ភ្នំពេញ៖ ខណ្ឌ ៤ ដែលសុទ្ធសឹងជាតំបន់ទីប្រជុំជនថ្មីនៃរាជធានីភ្នំពេញ មានចំនួនទិញ-លក់ដីធ្លីសកម្មជាងគេ ដោយចំនួនទិញ-លក់ក្នុងខណ្ឌទាំង៤នេះ បូកបញ្ចូលគ្នាមានចំណែកដល់ទៅជាង ៨០ភាគរយ នៃការទិញលក់ដីធ្លីសរុបក្នុងខែមិថុនា។ នេះបើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។
ទិន្នន័យពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានបង្ហាញថា ប្រតិបត្តិការទិញ-លក់ដីធ្លីនៅទូទាំង១៤ ខណ្ឌនៃរាជធានីភ្នំពេញក្នុងតែខែមិថុនាមួយ (ឆ្នាំ២០២១) មានប្រមាណជិត ២ពាន់ប្រតិបត្តិការ។ ក្នុងនោះខណ្ឌទាំង៤ រួមមានខណ្ឌសែនសុខ, ពោធិ៍សែនជ័យ, ដង្កោ និងខណ្ឌកំបូល បូកបញ្ចូលគ្នាមានចំណែកដល់ទៅ ៨១ភាគរយ។
ប្រភពដដែលបានបញ្ជាក់ថា ខណ្ឌកំបូលមានចំនួនប្រតិបត្តិការទិញ-លក់ច្រើនជាងគេបង្អស់ ដែលមានចំណែកដល់ទៅ ២៤ ភាគរយ នៃចំនួនប្រតិបត្តិការទិញ-លក់សរុប។ ខណ្ឌកំបូល ដែលស្ថិតនៅតំបន់ជាយក្រុងកំពុងក្លាយតំបន់ទីប្រជុំជនថ្មីមួយ និងជាទិសដៅសម្រាប់អ្នកវិនិយោគចាប់យកឱកាសអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ។
ទិន្ន័យពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌកំបូល បានឱ្យដឹងថា សង្កាត់កន្ទោក ជាតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេ បើធៀបនឹងសង្កាត់ផ្សេងៗទៀតក្នុងខណ្ឌនេះ ដែលមានតម្លៃចាប់ពី ៤០០ ដុល្លារ ដល់ទៅ ១ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ឳឡោក ជាតំបន់មានតម្លៃដីទាបជាងគេបង្អស់ក្នុងខណ្ឌកំបូល ដែលអ្នកវិនិយោគអាចរកទិញបានចាប់ពី ១២០ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
[អ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងចាប់អារម្មណ៍ខ្លាំងលើការវិនិយោគលំនៅឋានក្នុងសង្កាត់ពីរនៅខណ្ឌកំបូល]
ខណ្ឌពោធិ៍សែន និងខណ្ឌដង្កោវិញ ក៏ជាតំបន់ដែលមានការទិញ-លក់គួរឱ្យកត់សម្គាល់ផងដែរកាលពីខែមិថុនា ដែលខណ្ឌទាំងពីរនេះមានចំណែកដូចគ្នាគឺ ២២ ភាគរយ នៃប្រតិបត្តិការទិញ-លក់សរុប។ ចំណែកប្រតិបតិបត្តិការទិញ-លក់ក្នុងខណ្ឌសែន សុខ មានចំណែក ១៤ ភាគរយ។ ខណ្ឌសែន សុខ កំពុងក្លាយជាតំបន់អភិវឌ្ឍន៍បុរីលំនៅដ្ឋានដ៏លេចធ្លោ រួមទាំងសកម្មភាពពាណិជ្ជកម្មដ៏មមាញឹកមួយផងដែរនៅភ្នំពេញ។
អានអត្ថបទទាក់ទង៖
1_ សង្កាត់បួននៅខណ្ឌពោធិ៍សែនជ័យមានអំណោយផលដល់អចលនទ្រព្យឧស្សាហកម្ម
2_ សែនសុខមានសង្កាត់ចំនួន ៣ មានតម្លៃដីនៅធូរ និង ៣ សង្កាត់ទៀតខ្ពស់
3_ ហេតុអ្វីគួរវិនិយោគក្នុងខណ្ឌដង្កោ? ទាំងនេះជាហេតុផលដែលអ្នកគួរដឹង?
4_ ម្ចាស់ដីតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ក្នុងខណ្ឌដង្កោបង្កើនតម្លៃដាក់លក់ជិត ៣ ដង