ការទិញ-លក់អចលនទ្រព្យនៅហុងកុងកើនឡើងមិនធ្លាប់មានក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយ

Bunthoeun Chhut 23/July/2021 13:42
ចែករំលែក

ប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅហុងកុង​គិតចាប់ពីខែមករា ដល់ខែមិថុនា​ ឆ្នាំ២០២១ មានទំហំទឹកប្រាក់ដល់ទៅជាង ៦០ ពាន់លានដុល្លារ  ដែលជាទំហំ​ខ្ពស់បំផុតមិនធ្លាប់មាន​នៅហុង កុង ក្នុង​រយៈពេល២៤ឆ្នាំចុងក្រោយនេះ​។

សារព័ត៌មាន South China Morning Post បានរាយការណ៍ដោយដកស្រង់ទិន្នន័យស្រាវជ្រាវរបស់​ក្រុមហ៊ុនអចលនទ្រព្យ​ហុងកុង​ Midland Realty ហើយបញ្ជាក់ថា ក្នុង​រយៈពេល ៦ ខែដំបូង​ឆ្នាំ២០២១ ការទិញ-លក់អចលនទ្រព្យនៅហុងកុង​រួមមានអចលនទ្រព្យពាណិជ្ជកម្ម, ឧស្សាហកម្ម, ចំណតឡាន​ និងអចលនទ្រព្យលំនៅឋាន (secondary housing) មានទំហំទឹកប្រាក់បូកបញ្ជូលគ្នាដល់ទៅ ៦០,៤ ពាន់លានដុល្លារ​ កើនឡើងប្រមាណ ៧៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

ប្រតិបត្តិការទិញ-លក់​នេះ មានទំហំខ្ពស់បំផុត​ដែលធ្លាប់​មានកាលពីពាក់កណ្តាលឆ្នាំ ១៩៩៧  ពោលគឺ​រយៈពេល២៤ ឆ្នាំមុន ដែលពេលនោះការទិញ-លក់អចលនទ្រព្យនៅហុងកុង មានទំហំទឹកប្រាក់ដល់ទៅជាង ៦២ ពាន់លានដុល្លារ។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា សកម្មភាពទិញ-លក់អចលនទ្រព្យដ៏កក្រើក​នេះ​ កើតមានឡើងស្របពេលដែលសេដ្ឋកិច្ចនៅហុងកុង បានវិលមករកកំណើនល្អឡើងវិញ។ ហើយក្នុងចំណោមនៃការទិញ-លក់អចលនទ្រព្យ វិនិយោគិនភាគច្រើនផ្តោតលើទីផ្សារលំនៅឋាន ដែលទីផ្សារនេះមានចំណែកដល់ទៅ ៦០ ភាគរយ នៃប្រតិបត្តិការទិញ-លក់សរុបជាង ៦០ពាន់លានដុល្លារ។

លោក Buggle Lau Kai-fai ប្រធានផ្នែកវិភាគទិន្ន័យនៃក្រុមហ៊ុន Midland Realty បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យបានស្ទុះងើបឡើងវិញហើយនាពេលបច្ចុប្បន្ន ទោះ​បីស្ថានភាពជំងឺរាតត្បាតសកលបង្កឡើងដោយជំងឺកូវីដ១៩ បន្តកើតមាននៅលើពិភពលោកក្តី។ លោកបញ្ជាក់បន្ថែមថា៖ «ទាំងទំំហំទឹកប្រាក់ និងចំនួនប្រតិបត្តិការទិញលក់អចលនទ្រព្យមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយយើងឃើញថាទីផ្សារលំនៅឋានជាកម្លាំងជំរុញដ៏សំខាន់​នៅក្នុងកំណើនប្រតិបត្តិការទិញលក់នេះ។»

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង