ការវិនិយោគអចលនទ្រព្យនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៦ ខែដំបូងឆ្នាំ២០២១ (មករា-មិថុនា) ដោយមានប្រតិបត្តិការទិញ-លក់អចលនទ្រព្យក្នុងតម្លៃជាទឹកប្រាក់ជាង ៨៣ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ JLL ។
តំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន៤៨ ប្រទេស ដែលកម្ពុជាក៏ស្ថិតនៅតំបន់នេះផងដែរ ហើយទិន្នន័យទិញ-លក់អចលនទ្រព្យដែលមានទឹកប្រាក់ជាង៨៣ ពាន់លានដុល្លារនេះគឺជាការបូកបញ្ចូលគ្នានៃទឹកប្រាក់ពីប្រទេសទាំង ៤៨ សម្រាប់ប្រតិបត្តិការក្នុងឆមាសទី១ ឆ្នាំ២០២១។
ក្រុមហ៊ុន JLL មានទីស្នាក់កណ្តាលនៅរដ្ឋ Illinois សហរដ្ឋអាមេរិក ចេញផ្សាយរបាយការណ៍កាលពីសប្តាហ៍មុន បានបង្ហាញថា ទំហំទឹកប្រាក់នេះកើនឡើងជិត ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមការបញ្ជាក់ពីក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន JLL អ្នកវិនិយោគចាប់ផ្តើមបង្កើនទុនវិនិយោគ ដោយមើលឃើញពីសញ្ញាវិជ្ជមានក្នុងទីផ្សារនេះ។
លោក Stuart Crow នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុន JLL ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែង៖ «យើងរំពឺងថា នៅក្នុងឆមាសទី២ឆ្នាំនេះ សកម្មភាពនៃការវិនិយោគអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមានកំណើនច្រើជាងឆមាសទី១ ដោយសារវិនិយោគិនបង្កើនឱកាសចាប់យកចំណែកទីផ្សារសំខាន់ៗដូចជា អលចនទ្រព្យឧស្សាហកម្ម ពាណិជ្ជកម្ម និងអចលនទ្រព្យភស្តភារកម្មជាដើម (ដឹកជញ្ជូន)។»
តាមរបាយការណ៍ ប្រទេសចិន អូស្រ្តាលី និងកូរ៉េខាងត្បូង មានការទិញ លក់ច្រើនជាងគេ ដែលទីផ្សារប្រទេសទាំងនេះបូកបញ្ជូលគ្នាមានចំណែកជិត ៧០ ភាគរយនៃទំហំប្រតិបត្តិការទិញ-លក់សរុបទាំង ៨៣ ពាន់លានដុល្លារ។ ប្រភពដដែលបានបញ្ជាក់ថា វិនិយោគិនភាគច្រើនផ្តោតលើការវិនិយោគអចលនទ្រព្យឧស្សាហកម្ម វិស័យលក់រាយ អគារការិយាល័យ និងភស្តុភារកម្ម ។
ទំនុកចិត្តរបស់អ្នកវិនិយោគនាពេលនេះ បានធ្វើឱ្យក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន JLL រក្សាជំហរការព្យាករណ៍របស់ខ្លួនអំពីទំហំទឹកប្រាក់នៃការវិនិយោគវិនិយោគអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកពេញមួយឆ្នាំ២០២១នេះ នឹងមានកំណើនចន្លោះពី ១៥ ទៅ ២០ ភាគរយ ធៀបនឹងឆ្នាំ២០២០៕