ហេតុអ្វីអ្នកមានដីនៅជាយក្រុងគួរដឹងពីយុទ្ធសាស្រ្តពង្រីកខ្លួនរបស់ ផាក កាហ្វេ

Bunthoeun Chhut 08/July/2021 17:03
ចែករំលែក

ចំណុចសំខាន់៖ 

  • ផាក កាហ្វេ កំពុងអនុវត្តយុទ្ធសាស្រ្ត​ពង្រីកខ្លួនថ្មី ដោយបង្កើន​សាខា​នៅជាយក្រុងកាន់តែច្រើន
  • យុទ្ធសាស្រ្ត​នេះ​កំពុងរួមចំណែកយ៉ាងសំខាន់​​ដល់កំណើន​ចរាចរមនុស្សនៅតំបន់ដែល​ធ្លាប់តែស្ងប់ស្ងាត់ ហើយ​បង្កើន​​​​​តម្លៃដីធ្លីនៅជាយរាជធានីភ្នំពេញ​
  • អ្នកមានដីធំៗនៅជាយក្រុងអាចចូលរួមជាមួយយុទ្ធសាស្រ្តថ្មីនេះដើម្បីបង្កើតអាជីវកម្ម និងបង្កើនតម្លៃដី

ភ្នំពេញ៖ ភោជនីយដ្ឋាន ផាក កាហ្វេ ដែល​ជា​ហាងអាហារក្នុងស្រុក​បែបទំនើប បានបន្តពង្រីកសាខាថ្មី របស់ខ្លួនយ៉ាងសកម្ម​​នាពេលថ្មីៗនេះដោយ​​​ដាក់ទីតាំងកាន់តែច្រើនឡើងនៅតំបន់​ទីប្រជុំជនថ្មីនៅ​ជាយរាជធានីភ្នំពេញជាពិសេស​ផ្លូវចេញពីក្រុងទៅខេត្តសំខាន់ៗ។

យុទ្ធសាស្រ្តពង្រីកខ្លួនថ្មីនេះ​កំពុងរួមចំណែកយ៉ាងសំខាន់​​ដល់កំណើន​ចរាចរមនុស្សនៅតំបន់ដែល​ធ្លាប់តែស្ងប់ស្ងាត់ ហើយ​បាន​ផ្តល់​ផល​វិជ្ជមាន​ដល់​​​​តម្លៃដីធ្លីនៅជាយរាជធានីភ្នំពេញ​។ នេះបើ​តាមការបញ្ជាក់ពី​អ្នកជំនាញក្នុងវិស័យអាហារ និងភេសជ្ជៈ​ និងអ្នកជំនាញផ្នែកអចលនទ្រព្យ។ ​

លោក ហេង សេងលី នាយកប្រតិបត្តិក្រុមហ៊ុន United Food Group (UFG) ដែលជាក្រុមហ៊ុនមេរបស់ភោជនីយដ្ឋានផាកកាហ្វេ បានឲ្យដឹងថា គំរូអាជីវកម្មរបស់ ផាក កាហ្វេ មានលក្ខណៈអំណោយផលខ្លាំងដល់ការពង្រីកខ្លួនទាំងក្នុងតំបន់កណ្តាលក្រុង និងតំបន់ទីប្រជុំជនថ្មី ហើយគំរូអាជីវកម្មនេះអាចឲ្យ​អ្នកមានដីធ្លីទំនេរចោលនៅជាយក្រុង ឬតាមផ្លូវជាតិ ចូលរួមទាញប្រយោជន៍​ដើម្បីបង្កើតមុខរបរផង និងបង្កើនតម្លៃអចលនទ្រព្យរបស់គាត់ផង។

លោកបញ្ជាក់​ថា​៖​«​សម្រាប់​​​អ្នកមានដីធំៗនៅជាយក្រុង ឬតាមផ្លូវជាតិ គាត់អាចចូលរួមយុទ្ធសាស្រ្តឈ្នះៗជាមួយផាក កាហ្វេ។ គាត់អាច​​​ទិញហ្វ្រេនឆាយដំណើរការផាក កាហ្វេ ដើម្បីមាន​​អាជីវកម្មផ្ទាល់ខ្លួនទៅលើដីដែលគាត់ទុកចោល ហើយ​ក្នុងរយៈពេលខ្លីប៉ុណ្ណោះ តម្លៃដីរបស់គាត់នឹង​មានការកើនឡើងច្រើនបើធៀបនឹងពេលដែលដីគាត់អត់ធ្វើអីសោះ»។

