អ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងចាប់អារម្មណ៍ខ្លាំងលើការវិនិយោគលំនៅឋានក្នុងសង្កាត់ពីរនៅខណ្ឌកំបូល

Bunthoeun Chhut 19/July/2021 16:13
ចែករំលែក

ភ្នំពេញ៖ សង្កាត់ស្នោរ និងសង្កាត់ឳឡោកកំពុងក្លាយជាតំបន់មានការរីកដុះដាលច្រើនជាងគេក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន បើធៀបនឹងសង្កាត់ផ្សេងៗទៀតក្នុងខណ្ឌកំបូល។ នេះបើតាមអ្នកឯកទេសដីធ្លីក្នុងខណ្ឌកំបូល។

លោក អ៊ឹង  ប៊ុនហួត ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌកំបូល បានឱ្យដឹងថា សង្កាត់ទាំងពីរបូកបញ្ចូលគ្នា​មានគម្រោងលំនៅឋានសរុបជាង២០ គម្រោង ដែលក្នុងនោះសង្កាត់​ស្នោរមានការវិនិយោគច្រើនទៅលើប្រភេទផ្ទះដីឡូត៍ (ក្រុមហ៊ុនអភិវឌ្ឍន៍ឲ្យឈ្មោះថាផ្ទះវីឡា) ចំណែកសង្កាត់ឳឡោកវិញភាគច្រើនជាបណ្តុំផ្ទះល្វែង​។

បើតាម លោកប៊ុនហួត ប្រភេទផ្ទះដីឡូត៍​ក្នុងសង្កាត់ស្នោរមានតម្លៃ​ចាប់ពី ៥ម៉ឺនដុល្លារ ទៅ ១០ម៉ឺនដុល្លារក្នុងមួយខ្នង ចំណែកផ្ទះល្វែងក្នុងសង្កាត់ឳឡោកវិញមានតម្លៃចាប់ពី ៧ម៉ឺនទៅ ១០ម៉ឺនដុល្លារក្នុងមួយខ្នង។

ប្រភេទផ្ទះដីឡូត៍ ស្ថិតក្នុងសង្កាត់ស្នោរ ដែលក្រុមហ៊ុនអភិវឌ្ឍន៍ឲ្យឈ្មោះថាប្រភេទផ្ទះវីឡា

លោកប៊ុនហួត ដែលចុះស្រាវជ្រាវទីផ្សារដីធ្លីក្នុងខណ្ឌកំបូល បានបញ្ជាក់ថាការរីកចម្រើនគម្រោងលំនៅឋានក្នុងសង្កាត់ទាំងពីរនេះ​ ដោយសារតែមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលជំរុញឱ្យមានការកំណើននៃការស់នៅ និងការធ្វើអាជីវកម្មផ្សេងៗ។ ស្របពេលដែលតម្លៃដី​ក្នុងសង្កាត់ទាំងពីរនេះមានតម្លៃធូរថ្លៃនៅឡើយ ធៀបនឹងសង្កាត់កំបូល ដែលជាតំបន់មានការអភិវឌ្ឍលំនៅឋានបុរីលេចធ្លោមួយផងដែរក្នុងខណ្ឌនេះ។

​ជាក់ស្តែង តម្លៃដីសម្រាប់ការសាងសង់លំនៅឋានក្នុងសង្កាត់ស្នោរមានតម្លៃទាបបំផុត ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉ និងខ្ពស់បំផុត ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯទីតាំងដីសម្រាប់សាងសង់លំនៅឋានក្នុងសង្កាត់ឳឡោកវិញ អ្នកវិនិយោគអាចរកទិញបានចាប់ពី ១២០ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ឳឡោក ជាតំបន់មានតម្លៃដីទាបជាងគេបង្អស់ក្នុងខណ្ឌកំបូល។

សង្កាត់ស្នោរ និងសង្កាត់ឳឡោក ស្ថិតក្នុងចំណោមសង្កាត់៥ ផ្សេងទៀតក្នុងខណ្ឌកំបូល ដែលរួមមានសង្កាត់ ភ្លើងឆេះរទេះ បឹងធំ ប្រទះឡាង  កន្ទោក និងសង្កាត់កំបូល។ ខណ្ឌនេះត្រូវបានរដ្ឋាភិបាលបង្កើតឡើងកាលពីខែ មករា ឆ្នាំ២០១៩៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង