ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋាភិបាល តែងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ទីផ្សារអចលនទ្រព្យ ហើយជាទូទៅអ្នកវិនិយោគជំនាញតែងចាប់យកឱកាសពីការឡើងថ្លៃនៃដីធ្លីពីការអភិវឌ្ឍគម្រោងធំៗទាំងនេះជាបីដំណាក់កាលផ្សេងគ្នា។
លោកឧកញ៉ា កាង សុធី នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station បានលើកឡើងនៅក្នុងកិច្ចពិភាក្សាស្តីពី «ឱកាសការងារ និងវិនិយោគអចលនទ្រព្យ» កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា វត្តមានគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិថ្មី, ពហុកីឡាដ្ឋានជាតិមរតកជាតិតេជោ, និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាដើម ត្រូវបានចាត់ទុកថាជាគម្រោងខ្នាតធំ ហើយតែងមានឥទ្ធិពលល្អដល់ទីផ្សារអចលនទ្រព្យ។
លោកឧកញ៉ា កាង សុធី ដែលមានបទពិសោធន៍លើការវិនិយោគដីធ្លីជិត ២០ឆ្នាំនៅកម្ពុជា បានបញ្ជាក់ថា៖ «នៅពេលដែលមានការចេញផ្សាយសេចក្តីប្រកាសជាផ្លូវការពីរដ្ឋាភិបាលទាក់ទងនឹងការអភិវឌ្ឍគម្រោងធំៗបែបនេះតែងបង្កើតឱ្យមានចរន្តនៃការទិញដីធ្លីនៅតំបន់ជុំវិញ ដែលធ្វើឱ្យតម្លៃដីកើនឡើងក្នុងដំណាក់កាលទីមួយ។»

លោកឧកញ៉ា កាង សុធី (កណ្តាល) នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station ហើយលោកមានបទពិសោធន៍លើការវិនិយោគដីធ្លីជិត ២០ឆ្នាំនៅកម្ពុជា
លោកបន្ថែមថា៖ «តម្លៃដី[ជុំវិញ] កើនឡើងដំណាក់កាលទីពីរនៅពេលដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ ទឹក និងភ្លើង ដើម្បីតភ្ជាប់ទៅនឹងគម្រោងធំៗទាំងនោះ។ ហើយបន្ទាប់ពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ឬការសាងសង់ឃ្លាំង នឹងចាប់ផ្តើមវិនិយោគនៅតំបន់ក្បែរគម្រោងៗធំទាំងនោះ ហេតុដូច្នេះហើយតម្លៃដីនឹងកើនឡើងមួយកម្រិតទៀត។»
លោកឧកញ៉ា កាង សុធី បញ្ជាក់ថា តាមបទពិសោធន៍ និងការអង្កេតជាក់ស្តែង កន្លងមកបានបង្ហាញថា ទីតាំងដីនៅជុំវិញគម្រោងអភិឌ្ឍន៍ធំៗទាំងនេះអាចមានតម្លៃកើនឡើងជាមធ្យមចន្លោះពី ២០ ទៅ ៣០ ភាគរយក្នុងមួយឆ្នាំៗ។
ទស្សនាវីដេអូទាក់ទងនឹងគម្រោងៗធំៗ៤នៅភ្នំពេញដែលបង្កើតឱកាសល្អដល់ទីផ្សារអចលនទ្រព្យ
បើតាមលោក ឧកញ៉ា កាង សុធី ទីតាំងដីដែលមានចំងាយ ១០ ទៅ ១៥ គីឡូម៉ែត្រ ចេញពីតំបន់ជុំវិញគម្រោងអភិវឌ្ឍន៍ធំៗទាំងនេះ សុទ្ធតែអាចមានឱកាសទទួលបានផលចំណេញ។ លោកបញ្ជាក់បន្ថែមថា សម្រាប់អ្នកមានចំណូលមធ្យមគួរសម្លឹងពីឱកាសទីតាំងបែបនេះ តួរយ៉ាងតំបន់ជាប់ព្រំប្រទល់ជាមួយគម្រោងព្រលានយន្តហោះថ្មីដូចជាស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ជាទីតាំងដែលអ្នកវិនិយោគអាចរកទិញបានក្នុងតម្លៃធូរថ្លៃនាពេលបច្ចុប្បន្ន ហើយអាចមានឱកាសចំណេញខ្ពស់នាពេលខាងមុខ៕