ភ្នំពេញ៖ ខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយ ជាខណ្ឌដែលមានព្រំប្រទល់ជាប់គ្នា ហើយមានតម្លៃដីប្រហាក់ប្រហែលគ្នា ខណៈខណ្ឌទាំងពីរនេះកំពុងមានការរីកចម្រើនទាក់ទងនឹងការវិនិយោគលើគម្រោងលំនៅឋាន និងអគារពាណិជ្ជកម្មដូចគ្នា។
តាមទិន្ន័យរបស់ក្រុមហ៊ុនឯកទេសខាងទិញ លក់ និងជួលដីធ្លី Century 21 Zillion Holding បានបង្ហាញថា តម្លៃដីទាបបំផុតក្នុងខណ្ឌឬស្សីកែវ មានតម្លៃចាប់ពី ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីខ្ពស់បំផុត ៣ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកខណ្ឌជ្រោយចង្វារមានតម្លៃដីទាបបំផុតមានតម្លៃ ៣០០ ដុល្លារ និងខ្ពស់បំផុត ៣ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
កញ្ញា សូ គុណឌឿន ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌឬស្សីកែវ បានបញ្ជាក់ថា តម្លៃដីទាបបំផុតក្នុងខណ្ឌនេះគឺស្ថិតនៅសង្កាត់ស្វាយប៉ាក ដែលអ្នកវិនិយោគអាចរកទិញដីក្នុងសង្កាត់នេះចាប់ពី ៤០០ ទៅ ១ ២០០ ដុល្លារក្នុនមួយម៉ែត្រការ៉េ។
បើតាមកញ្ញា គុណឌឿន សង្កាត់ទួលសង្កែមានតម្លៃដីខ្ពស់ជាងគេក្នុងខណ្ឌនេះ ដែលអ្នកវិនិយោគអាចរកទិញបានចាប់ពី ៧០០ ទៅ ៣ ៧០០ ដុល្លារក្នុងមួយម៉ែតក្រការ៉េ។
ខណ្ឌឬស្សីកែវមាន៧សង្កាត់ ហើយខណ្ឌនេះស្ថិតនៅតាមបណ្តោយទន្លេសាបត្រើយខាងលិច ចំណែកខណ្ឌជ្រោយចង្វារ មានសង្កាត់ចំនួន ៥ ដែលស្ថិតនៅត្រើយខាងកើតទន្លេសាប។ បច្ចុប្បន្នខណ្ឌនេះមានការក្រុងរណបពីរកំពុងអភិវឌ្ឍន។ (អានបន្ថែម)
លោក ម៉ែន វិជ្ជាការ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា សង្កាត់កោះដាច់មានតម្លៃដីទាបជាងគេ ដែលអ្នកវិនិយោគអាចរកទិញបានចាប់ពី ១០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីតាំងដីដែលមានតម្លៃខ្ពស់ជាងគេក្នុងខណ្ឌនេះ គឺស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ដែលមានតម្លៃចាប់ពី ១ ២០០ ទៅ ៣ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីតាំងដីទាំងនេះសម្រាប់តែទីតាំងដីតាមផ្លូវធំប៉ុណ្ណោះ៕