រាល់ការវិនិយោគតែងរំពឹងទៅលើផលចំណេញ តែដើម្បីទទួលបានផលចំណេញ ហើយបញ្ចៀសនូវការខាតបង់ ចាំបាច់ត្រូវមានការសិក្សាពីកត្តាសំខាន់ៗមួយចំនួនមុននឹងសម្រេចចិត្តវិនិយោគ។
នៅក្នុងកិច្ចពិភាក្សាចែករំលែកចំណេះដឹងស្តីពី «ឱកាសការងារ និងវិនិយោគក្នុងវិស័យអចលនទ្រព្យ» រៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News នៅថ្ងៃចន្ទនេះ លោកឧកញ៉ា កាង សុធី ដែលមានបទពិសោធន៍លើការវិនិយោគដីធ្លីជាង១៧ឆ្នាំ និងនាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station បានបញ្ជាក់ថា មុននឹងសម្រេចចិត្តវិនិយោគដីលើទីតាំងដីណាមួយ គួរសិក្សាពីកត្តាសំខាន់ចំនួន៤។ ចំណុចសំខាន់ៗទាំងនេះមានដូចខាងក្រោម៖
១_ ធនធានហិរញ្ញវត្ថុ
អ្នកវិនិយោគគួរចេះបែងចែកធនធានហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ថាតើធនធានហិរញ្ញវត្ថុដែលមាននោះសក្កិសមនឹងការវិនិយោគនៅក្នុងតំបន់ណា? ហើយការវិនិយោគលើទីតាំងដីនោះជាការវិនិយោគទុកចំណេញរយៈពេលវែង ឬជាការទិញដីទុកសម្រាប់ការអភិវឌ្ឍ។ ការបែងចែងធនធានហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវនេះ ជាពិសេសអ្នកវិនិយោគទីតាំងដីធ្លីច្រើនជាងមួយកន្លែង ជួយបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ផងដែរ។
២_ ទីតាំងយុទ្ធសាស្រ្ត
ការសិក្សាពីទីតាំងយុទ្ធសាស្រ្ត ឬទីតាំងសក្តានុពលនេះ លោកឧកញ៉ា កាង សុធី បានបញ្ជាក់ថា លោកតែងសម្លឹងមើលពីទីតាំងដីដែលស្ថិតនៅក្បែរតំបន់អភិវឌ្ឍន៍លំនៅឋានធំៗ ជាពិសេសគម្រោងលំនៅឋានដែលមានតម្លៃចាប់ពី ១០ម៉ឺនដុល្លារក្នុងមួយល្វែងឡើងទៅ។ ព្រោះតំបន់អភិវឌ្ឍន៍បែបនេះតែងបង្កើនតម្លៃបានឆាប់រហ័ស។ សម្រាប់អ្នកមានចំណូលមធ្យម អ្នកជំនាញរូបនេះ បានផ្តល់យោបល់ឱ្យសម្លឹងមើលពីតំបន់ជុំវិញគម្រោងអភិវឌ្ឍន៍ធំៗដូចជាព្រលានយន្តហោះភ្នំពេញថ្មី, ពហុកីឡាដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងទីតាំងស្ថិតក្នុងស្រុកនៃខេត្តកណ្តាល ដែលជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ ជាពិសេសស្រុកមុខកំពូល។ លោកបញ្ជាក់ថា ទីតាំងដីដែលមានចំងាយ ១០ ទៅ ១៥ គីឡូម៉ែត្រ ចេញពីតំបន់ជុំវិញគម្រោងអភិវឌ្ឍន៍ធំៗទាំងនេះ អ្នកវិនិយោគអាចទិញចូលក្នុងតម្លៃធូរថ្លៃ តែអាចមានឱកាសទទួលបានចំណេញល្អ។
៣_ កត្តាប្រជាសាស្រ្ត
ប្រជាសាស្រ្តគឺសំដៅដល់ការនិយាយអំពីចំនួនប្រជាជន និងការបរិយាយនៃប្រភេទនៃក្រុមមនុស្សមានដូចជាអាយុ កម្រិតចំណូល មុខរបរ និងទំហំគ្រួសារ។ សម្រាប់អ្នកវិនិយោគអចលនទ្រព្យគេប្រើទិន្នន័យប្រជាសាស្រ្តនេះ ដើម្បីថ្លឹងថ្លែងក្នុងការវិនិយោគ ព្រោះតំបន់ដែលមានចំនួនប្រជាជនរស់នៅច្រើនតែងបង្កើតឱ្យមានសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែលកត្តានេះ នឹងជះឥទិ្ធពលវិជ្ជមានដល់តម្លៃអចលនទ្រព្យ។ ផ្ទុយទៅវិញ, ប្រសិនបើតំបន់ដែលមានចំនួនប្រជាជនរស់នៅតិច នោះលទ្ធភាពនៃការកើនឡើងតម្លៃអចលនទ្រព្យក៏អាចមានអត្រាកំណើនតិចតួចផងដែរ។
៤_ ហេដ្ឋារចនាសម្ព័ន្ធ
ក្រៅពីចំនុចដែលបានរៀបរាប់ខាងលើនេះ ហេដ្ឋារចនាសម្ព័ន្ធ ក៏ជាកត្តារួមចំណែកដល់សំខាន់ដល់កំណើនតម្លៃអចលនទ្រព្យផងដែរ។ កត្តាហេដ្ឋារចនាសម្ព័ន្ធនេះ គឺសំដៅលើការអភិវឌ្ឍផ្លូវថ្នល់, ប្រព័ន្ធទឹក, ភ្លើង ដែលទាំងនេះផ្តល់ភាពចំាបាច់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។
បើតាមបទពិសោធន៍របស់លោកឧកញ៉ា កាង សុធី លោកតែងសិក្សាពីទិដ្ឋភាពទាំងនេះ ហើយលោកបានលើកទឹកចិត្ត ដល់អ្នកវិនិយោគឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសទាក់ទងនឹងទិដ្ឋភាពផ្លូវច្បាប់៕