គម្រោងក្រុងរណបធំៗពីរកំពុងក្លាយជាកម្លាំងជំរុញការវិនិយោគនៅខណ្ឌជ្រោយចង្វារ

Bunthoeun Chhut 01/July/2021 17:36
ចែករំលែក

គម្រោងអភិវឌ្ឍន៍ទីក្រុងរណបធំៗចំំនួនពីរក្នុងខណ្ឌជ្រោយចង្វារកំពុងក្លាយជាកត្តាជំរុញកំណើនវិនិយោគ និងសកម្មភាពពាណិជ្ជកម្មផ្សេងៗ ដែលជួយ​បង្កើនតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញក្រុងរណបថ្មីក្នុងខណ្ឌនេះ​។ នេះបើតាមអ្នកឯកទេសដីធ្លីប្រចាំខណ្ឌជ្រោយចង្វារ។​

លោក ម៉ែន វិជ្ជាការ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំ​ខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា វត្តមាននៃការអភិវឌ្ឍក្រុងរណបពីរគឺ ក្រុងរណបជ្រោយចង្វារ​ និង​គម្រោងក្រុងរណប Garden City បានបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកអាជីវកម្ម​។

លោកបញ្ជាក់ថា កត្តានេះបានបង្កើតនូវសក្តានុពលធំមួយក្នុងការទាក់ទាញគម្រោងលំនៅដ្ឋានជាច្រើន ដែលបច្ចុប្បន្នខណ្ឌជ្រោយចង្វារមានបុរីលំនៅដ្ឋានបែបស្តង់ដារជាង ២០ គម្រោង។

លោក វិជ្ជាការ បានបន្ថែមថា៖  «វត្តមានក្រុងរណបទាំងពីរនេះនឹងជះឥទ្ធិពលក្នុងការបង្កើនតម្លៃអចលនទ្រព្យនៅតំបន់ក្បែរៗគម្រោងក្រុងរណប ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបុរីលំនៅដ្ឋាន អគារខុនដូ ឬអគារការិយាល័យក្តី មានឱកាសខ្ពស់ក្នុងការលក់គម្រោងរបស់ពួកគេឆាប់រហ័ស ព្រោះក្រុងរណបជាបណ្តុំសេវាកម្ម និងពាណិជ្ជកម្ម ហើយមានហេដ្ឋារចនាសម្ព័ន្ធច្រើនងាយស្រួលសម្រាប់ការធ្វើដំណើរ និងការរស់នៅ»។

ជ្រុងមួយនៃទីតាំងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC

គម្រោងអភិវឌ្ឍន៍ក្រុងរណប«ទីក្រុងរណបជ្រោយចង្វារ» អភិវឌ្ឍន៍ដោយក្រុមហ៊ុន​វិនិយោគទុន​​អាណិកជន​កម្ពុជា ឬហៅកាត់ថា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។ គម្រោងក្រុងរណបនេះ កំពុងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ៣៨៧ ហិកតា ដោយគ្រប់បណ្តប់លើ សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក នៃខណ្ឌជ្រោយចង្វារ។ ក្រុងរណបជ្រោយចង្វារនេះ នឹង​មាន​ការ​សាងសង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ ផ្សារ​ទំនើប លំនៅដ្ឋាន​ អគារ​ស្នាក់​នៅ​រួម និង កន្លែងកំសាន្តជាដើម។ តាមការរំពឹងទុក គម្រោងដ៏ធំនេះគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៦ ខាងមុខ។

ចំណែកឯទីក្រុងរណប Garden City អភិវឌ្ឍន៍ដោយក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ាលី យ៉ុងផាត់។ តាមផែនការមេរបស់ក្រុមហ៊ុន LYP Group ទីក្រុងរណបនេះអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១ពាន់ហិកតា ដែលបណ្តុំដោយតំបន់ពាណិជ្ជកម្ម លំនៅដ្ឋាន តំបន់កម្សាន្តនិងសម្រាកលម្ហែកាយ។ ទីតាំងគម្រោងក្រុងរណបនេះឆ្លងកាត់ផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៦៕

ប្លង់ 3D គំរូ របស់គម្រោងក្រុងរណប Garden City។ រូបភាព៖ LYP GROUP

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង