បើទោះបីជាច្បាប់ប្រទេសកម្ពុជារឹតត្បិតសម្រាប់ជនបរទេសក្នុងការមានសិទ្ធទិញដីធ្លី ឬអចលនទ្រព្យជាប់ដីក៏ដោយ តែការអនុវត្តជាក់ស្តែងក៏នៅទុកលទ្ធភាពឱ្យជនបរទេសអាចទិញអចលនទ្រព្យទាំងនោះបានដោយស្របច្បាប់។
នៅក្នុងកិច្ចពិភាក្សាចែករំលែកចំណេះដឹងស្តីពី «ឱកាសការងារ និងវិនិយោគក្នុងវិស័យអចលនទ្រព្យ» កាលពីថ្ងៃចន្ទនេះ អ្នកស្រី ហ្រ្គេស រចនី អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia បានបញ្ជាក់ពីវិធីសាស្រ្តបួនដែលវិនិយោគិនបរទេសតែងអនុវត្តន៍ដើម្បីអាចទិញដីធ្លី និងអចលនទ្រព្យជាប់ដីបានដោយស្របច្បាប់នៅកម្ពុជា។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តសំខាន់ ៤ ដែលអ្នកគួរដឹង៖
១ – ចុះឈ្មោះក្រុមហ៊ុនសាជីវកម្មដែលមានម្ចាស់ជាជនជាតិខ្មែរយ៉ាងហោច ៥១ ភាគរយ (Land Holding Company)៖ លក្ខខណ្ឌនេះគឺត្រូវបានអនុវត្តជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈវិធីនេះ ជនបរទេសអាចកាន់កាប់ដី ក្នុងនាមជាក្រុមហ៊ុនដែលមានសញ្ជាតិជាខ្មែរកាន់កាប់ភាគហ៊ុនយ៉ាងហោច ៥១ ភាគរយហើយជនបរទេសកាន់កាប់៤៩ ភាគរយ។ វិធីនេះតែងប្រើក្នុងករណីមានការវិនិយោគទ្រង់ទ្រាយធំ ហើយជនបរទេស ត្រូវបានការពារសិទ្ធិដោយកិច្ចសន្យាភាគហ៊ុន។
២ – ចូលសញ្ជាតិកម្ពុជា៖ យោងទៅតាមច្បាប់របស់ប្រទេសកម្ពុជា មានតែប្រជាជនខ្មែរប៉ុណ្ណោះដែលមានសិទ្ធកាន់កាប់ដីធ្លី ឬផ្ទះជាប់ដីបាន (បរទេសអាចក្លាយជាម្ចាស់កម្មសិទ្ធផ្ទះចាប់ពីជាន់ទី១ឡើង)។ វិធីសាស្រ្តចូលសញ្ជាតិខ្មែរ អនុញ្ញាតឲ្យជនបរទេសមានសិទ្ធស្របច្បាប់លើអចលនទ្រព្យ ហើយវិធីសាស្រ្តនេះវិនិយោគិនចិនពេញនិយមអនុវត្តនៅពេលទិញដី និងអចលនទ្រព្យនៅកម្ពុជា។
៣ – រកអ្នកតំណាងជាជនជាតិកម្ពុជា៖ ជនបរទេសត្រូវរកអ្នកតំណាងជាជនជាតិខ្មែរ ដើម្បីធ្វើការទិញដីឬផ្ទះដោយស្របច្បាប់។ សិទ្ធកាន់កាប់គឺត្រូវប្រើឈ្មោះអ្នកតំណាង ដូច្នេះជនបរទេសនិងអ្នកតំណាងត្រូវធ្វើកិច្ចព្រមព្រៀងផ្ទាល់ខ្លួន។ វិធីនេះមានភាពងាយស្រួល ទន្ទឹមនិងនេះក៏អាចផ្តល់ហានិភ័យដល់ជនបរទេសផងដែរ ជាពិសេសនៅពេលដែលពួកគេមិនអាចរកអ្នកតំណាងដែលគួរឲ្យទុកចិត្ត។ ដូច្នេះជនបរទេសគួរតែជ្រើសរើសអ្នកតំណាងពីក្រុមហ៊ុនដែលមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការផ្តល់សេវាកម្មនេះ។
៤ – ទិញតាមក្រុមហ៊ុនបរធនបាល (ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស) ឬភាសាអង់គ្លេសហៅថា Trust Company៖ យោងតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ ជនបរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។
ក្រុមហ៊ុនបរធនបាលដើរតួជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់ បន្តឡើយ ទោះជាដីនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ។ ការទិញដោយវិធីនេះ ជនបរទេសតែងមានទំនុកចិត្តខ្ពស់។
នៅកម្ពុជា ក្រុមហ៊ុន Zillion Trust PLC គឺជាក្រុមហ៊ុនបរធនបាល មួយដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលស្គាល់ពេញលេញដោយនិយ័តករមូលបត្រកម្ពុជា (SERC) ដែលអាចជាតំណាងដ៏ស័ក្តិសមសម្រាប់ជនបរទេសក្នុងការទិញដី និងអចលនទ្រព្យផ្សេងៗ៕