លោក សេងលី បន្ត​ថា គំរូអាជីវកម្មរបស់ ផាក កាហ្វេ​ ពិតជាស័ក្កិសមសម្រាប់ដាក់ទីតាំងទាំងនៅក្នុងតំបន់ក្នុង​​ក្រុងស្រាប់ និង​នៅទីប្រជុំជនថ្មី​ជាពិសេសផ្លូវចេញពីក្រុងទៅខេត្តនានា។

លោកបន្តថា៖«​តម្រូវការអាហារនៅតែខ្លាំងគ្រប់កាលៈទេសៈ ហើយ​​យើងមានអាហារបែបខ្មែរដូចជាបាយ គុយទាវ និង​ ភេសជ្ជៈជំនួយសុខភាព​ ដែលប្រជាជនខ្មែរអាចញាំបានជារៀងរាល់ថ្ងៃ ដែលខុសពីអាហារបែបបរទេសដែលជាទូទៅ​ញាំតែពេលជុំគ្នា​​យូរៗម្តង»។

យុទ្ធសាស្រ្តពង្រីកខ្លួនថ្មីរបស់ផាកកាហ្វេ កំពុងអនុវត្ត និង​បង្ហាញរឹតតែច្បាស់។ កាលពីថ្ងៃសុក្រទី ២ កក្កដា​ឆ្នាំ ២០២១ ក្រុមហ៊ុន ផាក កាហ្វេ បានបើកដំណើរការជាផ្លូវការ​ភោជនីយដ្ឋាន ផាក កាហ្វេ សាខាព្រែកតាមាក់ នៅក្នុងស្ថានីយប្រេងឥទ្ធនៈតូតាល់តាមបណ្តោយផ្លូវជាតិលេខ ៦A។ (សាខាហ្វ្រេនឆាយ)

សាខា ផាក កាហ្វេ ព្រែកតាមាក់ ដែលមានចម្ងាយជាង ៣០ គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ ស្ថិត​ក្នុងចំណោមសាខាថ្មីៗ​ជាច្រើនទៀតដែលផាក កាហ្វេ មានវត្តមាននៅជាយក្រុង។ ភោជនីយដ្ឋាន ផាក កាហ្វេ ព្រៃសរ តាមបណ្តោយផ្លូវព្រៃសរ បានបើកដំណើរការកាលពីដើមឆ្នាំ ២០២០ ហើយបានរួមចំណែកជំរុញភាពមមាញឹកនៅតំបន់ជុំវិញ និងតម្លៃដីធ្លីនៅទីនោះ។ ផាក កាហ្វេ ក៏នឹងបើកដំណើរការសាខា ផ្លូវទំនប់កប់ស្រូវ នាពេលឆាប់ៗខាងមុខផងដែរ​។ (មើលផែនទី)

អ្នក​នាង ម៉ាន់ កណិកា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌដង្កោបាន បង្ហាញពីនិន្នាការ​វិជ្ជមាននៃទីផ្សារដីធ្លីនៅក្នុងខណ្ឌដង្កោ និងតំបន់តាមបណ្តោយផ្លូវព្រៃសរបន្ទាប់ពីមានវត្តមាន ផាក កាហ្វេ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។

ផ្ទុយពីកាលពីពីរទៅបីឆ្នាំមុនដែលតំបន់ព្រៃសរត្រូវបានមើលឃើញថាជាតំបន់វាលស្រែ វាលលេចទឹក និងដីទំនេរ អ្នកនាង កណិកា បានបញ្ជាក់វត្តមានភោជនីយដ្ឋាន និងហាងកាហ្វេបានទាក់ទាញឲ្យមានចរាចរណ៍មនុស្សកាន់តែច្រើនឡើង ហើយបានប្រែក្លាយតំបន់ព្រៃសរជាតំបន់សម្បូរដោយ​គម្រោងអភិវឌ្ឍន៍​បុរីលំនៅដ្ឋាន និងសកម្មភាពអាជីវកម្ម។

អ្នកនាងបញ្ជាក់៖«តម្លៃដីនៅតំបន់ព្រៃសរកាលពីមុនមានតម្លៃចន្លោះពី ៣៥០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ តែមកដល់បច្ចុប្បន្នតម្លៃដីជាមធ្យមមានចន្លោះពី ៥០០ ទៅ ១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែល​ដីនេះ នៅ​មិនឆ្ងាយពីទីតាំង​ ផាក កាហ្វេ​ព្រៃសរប៉ុន្មានទេ»។ អ្នកនាង​បន្តថា៖​«​អ៊ីចឹងបញ្ជាក់ឲ្យឃើញថា ការអភិវឌ្ឍន៍លំនៅដ្ឋាន ភោជនីយដ្ឋាន និងហាងកាហ្វេ គឺបានធ្វើឲ្យតម្លៃដីនៅតំបន់ព្រៃសរនេះមានការកើនឡើងគួរឲ្យកត់សម្គាល់»។

អ្នកឯកទេសដីធ្លី និងអ្នកវិនិយោគដីធ្លីជួបជុំក្នុងភោជនីយដ្ឋាន ផាក កាហ្វេ សាខាព្រៃសរ ពិភាក្សាពីឱកាសវិនិយោគដីធ្លី និងបង្កើតបណ្តាញទំនាក់ទំនង

ផាក កាហ្វេ ដែលជាអាហារដ្ឋាន​លេខ១ផ្នែក​ «គុយទាវភ្នំពេញ» នឹងបន្តពង្រីកសាខាទាំងនៅក្នុងក្រុង និងជាយក្រុងបន្តទៀត​ឲ្យដល់ ២៥ សាខានៅត្រឹមដំណាច់ឆ្នាំ ២០២១​ នេះ។​ សាខាថ្មីៗ ៣ ទៀត​រួមមាន​ សាខាកាល់ម៉ែត្រថ្មី (ក្បែរសណ្ឋាគារភ្នំពេញ), សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, និងសាខាជ្រោយចង្វារ លើផ្លូវអូស៊ី​អាយស៊ី​ នឹងដំណើរការ​​នៅចុងត្រីមាសទី៣ នៃឆ្នាំ២០២១ នេះ។ ផាក កាហ្វេ ក៏ទើបដាក់ឲ្យដំណើរការសាកល្បង​ ផាក កាហ្វេ សាខា​ខេត្តព្រះសីហនុ កាលពីថ្ងៃ ២៩ មិថុនា នេះផងដែរ។

យោងតាមលោក សេងលី ផាកកាហ្វេ នឹងបន្តពង្រីកសា​ខាជាបន្ត​ដល់ ១០០ សាខានៅ​ឆ្នាំ ២០២៥ ខាង​មុខ ដោយគ្របដណ្តប់ទាំងតំបន់ក្នុងកណ្តាលក្រុង ជាយរាជធានីភ្នំពេញ និងបណ្តាខេត្ត។

បើទោះជា​ស្ថានភាពមិនអំណោយផលនាពេលនេះបានប៉ះពាល់ដល់​អាជីវកម្មជាច្រើន តែ ផាក កាហ្វេ នៅតែបន្តពង្រីកហើយ​វិវត្តន៍ខ្លួន​ជាប្រភេទភោជនីយដ្ឋានបច្ចេកវិទ្យា  Technology Restaurant ដែលផ្តល់នូវសេវាដឹកជញ្ជូននិង​ប្រើបច្ចេកវិទ្យាក្នុងការកម្ម៉ង់ម្ហូបនិងទូទាត់។

លោក ហេង សេងលី បញ្ជាក់​ថា៖ «​អ្វីដែលយើងចូលរួមជាមួយរាជរដ្ឋាភិបាលគឺក្រុមហ៊ុនមិនឲ្យបុគ្គលិកណាមួយអត់ការងារធ្វើទេ។បុគ្គលិកក្នុងហាង ផាក កាហ្វេ អត់មានអ្នកណាមួយត្រូវកាត់បន្ថយទេ។ ប្រាក់ខែក៏មិនបានកាត់បន្ថយដែរ»៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង