ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗចំនួនបីនៅក្នុងប្រទេសថៃកាលពីពេលថ្មីៗនេះ បានអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់លុយឌីជីថល Crypto ដើម្បីទូទាត់ក្នុងការទិញផ្ទះ ដែលជាការសម្របខ្លួនថ្មីមួយក្នុងការប្រើប្រាស់រូបិយប័ណ្ណឌីជីថល។
យោងតាមសេចក្តីរាយការណ៍ការសែត Bangkok Post ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទាំងបីនេះមានដូចជាក្រុមហ៊ុន AssetWise, SC Asset Corporation Plc និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri Plc។
ប្រភពដែលបានបញ្ជាក់ថា ក្រុមហ៊ុន AssetWise ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនប្រទេសថៃ បានសហការជាមួយក្រុមហ៊ុនរូបិយបណ្ណឌីជីថលក្នុងស្រុករបស់ថៃឈ្មោះ Bitkub Capital Group Holdings ដើម្បីឱ្យអតិថិជនអាចប្រើប្រាស់លុយឌីជីថល Crypto ក្នុងការទិញផ្ទះនៅក្នុងគម្រោងរបស់ក្រុមហ៊ុននេះ។
លោក Kromchet Vipanpong នាយកប្រតិបត្តិក្រុមហ៊ុន AssetWise បានថ្លែងប្រាប់ការសែត Bangkok Post ថា ការដាក់ឱ្យប្រើប្រាស់លុយឌីជីថល Crypto នេះនឹងផ្តល់ជម្រើសកាន់តែប្រសើរ បន្ថែមលើការទូទាត់ជាសាច់ប្រាក់ និងតាមរយៈបណ្ណធនាគារ (credit card) ដល់អតិថិជន។
លោកបញ្ជាក់ថា៖ «ការទូទាត់តាមរយៈលុយឌីជីថល Crypto នេះ អតិថិជនចំណាយថ្លៃសេវាទាបមែនទែនត្រឹមតែ ០,២៥ ភាគរយ ធៀបជាមួយនឹងការទូទាត់តាមបណ្ណធនាគារវិញគឺ ២ ទៅ ៣ ភាគរយឯណោះ។» លោកបន្ថែមថា ភ្លាមៗបន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មានអតិថិជនពីររូបបានសម្រេចចុះឈ្មោះបង់ប្រាក់ប្រចាំខែ ដោយប្រើប្រាស់រូបិយបណ្ណឌីជីថល Ethereum (ប្រភេទលុយ Crypto) ក្នុងការទិញខុនដូ។
រូបិយបណ្ណឌីជីថល Crypto គឺជារូបិយបណ្ណថ្មីដែលអ្នកប្រើប្រាស់អាចទូទាត់ក្នុងការទិញទំនិញ ឬបង់ថ្លៃសេវាកម្មផ្សេងៗ តាមប្រព័ន្ធអនឡាញ។ រូបិយបណ្ណ Crypto មានច្រើនប្រភេទផ្សេងគ្នាដូចជា Bitcoin, Ethereum, USDC និងUSDT ជាដើម ដែលរូបិយឌីជីថលទាំងនេះកំពុងពេញនិយមក្នុងការជួញដូរលើទីផ្សារអន្តរជាតិ។ បើគិតជាមូលធនទីផ្សារ (market cap) ការជួញដូរ Bitcoin មានទំហំទឹកប្រាក់ច្រើនជាងគេដល់ទៅ ៦១៦ ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១។
SC Asset Corporation Plc ក៏បានសហការជាមួយក្រុមហ៊ុន Bitkub Capital Group Holdings ដើម្បីឱ្យអតិថិជនប្រើប្រាស់លុយឌីជីថល Crypto អាចទិញផ្ទះនៅក្នុងគម្រោងរបស់ក្រុមហ៊ុននេះផងដែរ។
កាលពីដើមខែ កក្កដា នេះក្រុមហ៊ុន Sansiri Plc ក៏បានសហការជាមួយក្រុមហ៊ុន XSpring Digital ដើម្បីដាក់ឱ្យប្រើប្រាស់ការទូទាត់តាមលុយឌីជីថល Crypto ដែលក្រុមហ៊ុនអចលនទ្រព្យនេះរំពឹងថា នឹងជួយបង្កើនចំណូល ដោយសារថាការប្រើប្រាស់ Crypto កំពុងពេញនិយមក្នុងចំណោមយុវជន។
ទោះយ៉ាងណាលោក Srettha Thavisin ប្រធានក្រុមហ៊ុន Sansiri Plc បានបញ្ជាក់ថាការទូទាត់តាម Crypto នេះអនុញ្ញាតតែអតិថិជនក្នុងស្រុកប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ លោកបញ្ជាក់ថា៖ «ប្រសិនបើនិយ័តករផ្សារហ៊ុន និងអាជ្ញាធរ អនុញ្ញាតជនបរទេសប្រើប្រាស់ Crypto ដើម្បីទិញគម្រោងលំនៅឋាន នោះជារឿងល្អដោយសារតែជនបរទេសមានចំណែកទីផ្សារដ៏ធំនៅក្នុងគម្រោងរបស់យើង។»