ហាងភីហ្សា Pizza Hut ដ៏ល្បីល្បាញបើកអាជីវកម្មនៅកម្ពុជាបង្កើនតម្រូវការទីតាំងអាជីវកម្ម

Bunthoeun Chhut 05/August/2021 15:57
ចែករំលែក

  • ម៉ាកយីហោហាង​ភីហ្សាលំដាប់ពិភពលោក​បើកដំណើរការនៅកម្ពុជាជាលើកដំបូង ហើយគ្រោងពង្រីកខ្លួនដល់ ៣០ ហាងក្នុង​រយៈពេល ៣ ឆ្នាំ។
  • វត្តមាន Pizza Hut ជួយបង្កើនសក្តានុពលវិស័យលក់រាយកម្ពុជា ពង្រឹងទីផ្សារអចលនទ្រព្យ បង្កើន​តម្រូវការទីតាំងអាជីវកម្ម។
  • ទីផ្សារភីហ្សានៅកម្ពុជាបង្កើតប្រាក់ចំណូលប្រហែល ១០០ លានដុល្លារក្នុងមួយឆ្នាំហើយតែងមានកំណើនចន្លោះពី ១៥ ទៅ ២០ ភាគរយក្នុងមួយឆ្នាំ។​

ភ្នំពេញ៖ ហាងភីហ្សា​ Pizza Hut ដ៏ល្បីល្បាញលំដាប់អន្តរជាតិ ​នឹងបើកអាជីវកម្មហាង​ដំបូង​របស់ខ្លួន​នៅកម្ពុជាក្នុង​​ខែសីហា​នេះ​ ហើយ​មានគម្រោង​ពង្រីកខ្លួនរហូត​ដល់ ៣០ ហាងក្នុងរយៈពេលបីឆ្នាំខាងមុខ។ នេះបើយោងតាម​តំណាងក្រុមហ៊ុន​ដែលនាំយកយីហោ​ហាង Pizza Hut មកដំណើរការនៅកម្ពុជា។

វត្តមានហាងអាហារលំដាប់អន្តរជាតិ​នេះនឹងជួយបង្កើនសក្តានុពលវិស័យលក់រាយកម្ពុជាដែលកំពុងរីកចម្រើន ហើយពង្រឹងទីផ្សារអចលនទ្រព្យកម្ពុជាតាមរយៈកំណើនតម្រូវការទីតាំងអាជីវកម្ម។

Pizza Hut គឺ​​​ជាយីហោ​ដើមរបស់ក្រុមហ៊ុនភោជនីយដ្ឋាន Yum Brands Inc នៅអាមេរិក ហើយ​ត្រូវបាននាំយកមកដំណើរការនៅកម្ពុជាដោយក្រុមហ៊ុនសាជីវកម្មម្ហូបអាហារ United Food Group (UFG) ដែលជាក្រុមហ៊ុនមេរបស់​​ភោជនីយដ្ឋានផាក កាហ្វេ ដែល​​កំពុងដំណើរការហាងចំនួន ២០ នាពេលនេះ។

លោក ហេង សេងលី នាយក​ប្រតិបត្តិក្រុមហ៊ុន​ UFG បានមានប្រសាសន៍ថា ហាង Pizza Hut ដំបូងនឹងបើកដំណើរការក្នុងតំបន់ដែលមានជនបរទេសនិងសកម្ម​ភាព​ពាណិជ្ជកម្មមមាញឹកគឺ​ជិតផ្សារទួលទំពូង ខណៈដែល​ហាង២ ទៀតនឹងបើកដំណើរការក្នុងត្រីមាសទីបីឆ្នាំនេះ​។ UFG នឹង​ពង្រីកចំនួនហាង Pizza Hut ឲ្យដល់ ៣០ ហាងនៅ​រយៈពេល ៣ ឆ្នាំខាងមុខ។

ប្លង់គំរូដែលមានការរចនាដ៏គួរឱ្យទាក់ទាញរបស់ហាង Pizza Hut ដែលនឹងបើកដំណើរការឆាប់ៗនេះ

លោក សេងលី បានបញ្ជាក់ថា៖«វត្តមានហាង Pizza Hut ពេលនេះ បានជួយឲ្យតម្រូវការជួលទីតាំងធ្វើអាជីវកម្មនៅតែមានភាពរឹងមាំ ខណៈដែលអាជីវកម្មមួយចំនួនរងផលប៉ះពាល់ពីស្ថានភាពមិនល្អនៃជំងឺកូវីដ ១៩»។ លោកបន្ថែមថា ហាង Pizza Hut នីមួយៗត្រូវការទីតាំងដែលមានផ្ទៃក្រលាជាមធ្យម ២០០ ម៉ែត្រការ៉េ ដែលជាឱកាសល្អសម្រាប់ម្ចាស់ទ្រព្យដែលមានទីតាំងល្អៗ អាចទាក់ទងបានដើម្បីដាក់ជួល (Tel:023 890 890)។

លោកសេងលី បញ្ជាក់បន្ថែមថា៖«Pizza Hut ក៏នឹងក្លាយជាទីតាំងថ្មីមួយទៀតដែលអាចឲ្យអ្នករកស៊ីផ្នែកដីធ្លី ឬអ្នកប្រកបមុខរបរ​អាជីវកម្មផ្សេង​ៗជួបគ្នា​ពិភាក្សាពីជំនួញ ដែលនឹងជួយបង្កើនសកម្មភាពពាណិជ្ជ​កម្ម និងសេដ្ឋកិច្ចបានមួយកម្រិតទៀត»។

យោងតាមការអង្កេត​របស់ UFG ទីផ្សារភីហ្សានៅកម្ពុជាអាចរក​ចំណូលបានប្រមាណ ១០០ លានដុល្លារក្នុងមួយ​ឆ្នាំកាលពីឆ្នាំ ២០១៩ ហើយបានកើនឡើងជាមធ្យម ១៥  ទៅ ២០ ភាគរយក្នុងមួយឆ្នាំដោយសារកំណើន​​សេដ្ឋកិច្ចនិងការហូរចូលនៃការវិនិយោគបរទេស​។

លោក សេងលី បានបញ្ជាក់ថា៖«​ចំនួនយុវជនកម្ពុជាដែលអាចរក​ចំណូលបានដោយខ្លួនឯង​មានការកើនឡើងយ៉ាងឆាប់រហ័ស ​ហើយពួកគេចូលចិត្តផលិតផល​ម៉ាកយីហោល្បីៗ ដើម្បីលើកកម្ពស់ការរស់នៅទំនើបរបស់ពួកគេ។ យើងជឿជាក់ថា Pizza Hut នឹងក្លាយជាម៉ាកហាង​ភីហ្សាសម្រាប់​យុវវ័យ ហើយយើងមានគោលបំណងផ្សព្វផ្សាយម៉ាកយីហោល្បីនេះ ដល់ប្រទេសកម្ពុជាក្នុងតម្លៃប្រហាក់ប្រហែលគ្នាទៅនឹងប្រេន [brand] ដែលកំពុងមានវត្តមានសព្វថ្ងៃ»​។

គិតមកទល់ពេលនេះ កម្ពុជាមាន​​ក្រុមហ៊ុនភីហ្សាជាច្រើនកំពុង​​ដំណើរការ ដែលមាន​ដូចជា​ក្រុមហ៊ុនភីហ្សាដែលមានមូលដ្ឋាននៅប្រទេសថៃ Pizza Company ភីហ្សា Domino’s Pizza ពី​សហរដ្ឋអាមេរិក ហាងភីហ្សា Papa John’s Pizza ពីអាមេរិក Yellow Cab Pizza ពី​ហ្វីលីពីន និង Pezzo Pizza ដែលមានមូលដ្ឋាននៅសិង្ហបុរីជាដើម​។

Pizza Hut នៅកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពី​បណ្តាញធំទូលាយរបស់ខ្លួន ដោយ​ Pizza Hut មានដំណើរការហាង ១៨ ៧០៣ នៅក្នុងប្រទេសជាង ១០០ នៅទូទាំងពិភពលោកគិតត្រឹមឆ្នាំ ២០១៩ ដែលធ្វើឲ្យ​យីហោហាងភីហ្សានេះក្លាយជាហាងភីហ្សាធំបំផុតរបស់ពិភពលោកបើគិតពីចំនួនទីតាំងសរុប។ Pizza Hut តែង​មាន​វិធីសាស្ត្រទីផ្សារតាមបែបទំនើបតាម​អ៊ីនធឺណេត ការច្នៃប្រឌិត និងការពង្រីកហាងជាប្រចាំ៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង