ផ្លូវឧស្សាហកម្មថ្មីដែលអ្នកជំនាញប្រដូចទៅជាផ្លូវវ៉េងស្រេងទីពីរ នឹងពង្រីកនៅឆ្នាំក្រោយ

Bunthoeun Chhut 28/June/2021 16:58
ចែករំលែក

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីគម្រោងស្តារ និងពង្រីកផ្លូវជាតិលេខ ៤១ ក្នុងខេត្តកំពង់ស្ពឺ ឲ្យកាន់តែធំទូលាយ ដោយ​គ្រោង​ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២២។​

ឯកឧត្តម ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីចុះត្រួតពិនិត្យ ផ្លូវជាតិលេខ៣ នាពេលថ្មីៗនេះ បានបញ្ជាក់ថា ផ្លូវជាតិលេខ៤១​ និងគម្រោងផ្លូវសំខាន់​ៗមួយចំនួនទៀត នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ ដើម្បីបង្កើនការទាក់ទាញវិនិយោគនៅកម្ពុជា។

ឯកឧត្តមថ្លែងថា៖ «រដ្ឋាភិបាលបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធឥតឈប់ឈរ គឺចូលរួមកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន និងដើម្បីទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា»។ បើតាមឯកឧត្តម ស៊ុន​ ចាន់ថុល ក្រៅពីគម្រោងភិវឌ្ឍន៍ផ្លូវជាតិ៤១ គម្រោងសាងសង់សំខាន់ៗផ្សេងទៀតមានដូចជា ផ្លូវ ៣១ ផ្លូវ៣៣ និងគម្រោងសាងសង់ស្ពានក្នុងខេត្តក្រចេះ ក៏នឹងគ្រោងបើការដ្ឋានសាងសង់នៅឆ្នាំក្រោយផងដែរ។

ផ្លូវ ៤១ ក្នុងខេត្តកំពង់ស្ពឺ កំពុងក្លាយជាទីតាំងវិនិយោគរោងចក្រឧស្សាហកម្មលេចធ្លោ ដោយសារតែជាផ្លូវគមនាគមន៍ធំសម្រាប់បម្រើវិស័យដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងវិស័យទេសចរណ៍ ដោយតភ្ជាប់ផ្លូវជាតិលេខ ៥១ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ១៣០ និងផ្លូវជាតិលេខ ១៤៣ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៣។ អ្នកជំនាញអចលនទ្រព្យខ្លះបានប្រៀបប្រដូចផ្លូវជាតិលេខ ៤១ ទៅនឹងផ្លូវវេងស្រេង ដែលជាតំបន់រោងចក្រឧស្សាហកម្មដ៏ធំមួយនៅភ្នំពេញ។

 [អានអត្ថបទ៖ កត្តាសំខាន់ ៣ គួរដឹងពីឱកាសវិនិយោគដីធ្លីក្នុងតំបន់ផ្លូវជាតិ៤១ ]

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជាតិលេខ ៤១ មានប្រវែងប្រមាណ ៩៥ គីឡូម៉ែត្រគ្រោងនឹងពង្រីក និងលើកកម្រិតស្តង់ដារ  ដោយតភ្ជាប់ពីថ្នល់ទទឹងផ្លូវជាតិលេខ ៤ (គីឡូម៉ែត្រ៣១+១៨៣) ឆ្ពោះទៅផ្លូវជាតិលេខ ៣ ក្នុងស្រុកជុំគិរី នៃខេត្តកំពត (គីឡូម៉ែត្រ១៣៦+៧៥៥)។  ការពង្រីក និងលើកកម្រិតស្តង់ដារ​ផ្លូវនេះមានទទឹងតួផ្លូវ ១២ ម៉ែត្រ, ការពង្រីកស្ពានទទឹង ១២ ម៉ែត្រមួយកន្លែង លូចំនួន៣១៥ កន្លែង​ ព្រមទាំងមានការបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៨ កន្លែងផងដែរ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង