ភ្នំពេញ៖ លំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា (FDIs) បង្ហាញពីលំនឹងល្អកាលពីឆ្នាំ២០២០ ដោយមានភាគរយធ្លាក់ចុះទាបជាងគេបង្អស់ធៀបនឹងលំហូរ FDIs នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍វិនិយោគសកលប្រចាំឆ្នាំ២០២១របស់អង្គការសហប្រជាជាតិ។
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ចេញផ្សាយរបាយការណ៍ទាក់ទងនឹងការវិនិយោគសកលឆ្នាំ២០២១ កាលពីថ្ងៃច័ន្ទសប្តាហ៍មុន បានបង្ហាញថា FDIs ដែលចាក់បញ្ជូលទៅក្នុងសេដ្ឋកិច្ចកម្ពុជាមានទុនវិនិយោគប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ (-១) ភាគរយធៀបនឹងឆ្នាំ២០១៩។
របាយការណ៍បញ្ជាក់ថា៖ «ការវិនិយោគលើវិស័យហិរញ្ញវត្ថុមានចំណែកធំ ដែលបានជួយទប់លំនឹងពីការធ្លាក់ចុះយ៉ាងគំហុកនៃ FDIs នៅកម្ពុជា ព្រោះការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនេះមានទុនវិនិយោគដល់ទៅ ១,៤ ពាន់លានដុល្លារ កើន១៣ ភាគរយធៀបនឹងឆ្នាំ២០១៩»។
បើតាមរបាយការណ៍ ប្រទេសសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសទីម័រខាងកើត ទទួលបានទុនវិនិយោគ FDIs សរុប ១៣៦ ពាន់ដុល្លារកាលពីឆ្នាំ ២០២០ គឹធ្លាក់ចុះ ២៥ ភាគរយ។ ប្រភពដដែលបញ្ជក់ថា សិង្ហបុរី, វៀតណាម និងប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលទទួលបាន FDIs ច្រើនជាងគេក្នុងតំបន់។ ប៉ុន្តែ ទំហំ FDIs មានការធ្លាក់ចុះធៀបនឹងឆ្នាំ២០១៩។
ក្នុងឆ្នាំ២០២០ ប្រទេសវៀតណាមទទួលបានទុនវិនិយោគពី FDIs មានប្រមាណ ១៦ ពាន់លានដុល្លារ ធ្លាក់ចុះ(-២) ភាគរយ ស្របពេលដែលFDIs នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី ធ្លាក់ចុះយ៉ាងគំហុកក្នុងរង្វង់ជាង (-៥០)ភាគរយ ។ (មើលតារាងទិន្ន័យ FDIs ប្រទេសមួយចំនួននៅអាស៊ាន)
ក្រុមអ្ន្នកជំនាញ UNCTAD បានបញ្ជាក់នៅក្នុងរបាយការណ៍នេះថា បញ្ហាជំងឺ១៩ បានបង្កើតឱ្យមានវិធានការបិទខ្ទប់,ភាពរអាក់រអួលនៃការផ្គត់ផ្គង់ចង្វាក់ផលិតកម្ម, ការធ្លាក់ចុះនៃចំណូលរបស់ក្រុមហ៊ុនសាជីវកម្ម, ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងការពន្យាផែនការវិនិយោគ ដែលទាំងអស់នេះសុទ្ធតែជាបញ្ហាចម្បងធ្វើឱ្យ FDIs មានការធ្លាក់ចុះ។
ក៏ប៉ុន្តែអ្នកជំនាញរបស់ UNCTAD មើលឃើញថា FDIs នៅក្នុងតំបន់នេះអាចនឹងមានកំណើនល្អវិញ ដោយអាស្រ័យលើចំណាត់ការ និងការគ្រប់គ្រងរលកថ្មីនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១។ បន្ថែមពីនេះ កំណើនសេដ្ឋកិច្ចដែលបង្ហាញពីភាពល្អប្រសើរទាំងក្នុងតំបន់ និងពិភពលោកក្នុងឆ្នាំ២០២១ ព្រមទាំងវិធានការបញេ្ចញកញ្ចប់ថវិការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ាន ជាកត្តាដែលនឹងជំរុញការវិនិយោគក្នុងតំបន់នេះផងដែរ៕