សំណង់លំនៅដ្ឋានមានចំណែក ៨៧% នៃចំនួនគម្រោងស្នើសុំសាងសង់សរុប

Bunthoeun Chhut 12/July/2021 16:53
ចែករំលែក

ភ្នំពេញ៖ សំណង់លំនៅដ្ឋាននៅទូទាំងប្រទេសកម្ពុជាបន្តមានចំណែកធំជាងគេជិត ៨៨ ភាគរយ នៃចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបជិត​ ២ពាន់គម្រោង ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរបាយការណ៍ គិតចាប់ពីខែមករា ដល់ខែ ឧសភា ឆ្នាំ២០២១ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមានចំនួន ១ ៨២៩ គម្រោង ហើយគម្រោងទាំងនេះមានប្រភេទផ្សេងៗគ្នាដូចជាគម្រោងសាងសង់សាធារណៈ ឧស្សាហកម្ម ពាណិជ្ជកម្ម​ ទេសចរណ៍ និងសំណង់លំនៅដ្ឋាន។ ក្នុងនោះសំណង់លំនៅដ្ឋាន មានចំណែក ៨៧,៩ភាគរយ នៃគម្រោងសាងសង់សរុប។ ​

រយៈ​ពេល៥ ខែ ឆ្នាំ២០២១នេះ ចំនួនគម្រោងសរុប ១ ៨២៩ គម្រោង មានតម្លៃទឹកប្រាក់ប្រមាណ ២ ៣៤៨ លានដុល្លារត្រូវបានផ្តល់សិទ្ធសាងសង់​ ថមថយ ៣២ ភាគរយ​ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បើគិតជាចំនួនគម្រោង​ថមថយ ១៥ ភាគរយ។

      [អចលនទ្រព្យ 4 ប្រភេទនេះពេញនិយមទាំងទីផ្សារពិភពលោក និងកម្ពុជា]

ផ្ទះគឺជាតម្រូវការមូលដ្ឋានរបស់មនុស្ស ហើយហេតុដោយច្នេះហើយ ប្រភេទផលិតផលបែបនេះនៅតែមានតម្រូវការខ្ពស់ជាពីសេស​ផ្ទះដែលមានតម្លៃសមរម្យ។

លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property ធ្លាប់បានបញ្ជាក់ថា ប្រជាពលរដ្ឋមាន​ជីវភាពកម្រិតមធ្យមនិងបង្គួរមានការកើនឡើង ហើយកត្តានេះ​ជំរុញឱ្យមានកំណើនតម្រូវការ​លំនៅដ្ឋានតម្លៃសមរម្យ បើទោះបីជាពេលនេះសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ក្តី។

លោកថ្លែងថា៖ «យើងសង្កេតឃើញថា អចលនទ្រព្យជាប្រភេទ​លំនៅឋានដែលមានតម្រូវការខ្លាំងហ្នឹង គឺប្រភេទលំនៅឋានតម្លៃដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ រហូតដល់ ២០ម៉ឺនដុល្លារ ដែលលំនៅឋាននេះនៅតែ​មានការទិញដូរច្រើន។ ប៉ុន្តែ បើតម្លៃខ្ពស់ជាងនេះគឺ មិនសូវមានសកម្មភាពច្រើននោះទេ។»

បើតាម លោកគីមសួគ៌ លំនៅឋានតម្លៃសមរម្យជាច្រើនកំពុងមានការវិនិយោគនៅតាមតំបន់ជាយៗរាជធានីភ្នំពេញដោយមានតម្លៃដីនៅធូរ​ថ្លៃ​។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង