ទីតាំងដីសម្រាប់លំនៅឋានក្រុងហូជីមិញ ប្រហាក់ប្រហែលតំបន់ពាណិជ្ជកម្មមួយនៅភ្នំពេញ

Bunthoeun Chhut 26/July/2021 17:46
ចែករំលែក

ភ្នំពេញ៖  ទីតាំងដីសម្រាប់សាងសង់លំនៅឋានក្នុងក្រុងហូជីមិញប្រទេសវៀតណាមមានតម្លៃជាមធ្យមជិត ៦ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ​។ នេះបើ​តាម​ទិន្ន័យ​ទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុន JLL Vietnam។

តម្លៃនេះប្រហាក់ប្រហែលនឹងតម្លៃ​ដីធ្លីនៅតំបន់​សម្រាប់ពាណិជ្ជកម្មនៅភ្នំពេញគឺខណ្ឌទួលគោក ដែលមានតម្លៃជាង ៦ ០០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េដែរសម្រាប់ទីតាំងលើ​ផ្លូវធំ។

ខណ្ឌទួលគោកជាតំបន់ទើបផ្លាស់ប្តូរមុខមាត់ថ្មីពីតំបន់លំនៅដ្ឋាន មកជាតំបន់ពាណិជ្ជកម្ម ដោយអ្នកជំនាញអចលនទ្រព្យបញ្ជាក់ថា​ខណ្ឌនេះនឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏លេចធ្លោ​នៅភ្នំពេញនៅរយៈពេល ៥ ឆ្នាំខាងមុខ។

តាមសន្ទស្សន៍ដីធ្លីរបស់ក្រុមហ៊ុន Vtrust Appraisal តំបន់ដែលមានតម្លៃដីខ្ពស់ជាងគេនៅរាជធានីភ្នំពេញមានដូចជាខណ្ឌប្រាំពីរមករា ដែលមានតម្លៃខ្ពស់បំផុត ៩ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកខណ្ឌបឹងកេងកង និងខណ្ឌដូនពេញវិញមានតម្លៃខ្ពស់បំផុត ៨ ០០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ។

សារព័ត៌មានក្នុងស្រុកវៀតណាមបានរាយការណ៍ដោយយោងតាម​ទិន្ន័យ​​ក្រុមហ៊ុន JLL Vietnam បានឱ្យដឹងថាគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២១ ទីតាំងដីសម្រាប់សាងសង់លំនៅដ្ឋាន (townhouse)  និងវីឡា​ មានតម្លៃជាមធ្យម ៥ ៧០០​ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ប្រភពដដែល បានបញ្ជាក់ថា ខេត្តដែលនៅជាប់នឹងក្រុងហូជីមិញមានដូចជាខេត្ត Long An, Dong Nai, Binh Duong និងខេត្ត Ba Ria-Vung Tau មានតម្លៃដីជាមធ្យម​ចន្លោះពី ១ ៨០០ ទៅ ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទីតាំងដីក្នុងក្រុងហូជីមិញ និងខេត្តទាំងបួននេះ សុទ្ធតែជាតំបន់ដែលមានតម្រូវការដីសម្រាប់សាងសង់លំនៅឋាន។ ជាក់ស្តែង ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ក្រុងហូជីមិញ និងខេត្តទាំងបួននេះ មានគម្រោងលំនៅឋានបូកបញ្ចូលគ្នាចំនួន ១ ៨៤៣ ខ្នង បានប្រកាសបើកលក់ក្នុងទីផ្សារ។ ​

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង