ក្រុមអ្នកវិនិយោគកាន់តែច្រើនឡើងកំពុងចាប់យកឱកាសពីការវិនិយោគលំនៅឋានសម្រាប់និវត្តជន ស្របពេលចំនួនប្រជាជនវ័យចំណាស់កាន់តែច្រើនឡើងនៅប្រទេសចិន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg។
ក្រុមហ៊ុន Lendlease Corp Ltd., ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ មានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានបោះទុនវិនិយោគ ២៨០ លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងលំនៅឋានបែបសហគមន៍សម្រាប់និវត្តជនមួយកន្លែងនៅក្រុង សៀងហៃ ហើយគម្រោងនេះមានឈ្មោះថា Ador Garden។
ក្រុមហ៊ុន Lendlease ស្ថិតក្នុងចំណោមក្រុមហ៊ុនវិនិយោគជាច្រើនទៀត ដែលមើលឃើញពីបរិយាកាសគោលនយោបាយ ក្នុងការចាប់យកចំណែកទីផ្សារនេះ ស្របពេលដែលរដ្ឋាភិបាលចិនកំពុងដាក់ចេញគោលនយោបាយក្នុងការដោះសា្រយបញ្ហាប្រឈមទាក់ទងនឹងកំណើននៃប្រជាជនវ័យចំណាស់។

ប្លង់គំរូនៃគម្រោងអភិវឌ្ឍន៍លំនៅឋានសហគមន៍សម្រាប់អ្នកចូលនិវត្តន៍របស់ក្រុមហ៊ុន Lendlease
លោក Ding Hui ប្រធានក្រុមហ៊ុន Lendlease បានថ្លែងថា តម្រូវការក្នុងទីផ្សារនេះនឹងកាន់តែមានកំណើនខ្ពស់ បើគិតពី១០ឆ្នាំខាងមុខ ធៀបនឹងបច្ចុប្បន្ន។ លោកបន្តថា៖ «បើរង់ចាំ១០ ឆ្នាំទៀត ទើបចាប់ផ្តើមគិត…ចាប់ផ្តើមធ្វើ ប្រហែលពេលនោះយឺតពេលបាត់ទៅហើយ ក្នុងការចាប់យកឱកាសបែបនេះ»។
យោងតាមទិន្ន័យទាក់ទងនឹងតួរលេខបច្ចុប្បន្នភាពនៃចំនួនប្រជានជនចិន បានឱ្យដឹងថា ប្រជាជនចិនដែលមានអាយុ ៦០ ឆ្នាំនិងលើសនេះ បានកើនឡើង ៤៧ ភាគរយ នាយរៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ឬស្មើនឹងចំនួន ២៦០ លាននាក់។ ចំនួននេះស្មើនឹងជាង ១៨ ភាគរយ នៃចំនួនប្រជាជនចិនសរុបប្រមាណ ១,៤ ពាន់លាននាក់គិតត្រឹមឆ្នាំ២០២០។ ទិន្ន័យដដែលព្យការណ៍ថា ចំនួនអ្នកចូលនិវត្តន៍នេះនឹងអាចកើនដល់ ៥០០ លាននាក់នៅត្រឹមឆ្នាំ ២០៥០ ពោលគឺកើនឡើងជិតពីរដង ធៀបនឹងចំនួនបច្ចុប្បន្ន ២៦០ លាននាក់។
សេចក្តីរាយការណ៍ Bloomberg បានបញ្ជាក់ថា រដ្ឋាភិបាលចិនកំពុងតែរៀបចំផែនការលម្អិតលើការពង្រឹងយកចិត្តទុកដាក់អ្នកចូលនិវត្តន៍ (senior-care sector) ហើយផែនការនេះនឹងផ្តោតលើការចំណាយចាំបាច់ និងសេវាកម្មប្រើប្រាស់ផ្សេងៗរបស់និវត្តជន។
មានក្រុមហ៊ុនវិនិយោគបរទេស និងអ្នកវិនិយោគក្នុងស្រុកជាច្រើនទៀត ដែលកំពុងចាប់ផ្តើមវិនិយោគលើលំនៅឋាន និងសេវកម្ម សម្រាប់អ្នកចូលនិវត្តនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋប្រទេសសឹង្ហបុរី Temasek Holdings Pte, ក្រុមហ៊ុនអាមេរិក Columbia Pacific Management និងក្រុមហ៊ុន Fortess Investemnt Group ជាដើម។
លោក William Tang ដែលជានិវត្តជនមួយរូប ក្នុងចំណោមនិវត្តជនជាច្រើនរូបទៀត បានចំណាយទឹកប្រាក់ ២២០ ០០០ ដុល្លារ ដើម្បីជួលអាផាតមិនដែលមានបន្ទប់គេងគ្រែពីរ នៅក្នុងគម្រោង Ador Garden ក្រុមហ៊ុន Lendlease Corp Ltd។ បច្ចុប្បន្នលោក Tang មានវ័យ៧០ ឆ្នាំ ហើយលោកបានជួលអាផាតមិន នៅក្នុងគម្រោងលំនៅឋានសហគមន៍និវត្តជននេះរយៈពេល ១៥ឆ្នាំ ដែលលោកនឹងចាប់ផ្តើមទៅរស់នៅទីនោះចាប់ពីខែកញ្ញា ខាងមុខនេះ៕