បីចាប់ផ្តើមអនុវត្តន៍នាពេលខាងមុខ។ (មើលរូបភាពគម្រោង

ទីតាំងគម្រោងអភិវឌ្ឍន៍ផ្លូវកៅស៊ូតាមមាត់សមុទ្រព្រៃកោងកាងឆ្ពោះទៅឆ្នេរអង្កោល ដែលសិក្សាដោយ ADB ចេញផ្សាយខែមករា ឆ្នាំ២០២១។ រូបភាព៖ ADB

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែបកាលពីខែ មិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា តំបន់ឆ្នេរខ្សាច់អង្កោល  កំពុងត្រូវបានសិក្សាដើម្បីកែលម្អ និងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដោយមានសួនច្បារ ដងផ្លូវធំៗ​ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើរជើងផងដែរ។

បើតាមលោកបូរ៉ា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជួយបង្កើនតម្លៃដីធ្លីតាមបណ្តោយផ្លូវមាត់សមុទ្រព្រៃកោងកាង ស្របពេលដែលទីតាំងតំបន់នេះមានសក្តានុពលល្អសម្រាប់អភិវឌ្ឍជារីសត និងបឹងកាឡូជាដើម៕

ទិដ្ឋភាពថ្ងៃរៀបលិច ពីតំបន់ផ្លូវតាម មាត់សមុទ្រព្រៃកោងកាងឆ្ពោះទៅឆ្នេរអង្កោល។ រូបភាព៖ Z1News

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង