ប្រភេទអចលនទ្រព្យអ្វីខ្លះជាប់ពន្ធ? ហើយអចលនទ្រព្យបែបណាខ្លះមិនចាំបាច់បង់ពន្ធ?

Bunthoeun Chhut 07/July/2021 18:17
ចែករំលែក

អចលនទ្រព្យនៅកម្ពុជាត្រូវបានបែងចែកជាប្រភេទអចលនទ្រព្យជាប់ពន្ធ និងអចលនទ្រព្យមិនជាប់កាត្វកិច្ចពន្ធ។ តើអចលនទ្រព្យជាប់ពន្ធ​ត្រូវបានកំណត់ដោយផ្អែកលើ​លក្ខណៈសម្បត្តិអ្វីខ្លះ? ហើយចុះ​អចលនទ្រព្យត្រូវបានលើកលែងពន្ធវិញ​?

យោងតាម សៀវភៅណែនាំស្តីពីពន្ធលើអចលនទ្រព្យ ដែល​ត្រូវបានរៀបចំ​និងបោះពុម្ភផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារ អចលនទ្រព្យដែលជាប់ពន្ធសំដៅលើអចលនទ្រព្យជា​ដី (ដែលមាន ឬគ្មានអគារ), លំនៅដ្ឋាន, អគារ ឬសំណង់ផ្សេងៗដែលនៅលើដីរួមមាន៖ សណ្ឋាគារ ផ្ទះល្វែង ការិយាល័យ ខុនដូ រោងចក្រ ឃ្លាំងទំនិញ អគារឧស្សាហកម្ម និងចំណតរថយន្ត។ ហើយប្រភេទអចលនទ្រព្យដូចដែលបានរៀបរាប់នេះមានតម្លៃលើសពី ១០០ លានរៀល ($25 000)។​ អចលនទ្រព្យទាំងនេះ​ ត្រូវបានចាត់ទុកជាអចលនទ្រព្យជាប់កាត្វកិច្ចបង់ពន្ធ។

ពន្ធលើអចលនទ្រព្យត្រូវបានប្រមូលប្រចាំឆ្នាំតាមអត្រា ០,១ % លើមូលដ្ឋានគិតពន្ធគឺ ៨០% នៃតម្លៃអចលនទ្រព្យសរុប (ទាំងតម្លៃដី និងតម្លៃសំណង់) ហើយដកនឹង ១០០លានរៀល។ តម្លៃអចលនទ្រព្យត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យទៅតាមអាយុកាលសំណង់ (គិតចាប់ពីឆ្នាំដែលសំណង់នោះសង់រួចរាល់) និង​ប្រភេទនៃសំណង់ឥដ្ឋបេតុង និងមិនមែនឥដ្ឋបេតុង។

ដូច្នេះពន្ធលើអចលនទ្រព្យត្រូវបានគណនាតាមរូបមន្ត៖  

មូលដ្ឋានគិតពន្ធ = (តម្លៃអចលនទ្រព្យ x ៨០%)  – ១០០ ០០០ ០០០ រៀល។

ប្រាក់ពន្ធ = មូលដ្ឋានគិតពន្ធ x ០,១%

សៀវភៅណែនាំស្តីពីពន្ធលើអចលនទ្រព្យដដែលបញ្ជាក់ថា អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធវិញ​មានដូចខាងក្រោម​៖

អចលនទ្រព្យដែលជាដីធ្លីកសិកម្ម។ ក្នុងករណីចំណែកណាមួយនៃដីធ្លីកសិកម្មត្រូវបានយកមកសាងសង់​ផ្ទះ អគារ ឬសំណង់ផ្សេងៗ ដែលមិនបម្រើផ្ទាល់និងជាអចិន្រ្តៃយ៍ដល់សកម្មភាពកសិកម្ម ដូច្នេះចំណែកដីនោះមិនត្រូវបានលើកលែងពន្ធនោះទេ។

ឧទាហរណ៍ បុគ្គល «ក» មានដីមួយកន្លែង ស្ថិតនៅក្នុងតំបន់ ឬប្រភេទដីលំនៅដ្ឋានដែលមានទំហំ ២ ០០០ ម៉ែត្រការ៉េ ក្នុងនោះដីទំហំ ១ ០០០ ម៉ែ​ត្រការ៉េកំពុងធ្វើស្រែ ដោយមានលិខិតបញ្ជាក់ពីខណ្ឌ ស្រុក ក្រុង។ ហើយដីចំនួន ២ ០០ ម៉ែ​ត្រការ៉េ សាងសង់លំនៅដ្ឋាន និងដីចំនួន ៨ ០០ ម៉ែត្រការ៉េ កំពុងចិញ្ចឹមត្រី ដោយមានការអនុញ្ញាតពីរដ្ឋបាលជលផល។ ក្នុងករណីនេះ ចំពោះដី ១ ០០០ ម៉ែត្រការ៉េ កំពុងធ្វើស្រែ និងដីចំនួន ៨០០ ម៉ែត្រការ៉េ  កំពុងចិញ្ចឹមត្រីត្រូវបានលើកលែងពន្ធអលចនទ្រព្យ។  ចំណែកដីចំនួន ២០០ ម៉ែ​ត្រការ៉េ សាងសង់លំនៅដ្ឋាន និងសំណង់ ត្រូវជាប់ពន្ធលើអចលនទ្រព្យ។

២ – អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់​រដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាលដែលបានចុះបញ្ចីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋ។ អចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសកម្មធ្វើអាជីវកម្មរបស់សហគ្រាសសាធារណៈ ឬក្រុមហ៊ុនចម្រុះរដ្ឋ អចលនទ្រព្យនោះមិនត្រូវបានលើកលែងពន្ធ​លើអចលនទ្រព្យទេ។ ចំពោះដីរដ្ឋដែលរដ្ឋាភិបាលបានជួលឱ្យឯកជនសាងសង់សំណង់សម្រាប់ធ្វើអាជីវកម្ម ដីនោះត្រូវបានលើកលែងពន្ធ ប៉ុន្តែសំណង់ត្រូវជាប់ពន្ធ។

ឧទាហរណ៍ លោក«ក» បានជួលដីពីរដ្ឋរយៈពេល៥០ ឆ្នាំ ហើយបាន​សាងសង់សណ្ឋាគារមួយដើម្បីធ្វើអាជីវកម្ម។ ដូច្នេះក្នុងករណីនេះ ដីដែលលោក «ក» ជួលពីរដ្ឋត្រូវបានលើកលែងពន្ធ។ ប៉ុន្តែចំពោះសណ្ឋាគារដែលជាកម្មសិទ្ធិរបស់លោក «ក» ត្រូវជាប់ពន្ធលើអចលនទ្រព្យ។

៣ – អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែលដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌ ហើយគ្មានចំណែណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជនឡើយ។ ការលើកលែងពន្ធនេះមិនរាប់បញ្ចូលទេចំពោះអចលនទ្រព្យដែលត្រូវបានជួល ឬផ្តល់ឱ្យបណ្តោះអាសន្នសម្រាប់គោលដៅសុទ្ធសាធ ខាងសាសនា និងសប្បុរសាធម៌។

៤ – អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់បេសកម្មការទូត ឬកុងសស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា។

៥​ – អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬប្រពន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្មយយាន (ឬស្ថានីយរថភ្លើង) រួមទាំងអគារ និងការិយាល័យ ដែលបម្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។

៦ – អចលនទ្រព្យដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្កិ ដែលជាបាតុភូត ឬព្រឹត្តិការណ៍កើតឡើងដោយមិនដឹងមុន មិនអាចប៉ាន់ស្មានបានជាមុន និងមិនអាចជំនះបាន ដូចជា គ្រោះធម្មជាតិ (ទឹកជំនន់ ខ្សល់ព្យុះ រញ្ជួយដី) សង្គ្រាម កុប្បកម្ម អគ្គិភ័យ ឬគ្រោះមាហន្តរាយជាយថាហេតុ។

៧ – ផ្ទះ អាគារ ឬសំណង់ដែលកំពុង​សាងសង់តិចជាង ៨០% និងមិនទាន់ប្រើប្រាស់។

៨ – អចលនទ្រព្យដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម។ ក៏ប៉ុន្តែ អចលនទ្រព្យដូចជាផ្ទះល្វែង ផ្ទះវីឡា ភោជនីយដ្ឋាន សណ្ឋាគារ កាស៊ីណូ កន្លែងលំហែកាយផ្សេងៗ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយមិនបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម ឬសេវាកម្ម ដូច្នេះអចលនទ្រព្យនោះត្រូវជាប់ពន្ធ។

ឧទាហរណ៍ លោក «ក» បានទទួលសិទ្ធិគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងគោលបំណងដើម្បីសាងសង់រោងចក្រផលិតសម្លៀកបំពាក់សម្រាប់នាំចេញ។ ក្រោយមកលោក ក បានសាងសង់ផ្ទះល្វែង ភូមិគ្រឹះ សណ្ឋាគារ សម្រាប់លក់ ឬជួល ដែលជាសកម្មភាពមិនបម្រើផ្ទាល់ដល់ការផលិតសម្លៀកបំពាក់នាំចេញ ដែលជាកម្មវត្ថុនៃតំបន់សេដ្ឋកិច្ចពិសេសនោះទេ។ ដូច្នេះសំណង់ទាំងនោះ ត្រូវជាប់ពន្ធលើអចលនទ្រព្យ។

ប្រភព៖ សៀវភៅណែនាំស្តីពីពន្ធលើអចលនទ្រព្យ ត្រូវបានរៀបចំ និងបោះពុម្ភផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារ

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង