នៅពីក្រោយភាពជោគជ័យអាជីពសិល្បៈ ម្ចាស់បទ All Of Me ក៏ជាអ្នកវិនិយោគអចលនទ្រព្យដ៏ចំណាន

Bunthoeun Chhut 30/July/2021 11:16
ចែករំលែក

លោក John Legend ជាតន្រ្តីករជនជាតិអាមេរិកដ៏ល្បីឈ្មោះម្នាក់ ជាពិសេសតាមរយៈបទចម្រៀង All of Me ដែលមានអ្នកចូលទស្សនា​លើបណ្តាញសង្គមយូធូបជិត ២ ពាន់លានដងគិតមកដល់បច្ចុប្បន្ន។

ក្រៅពីអាជីព​ជាតន្រ្តីករ លោក John Legend ក៏ជាអ្នកវិនិយោគលើអចលនទ្រព្យដ៏សកម្ម ហើយបានវិនិយោគ​ជាច្រើនកន្លែងនៅសហរដ្ឋអាមេរិក ដែលមានតម្លៃសរុបបូកបញ្ចូលគ្នា​រាប់សិបលានដុល្លារ។

តាមសេចក្តីរាយការណ៍របស់​សារព័ត៌មាន Wall Street Journal  លោក John និងភរិយារបស់លោកដែលជាតារាម៉ូឌែលគឺអ្នកនាង Chrissy Teigen  ទើបតែសម្រេចការលក់​វីឡាដ៏ស្កឹមស្កៃ​មួយកន្លែង នៅ​ក្នុងតំបន់ Beverly Hillls នៃក្រុង Los Angeles រដ្ឋ California។ Beverly Hillls ជាតំបន់ពេញនិយមសម្រាប់ការរស់នៅរបស់តារាហូលីវូដ ដែលបណ្តុំទៅដោយលំនៅឋានប្រណិតៗជាច្រើន។ ​

លោក John និងអ្នកនាង Chrissy Teigen

គូស្វាមីទាំងពីរ​បានទិញវីឡានេះក្នុងតម្លៃ ១៤,១ លានដុល្លារកាលពី ២០១៤ ហើយបាន​លក់ចេញវិញ​បានតម្លៃ ១៦,៨ លានដុល្លារឲ្យទៅ​នាយកប្រតិបត្តិក្រុមហ៊ុនផ្សារហ៊ុនដ៏ធំមួយនៅអាមេរិក​​កាលពីខែ​កក្កដា ឆ្នាំ២០២១នេះ។

ភាគី​ជាអ្នកតំណាង​ទិញ​អចលនទ្រព្យប្រណិតនេះ​គឺ​អ្នកស្រី Joyce Rey ដែល​ជាភ្នាក់ងារអាជីពមកពីក្រុមហ៊ុន Coldwell Banker ដែលជាក្រុមហ៊ុនមានឯកទេសខាងទិញ-លក់​អចលនទ្រព្យប្រណិតៗនៅលើពិភពលោក។ (អានបន្ថែម)

ផ្ទះវីឡាប្រណិតដែលទើបសម្រេចការលក់បាននេះ ស្ថិតក្នុងចំណោមអចលនទ្រព្យជាច្រើនទៀតដែលលោក John បានចំណាយរាប់សិបលានដុល្លារក្នុងការវិនិយោគ​។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក The New York Post  ចេញផ្សាយកាលពីខែ មិថុនា ឆ្នាំ២០២១ លោក John និងអ្នកនាង Chrissy បានចំណាយទឹកប្រាក់ប្រមាណជាង ៥៧ លាន​ដុល្លារ ទិញអចលនទ្រព្យជាច្រើនកន្លែងនៅអាមេរិក។

The News York Post បានកត់ត្រា អចលនទ្រព្យមួយចំនួន ដែលជាការវិនិយោគរបស់​ John និងអ្នកនាង Chrissy ដូចខាងក្រោម​៖

