តំបន់ទីប្រជុំជន ១០ កន្លែងនៅខេត្តបីផ្សេងគ្នាតាមបណ្តោយផ្លូវជាតិលេខ ៣ សុទ្ធសឹងមានអំណោយផលល្អ ស្របពេលបណ្តាញផ្លូវជាតិដ៏សំខាន់មួយនេះសម្រេចការសាងសង់ស្ទើរទាំងស្រុងគិតមកទល់ពេលនេះ។
ប្រធានសាខាក្រុមហ៊ុនឯកទេសទីផ្សារដីធ្លី Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត បានបញ្ជាក់ប្រាប់ Z1News ថាទីតាំងដីធ្លីនៅតាមតំបន់ទីប្រជុំជន ដែលឆ្លងកាត់ផ្លូវជាតិលេខ៣ចាប់ផ្តើមមានតម្លៃល្អប្រសើរជាងមុន ដោយសារកំណើនសកម្មភាពពាណិជ្ជកម្មដូចជាហាងទំនិញ ឃ្លាំងស្តុកទំនិញ និងការ៉ាស់សាំងជាដើម។
ខាងក្រោមនេះជាតម្លៃដីធ្លីនៅតាមតំបន់ទីប្រជុំជន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងខេត្តទាំងបីខាងលើ៖
- ខេត្តកំពង់ស្ពឺ
លោក ប៊ូ សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ បានឱ្យដឹងថាតំបន់ទីប្រជុំជនតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងខេត្តកំពង់ស្ពឺមានដូចជាឃុំជង្រុក និងឃុំអង្គពពេល ក្នុងស្រុកគងពិសី។
ទីតាំងដីនៅតំបន់ប្រជុំជនក្នុងឃុំទាំងពីរនេះមានតម្លៃដាក់លក់ចន្លោះពី ១៣០ ទៅ ១៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែបើតាមការសិក្សារបស់លោក សេងហួ តម្លៃទីផ្សារជាក់ស្តែងក្នុងតំបន់នេះអាចមានតម្លៃចន្លោះពី ១១០ ទៅ ១២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
(មើលអត្ថបទភាពខុសគ្នា តម្លៃដាក់លក់ តម្លៃលក់ជាក់ស្តែង និងតម្លៃទីផ្សារ)
- ខេត្តតាកែវ
លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ បានលើកយកតម្លៃដីកំពុងដាក់លក់ជាក់ស្តែង នៅតាមតំបន់ប្រជុំជនចំនួន៤ ដែលឆ្លងកាត់ផ្លូវជាតិលេខ៣ មានដូចជា ផ្សារបាង្គសី ផ្សារត្រាំខ្នារ ផ្សារអង្គតាសោម និងផ្សារត្រាំកក់។
តាមលោក សិទ្ធ ចិន បច្ចុប្បន្នតំបន់ផ្សារត្រាំខ្នារ ផ្សារអង្គតាសោម មានតម្លៃដីដាក់លក់ចន្លោះពី ១៣០ ទៅ ១៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ផ្សារត្រាំកក់មានតម្លៃដីដាក់លក់ចន្លោះពី ១៩០ ទៅ ២៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលតំបន់ផ្សារបាង្គសីមានតម្លៃដីដាក់លក់ខ្ពស់ជាងគេជិត ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
- ខេត្តកំពត
ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពត លោកមាស ឌីម បញ្ជាក់ថា ស្រុកឈូក ស្រុកដងទង និងស្រុកទឹកឈូ ជាតំបន់ឆ្លងកាត់ផ្លូវជាតិលេខ៣។ តំបន់ប្រជុំជននៅស្រុកទាំងនេះមានតម្លៃដីចន្លោះពី ៨០ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកតម្លៃដីនៅចូលតំបន់កៀកនឹងក្រុងកំពតមានតម្លៃចន្លោះពី ៣៥០ ទៅ ៤៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ពីឆ្វេងទៅស្តាំ លោក មាស ឌីម, លោក សិទ្ធ ចិន និងលោក ប៊ូ សេងហួ
ការស្ថាបនាកំណាត់ផ្លូវជាតិលេខ៣ ដែលចាប់ផ្តើមចេញពីចោមចៅ ឆ្ពោះទៅដល់ខេត្តកំពត សម្រេចការសាងសង់ ៩៨ ភាគរយ ហើយនឹងអាចបញ្ចប់ទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការស្ថាបនាកំណាត់ផ្លូវជាតិលេខ៣ ចាប់ផ្តើមពីចំណុចចោមចៅ ឆ្ពោះទៅខេត្តកំពតនេះ បានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញកាលពីខែឧសភា ឆ្នាំ២០១៨។ កំណាត់ផ្លូវជាតិនេះមានប្រវែងប្រមាណ១៣៥គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តសំខាន់ៗមួយចំនួនដូចជាខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត។ ផ្លូវមួយខ្សែនេះក៏មានការតភ្ជាប់ជាមួយផ្លូវជាតិលេខ ៤ ដោយកាត់តាមខេត្តកំពតឆ្ពោះតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជាផងដែរ គឺខេត្តព្រះសីហនុ៕
ទិដ្ឋភាពតាមបណ្តោយផ្លូវជាតិលេខ ៣ (ចោមចៅ-បែកគូស-កំពត) ដែលសម្រេចការសាងសង់រួចរាល់ស្ទើរទាំងស្រុង។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន