ភ្នំពេញ៖ ដីធ្លីគឺជាប្រភេទអចលនទ្រព្យដែលទទួលបានការពេញវិនិយមវិនិយោគជាងគេក្នុងចំណោមវិនិយោគិនបរទេសមកកម្ពុជា ធៀបនឹងប្រភេទអចលនទ្រព្យផ្សេងទៀត។ នេះបើយោងតាមការបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។
ថ្លែងក្នុងកិច្ចពិភាក្សាប្រចាំសប្តាហ៍ទាក់ទងនឹង «វិនិយោគិនបរទេសនៅកម្ពុជាក្នុងវិស័យអចលនទ្រព្យ» ដែលរៀបចំដោយព័ត៌មានអចលនទ្រព្យ Z1News កាលពីថ្ងៃទី ១៩ កក្កដា អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានបញ្ជាក់ថា វិនិយោគិនបរទេសមកបណ្តាក់ទុនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា មានទម្រង់ផ្សេងៗគ្នា ហើយជាទូទៅពួកគេចាប់អារម្មណ៍ការវិនិយោគលើដីធ្លី ដោយសារមានឱកាសទទួលចំណេញច្រើន ធៀបនឹងអចលនទ្រព្យពាណិជ្ជកម្ម។ អ្នកស្រីបន្តថា ប្រភេទផ្សេងទៀតដែលវិនិយោគិនបរទេសវិនិយោគក្នុងវិស័យអចលនទ្រព្យមានដូចជាការវិនិយោគសម្រាប់អភិវឌ្ឍន៍ជាសំណង់លំនៅឋាន ខុនដូ បុរី ឬជាអគារពាណិជ្ជកម្ម។
អ្នកស្រីថ្លែងថា៖ «យើងសង្កេតឃើញថា ការវិនិយោគពីក្រៅប្រទេសដែលមកវិនិយោគនៅកម្ពុជាភាគច្រើនគាត់ទិញដី ដោយសារការវិនិយោគលើដី [តាមទីតាំងសំខាន់ៗ] មានឱកាសទទួលផលចំណេញច្រើនជាង ប្រភេទអចលនទ្រព្យពាណិជ្ជកម្មខ្លះទៀតផង។»

អ្នកស្រី ហ្គ្រេស រចនី និងលោក ច្រឹក សុខនីម ដែលបានចូលរួមក្នុងកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ
អ្នកស្រីបានលើកយកឧទារហ៍ជាក់ស្តែង ពីទីតាំងដីស្ថិតនៅតាមបណ្តោយមហាវីថី ៦០ម៉ែត្រ ដែលមានតម្លៃក្រោម ១ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីអំឡុងឆ្នាំ ២០១៧។ បច្ចុប្បន្នតំបន់ផ្លូវ ៦០ ម៉ែត្រ កំពុងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីក្នុងរាជធានីភ្នំពេញ ហើយតម្លៃដីវិញបានកើនដល់ប្រមាណ ១ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកជំនាញរូបនេះក៏បានលើកឡើងដែរថា តំបន់ទួលគោកជាទីតាំងដែលការវិនិយោគ នឹងទទួលផលចំណេញខ្ពស់ ដោយសារតំបន់នេះនឹងក្លាយជាបឹងកេងកងទី ២ នៅរយៈពេលប្រាំឆ្នាំខាងមុខ។ បឹងកេងកង ជាតំបន់ពាណិជ្ជកម្ម (CBD) ក្នុងរាជធានីភ្នំពេញ។ ការវិឌ្ឍដ៏ឆាប់រហ័សនៃតំបន់ទួលគោកនេះ អ្នកស្រីមើលឃើញថា នឹងធ្វើឱ្យតម្លៃដីកើនពី ៣ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េបច្ចុប្បន្ន ដល់ ៦ ៥០០ ទៅ ៧ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅប្រាំឆ្នាំខាងមុខ។
យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDIs) នៅកម្ពុជាកាលពីឆ្នាំ ២០២០ មានចំនួនសរុប ៣ពាន់លានដុល្លារ។ ក្នុងចំណោមទុនវិនិយោគសរុប ទុនវិនិយោគទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ មានចំណែកដល់ទៅ ១៧ ភាគរយ, វិស័យកម្មន្តសាលមានចំណែក ១៦,២ ភាគរយ ស្របពេលដែលវិស័យហិរញ្ញវត្ថុមានចំណែកដល់ទៅ ១/៣ នៃទុនវិនិយោគសរុប។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះដែរ បានថ្លែងថា វិនិយោគិនបរទេសដែលមកវិនិយោគនៅកម្ពុជាបែងចែកជាពីរប្រភេទ គឺការវិនិយោគជាលក្ខណៈបុគ្គល និងការវិនិយោគតាមរយៈការបង្កើតជាក្រុមហ៊ុនសាជីវកម្ម (corporation)។
តាមរយៈបទពិសោធន៍ដែលលោកធ្លាប់បានទំនាក់ទំនងជាមួយវិនិយោគិនបរទេសជាច្រើននៅកម្ពុជាកន្លងមក លោក សុខនីម បានបញ្ជាក់ថា៖ «វិនិយោគិនបរទេសដែលវិនិយោគជាលក្ខណៈបុគ្គលភាគច្រើនផ្តោតលើការទិញអលនទ្រព្យលំនៅឋាន និងទីតាំងដីធ្លីតូចល្មម។ ចំណែកឯវិនិយោគិនបរទេសដែលវិនិយោគជាលក្ខណៈក្រុមហ៊ុនវិញ ផ្តោតលើទីតាំងដីធំៗ សម្រាប់ទុកអភិវឌ្ឍន៍ទៅតាមស្ថានភាពទីផ្សារជាក់ស្តែង»៕