  • នៅខែកញ្ញា ឆ្នាំ២០២០ គូរស្វាមីទាំងពីរ​នេះបានទិញលំនៅឋាន​ប្រណិតមួយកន្លែងក្នុងតំបន់ Beverely Hills ដដែល ក្នុងតម្លៃ​ ១៧,៥ លាន​ដុល្លារ​
  • ក្នុងឆ្នាំ២០១២ ពួកគាត់បានទិញបន្ទប់ស្នាក់នៅគ្រែមួយ មួយយូនីត​ក្នុងអគារខុនដូមួយឈ្មោះថា The Brewster Carriage House ស្ថិតតាមបណ្តោយផ្លូវ Broomer ក្រុង New York​។ តម្លៃយូនីតអាខុដូនាពេលនោះមានតម្លៃ ២,៤៩ លានដុល្លារ​ ហើយអ្នកទាំងពីរបានលក់ចេញវិញក្នុងតម្លៃ ៣,៩៩ លានដុល្លារក្នុងឆ្នាំ២០១៦។
  • ក្នុងឆ្នាំ២០១៨ និង​ឆ្នាំ២០២០ អ្នកទាំងពីរបានទិញយូនីតខុនដូប្រភេទ Penthouse ក្នុងអគារខុនដូដដែល ចំនួនពីរយូនីត​ដែលមានទំហំប្រហែល ៥៧២ ម៉ែត្រការ៉េ (6163 square feet)។ យូនីត Penthouse ទាំងពីរនេះមានតម្លៃសរុបបូកបញ្ចូលគ្នា ១៦,៧២ លានដុល្លារ។
  • ក្នុងខែមេសា ឆ្នាំ ២០១២ អ្នកទាំងពីរបានទិញលំនៅឋាន​ប្រណិតមួយកន្លែងស្ថិតក្នុងតំបន់ទីប្រជុំជន West Hollywood ក្រុង Los Angeles នៃរដ្ឋ California។ ផ្ទះ​នេះមានទំហំផ្ទៃក្រឡាប្រហែល ៣១៩ ម៉ែត្រការ៉េ ដែលអ្នកទាំងពីរទិញនាពេលនោះក្នុងតម្លៃ ៥,១ លានដុល្លារ
  • ក្នុងឆ្នាំ ២០០៧ លោក John បានទិញលំនៅឋានមួយកន្លែងស្ថិតក្នុងតំបន់លំនៅឋាន Hollywood Hills ក្រុង Los Angeles មានតម្លៃ ១,៥ លានដុល្លារ។ ផ្ទះនេះត្រូវបានលក់ចេញវិញក្នុងតម្លៃជាង ២លានដុល្លារ ក្នុងឆ្នាំ២០១៤ ពោលគឺមួយឆ្នាំបន្ទាប់ពីលោក John និងអ្នកនាង Chrissy បានរៀបការជាមួយគ្នា។ ​
  • ក្នុងឆ្នាំ ២០០៩ លោក John បានទិញខុនដូមានបន្ទប់គេងគ្រែពីរ ស្ថិតក្នុងតំបន់ផ្លូវ Bowery ក្រុង New York ក្នុងតម្លៃ ១,៩ លានដុល្លារ ហើយបានលក់ចេញវិញក្នុងតម្លៃ ២,៦៨ លានដុល្លារក្នុង​ឆ្នាំ២០១២។
  • ក្នុងឆ្នាំ២០០៥ លោក John បានទិញយូនីតអាផាតមិនដែលមានបន្ទប់គេងគ្រែពីរក្នុងតម្លៃ ១,៤ លានដុល្លារ។ អាផាតមិននេះ ស្ថិតក្នុងតំបន់ប្រជុំជន East Village ក្រុង Los Angeles៕

វីឡាប្រណិតរបស់លោក លោក John Legend ស្ថិតក្នុងតំបន់ Beverly Hillls ដែលទើបសម្រេចការលក់ក្នុងតម្លៃជិត ១៧ លានដុល្លារ។ រូបថត៖ Wall Street Journal     

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង