អចលនទ្រព្យតម្លៃខ្ពស់កប់ពពកនៅសឹង្ហបុរីនៅតែមានតម្រូវការខ្លាំងឆ្លុះបញ្ជាំងពីទំនុកចិត្តខ្ពស់

Bunthoeun Chhut 15/July/2021 19:20
ចែករំលែក

តម្រូវការអចលនទ្រព្យដែល​មានតម្លៃខ្ពស់កប់ពពក នៅ​បន្ត​កើនឡើង​​ខ្លាំងនៅសឹង្ហបុរី ដោយភាគច្រើនគឺជាការទិញពី​​ក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភពីវិស័យបច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ។

នេះជាសញ្ញាល្អមួយបង្ហាញថាទីផ្សារអចលនទ្រព្យនៅសឹង្ហបុរីនៅតែមានកំណើនរឹងមាំ ទោះបីក្នុងស្ថានភាពមិនអំណោយផលពីវិបត្តិជំងឺកូវីដ ១៩ ក្តី។

គ្រាន់តែក្នុងចន្លោះពីខែមីនា ដល់​ដើមខែកក្កដានេះ សារព័ត៌មានផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យនៅសឹង្ហបុរីបានរាយការណ៍ជាបន្តបន្ទាប់ពីករណីទិញផ្ទះ​តម្លៃខ្ពស់ជាងគេនៅសឹង្ហបុរីបីកន្លែង ដែលផ្ទះទាំងបីនេះមាន​តម្លៃបូកបញ្ចូលគ្នាជិត ២០០ លានដុល្លារ។

ខាងក្រោមនេះ​គឺជាការទិញផ្ទះនៅតំបន់មាន​តម្លៃខ្ពស់ជាងគេនៅសឹង្ហបុរី (GCB) ទាំងបីកន្លែង៖

១_ កាលពីថ្ងៃសុក្រសប្តាហ៍មុន សារព័ត៌មាន Business Times របស់សឹង្ហបុរីបានរាយការណ៍ថា អ្នកស្រី Chloe Tong ដែលជា​ភរិយា​លោក Anthony Tan ជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Grab បានទិញអចលនទ្រព្យនៅក្នុងតំបន់ Bin Tong Park តម្លៃរហូតដល់ទៅ ៤០ លានដុល្លារ។ ​អចលនទ្រព្យដែលទើបទិញ​នេះស្ថិតនៅ​តំបន់ (GCB) ដែលជាតំបន់​មាន​តម្លៃដីនិងផ្ទះ​ខ្ពស់ជាងគេបំផុត​នៅសឹង្ហបុរី។  តំបន់នេះមានទីតាំងស្ថិតនៅក្នុងសង្កាត់ទី ១០ ដែលជាទូទៅជាប់នឹងតំបន់លំនៅឋានរបស់ក្រុម​អ្នកមានបំផុត គឺនៅជិតភូមិ Holland និងឧទ្យាន Leedon ។ យោងតាម Business Times បច្ចុប្បន្នមានតំបន់ GCB ចំនួន ៣៩ នៅក្នុងប្រទេសសិង្ហបុរីដែលត្រូវបានកំណត់ថាជាតំបន់ដែលមានគោលការណ៍តឹងរឹងបំផុតកំណត់ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងរបស់សឹង្ហបុរី​ (URA)។

អ្នកស្រី Chloe Tong និងលោក Anthony Tan

២_ លោកស្រី Jin Xiao Qun ដែល​ជាភរិយារបស់ស្ថាបនិកក្រុមហ៊ុន​បច្ចេកវិទ្យា Nanofilm Technologies International បានចំណាយប្រាក់ចំនួន ៩៥,៦ លានដុល្លារអាមេរិក ទិញផ្ទះមួយនៅលើផ្លូវ Nassim ដែល​ស្ថិតនៅ​ក្នុង​តំបន់ (GCB) ដែរ ព្រមទាំង​ជាផ្លូវដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសសិង្ហបុរី។ ផ្លូវនេះ​នៅជួរជាមួយនិងស្ថានទូតនិងផ្ទះដែលមានតម្លៃរាប់លានដុល្លារ។ របាយការណ៍របស់ EdgeProp ដែលជាគេហទំព័រព័ត៌មាន និង​ទិន្នន័យអចលនទ្រព្យនៅសឹង្ហបុរី​បានរាយការណ៍ព័ត៌មាននេះ​កាលពីថ្មីៗនេះ។   ផ្ទះនេះមានផ្ទៃដីទំហំ ៣២ ១៦០ ហ្វីតការ៉េ ហើយនៅជាប់នឹង British High Commission ស្ថិតនៅលើផ្លូវ Nassim ហើយបានក្លាយជា​ផ្ទះ​​ដែលមានតម្លៃ​ថ្លៃជាងគេបំផុតប្រចាំឆ្នាំគិតមកទល់ពេលនេះ។

ផ្ទះនៅលើផ្លូវ Nassim ​ស្ថិតនៅ​ក្នុង​តំបន់ (GCB) ដែលលោកស្រី Jin Xiao Qun បានទិញយកក្នុងតម្លៃ ៩៥,៦ លានដុល្លារអាមេរិក

៣_ នៅថ្ងៃ ៣០ មិថុនា ឆ្នាំ ២០២១ EdgeProp ដដែលបានរាយការណ៍ថា លោក Ian Ang អាយុ ២៩ ឆ្នាំ ដែលជាសហស្ថាបនិកក្រុមហ៊ុនផលិតកៅអីសម្រាប់អ្នកលេង Game Computer បានទិញផ្ទះនៅតំបន់ Good Class Bungalow (GCB) មានតម្លៃ ៣៦ លានដុល្លារ។ ផ្ទះនេះមានទំហំប្រហែល ២ ១៧៦ ម៉ែត្រការ៉េ។

លោក Ian Ang សហស្ថាបនិកក្រុមហ៊ុនផលិតកៅអីសម្រាប់អ្នកលេង Game Computer

មានមូលហេតុមួយចំនួនដែលវិនិយោគិនចាប់អារម្មណ៍ទិញផ្ទះនៅតំបន់ដែលមានតម្លៃខ្ពស់កប់ពពកនេះ។ យោងតាមលោក William Wong នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Realstar Premier Group បានបញ្ជាក់ថា៖«​អត្ថប្រយោជន៍ធំបំផុតក្នុងការវិនិយោគនៅតំបន់ Good Class Bungalow (GCB) គឺដោយសារថាការផ្គត់ផ្គង់មានកំណត់ ហើយដោយសារថាចំនួនមានកំណត់នេះ តម្លៃតែងមានការកើនឡើង»៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង