ភ្នំពេញ៖ សង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ជាតំបន់ដែលមានតម្លៃដីទាបជាងគេ ធៀបនឹងសង្កាត់ផ្សេងទៀតក្នុងខណ្ឌជ្រោយចង្វារ ដែលអ្នកវិនិយោគអាចទិញចូលក្នុងតម្លៃទាប លក់ចេញក្នុងតម្លៃខ្ពស់។ នេះបើតាមអ្នកឯកទេសដីធ្លីប្រចាំខណ្ឌជ្រោយចង្វារ។
លោក ម៉ែន វិជ្ជាការ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា តម្លៃដីក្នុងសង្កាត់ទាំងពីរបន្តកើនរៀងរាល់ឆ្នាំតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗទៀតដូចជាសំណង់ផ្ទះល្វែង និងបុរី របស់ក្រុមហ៊ុនឯកជន។
បើតាមលោក វិជ្ជាការ ទីតាំងបណ្តោយផ្លូវធំក្នុងសង្កាត់បាក់ខែង អាចរកទិញបានក្នុងតម្លៃចាប់ពី ២០០ ទៅ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកទីតាំងដីតាមផ្លូវតូចៗ អាចរកទិញបានចាប់ពី ៨០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់កោះដាច់វិញ អាចរកទិញបានក្នុងតម្លៃចាប់ពី ៥០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យទីតាំងដែលស្ថិតនៅតាមបណ្តោយផ្លូវតូច ឬផ្លូវធំ។
លោកបញ្ជាក់ថា៖ «សង្កាត់ទាំងពីរនេះនៅមានតម្លៃដីទាបជាងគេ តែអាចមានអាត្រាកំណើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលខុសពីសង្កាត់បីផ្សេងទៀតមានតម្លៃដីខ្ពស់ស្រាប់ តែអាចមានកំណើនតិចតួច»។
សង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ស្ថិតក្នុងចំណោមសង្កាត់បីផ្សេងទៀតក្នុងខណ្ឌជ្រោយចង្វារមានដូចជា សង្កាត់ជ្រោយចង្វារ ព្រែកលៀប និងសង្កាត់ព្រែកតាសេក។
សង្កាត់ជ្រោយចង្វារមានតម្លៃដីចាប់ពី ៨០០ ទៅ ៣ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ព្រែកលៀបមានតម្លៃដីចាប់ពី ២០០ ទៅ ២ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលសង្កាត់ព្រែកតាសេកមានតម្លៃដីចាប់ពី ៨០ ដល់ទៅ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះគឺអាស្រ័យលើសក្តានុពលទីតាំងដីក្នុងសង្កាត់នីមួយៗ។