ជំងឺរាតត្បាតសកល ដែលបង្កឡើងដោយកូវីដ១៩ កំពុងជំរុញឱ្យប្រជាជនអាមេរិកទិញផ្ទះលម្ហែកាយកាន់តែច្រើនឡើង ដែលគិតត្រឹមបួនខែដំបូងឆ្នាំ ២០២១នេះ (មករា-មេសា) ប្រតិបត្តិការលក់ផ្ទះលម្ហែកាយកើនឡើង ៥៧ ភាគរយ។ នេះបើតាមសមាគមជាតិនៃភ្នាក់ងារអចលនទ្រព្យរបស់សហរដ្ឋអាមេរិក (NAR)។
ស្ថាប័ន NAR បានចេញផ្សាយរបាយការណ៍ថ្មីមួយទាក់ទងនឹងទីផ្សារលំនៅឋានបែបលម្ហែកាយឆ្នាំ២០២១ បានបង្ហាញថា រយៈពេលបួនខែដំបូងឆ្នាំនេះ ចំនួននៃការលក់ផ្ទះមិនមែនប្រភេទលំនៅឋានលម្ហែកាយ (non-vacation home) មានកំណើនតែ ២០ ភាគរយប៉ុណ្ណោះធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ក្នុងឆ្នាំ២០២០ តម្លៃផ្ទះលម្ហែកាយមានកំណើន ១៤ ភាគរយ ស្របពេលដែលផ្ទះមិនមែនលម្ហែកាយមានកំំណើ ១០ ភាគរយ ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍។
លោក Lawrence Yun ប្រធានផ្នែកស្រាវជ្រាវជាន់ខ្ពស់ NAR បានបញ្ជាក់នៅក្នុងរបាយការណ៍នេះថា ផ្ទះលម្ហែកាយកំពុងក្លាយជាទីផ្សារដ៏មានសក្តានុពល ដោយសារតែម្ចាស់ក្រុមហ៊ុនជាច្រើននៅតែបន្តអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចំងាយ។ កត្តានេះលោក Lawrence បញ្ជាក់បន្ថែមថា ផ្ទះលម្ហែកាយនៅតែពេញនិយមក្នុងចំណោមអ្នកទិញ។
តាមការសិក្សា NAR ទីតាំងសំខាន់ៗនៅក្នុងរដ្ឋចំនួន ៤នៅអាមេរិកដូចជារដ្ឋ Florida, Michigan, North Carolina, និងរដ្ឋ Massachusetts ជាតំបន់មានកំណើននៃការលក់ផ្ទះលម្ហែបានច្រើនជាងគេ។ ហើយផ្ទះលម្ហែកាយនៅក្នុងតំបន់ទាំងនេះមានតម្លៃជាមធ្យមជាង ១សែនដុល្លារ ដល់ជាង ១លានដុល្លារ ក្នុងមួយផ្ទះ ឬយូនីត៕