គម្រោងអភិវឌ្ឍន៍ខុនដូប្រមាណជិត ២០គម្រោង ដែលមានបន្ទប់ស្នាក់នៅសរុបជាង ៧ ពាន់យូនីត គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារ។ នេះបើតាមការសិក្សារបស់ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ។
អ្នកជំនាញមើលឃើញថា កំណើនខុនដូគ្រោងដាក់បញ្ជូលក្នុងទីផ្សារនៅចុងឆ្នាំនេះ នឹងធ្វើឱ្យតម្លៃទីផ្សារកាន់តែមានការប្រកួតប្រជែង ស្របពេលមានការរំពឹងទុកជាច្រើនថាការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនឹងអាចកើតមាននៅដើមឆ្នាំក្រោយ។
របាយការណ៍ CBRE Cambodia ដែលសិក្សាពីទិដ្ឋភាពទីផ្សារអចលនទ្រព្យនៅភ្នំពេញពាក់កណ្តាលឆ្នាំ២០២១ បានបង្ហាញថា ខុនដូ១៧ គម្រោង ដែលមានបន្ទប់ស្នាក់នៅសរុប ៧ ៩០៩ យូនីត រំពឹងបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ។ ហើយខុនដូទាំងនេះភាគច្រើនស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។
តាមរបាយការណ៍ ក្នុងចំណោមខុនដូសរុប ១៧ គម្រោង មាន៥ គម្រោងបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆមាសទី១ឆ្នាំនេះ។ ខុនដូដែលបានបញ្ចប់ការសាងសង់ទាំង ៥ គម្រោងនេះ មានបន្ទប់ស្នាក់នៅសរុប ១ ២៧៣ យូនីត ឬស្មើនឹង ១៦ ភាគរយ នៃយូនីតខុនដូសរុប ៧ ៩០៩ យូនីត។
ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ខុនដូកម្រិតខ្ពស់ (prime condo rents) មានតម្លៃដាក់ជួល ១២,៣៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។ នេះបើតាមCBRE។ (មើលតារាងតម្លៃលក់ និងជួល តាមកម្រិតខុនដូនីមួយៗ)