គោលបំណង ៥ ដែលគេប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យ

Admin 21/October/2022 09:39
ចែករំលែក

មិនថាអ្នកចង់កំណត់ថ្លៃលក់, អ្នកចង់ដឹងតម្លៃគួរទិញ, អ្នកចង់ទទួលកម្ចី និងចង់ធ្វើជំនួញរួមគ្នា ការទទួលបាន​សេវាវាយតម្លៃអចលនទ្រព្យត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់​ដើម្បីធ្វើឲ្យការសម្រេចចិត្តកាន់តែប្រសិទ្ធ​ភាព។​

ថ្លែងប្រាប់ Z1News ក្នុងកម្មវិធីពិភាក្សាប្រចាំសប្តាហ៍ស្តីពីឱកាសការងារ និងវិនិយោគអចលនទ្រព្យកាលពីថ្ងៃចន្ទនេះ លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យធំមួយនៅកម្ពុជា​ បានបញ្ជាក់ពីគោលបំណង ៥ ដែលអ្នកប្រើប្រាស់នៅកម្ពុជាតែងប្រើប្រាស់​សេវាវាយតម្លៃអចលនទ្រព្យ។

[អត្ថបទទាក់ទង៖ ផ្លេតហ្វមវាយតម្លៃអចលនទ្រព្យឌីជីថលដាក់ឱ្យប្រើប្រាស់ជាផ្លូវការដល់គ្រឹះស្ថានហិរញ្ញវត្ថុ​​​ ]

ខាងក្រោមនេះគឺជាគោលបំណង​ទាំង ៥ ដែលអ្នកគួរដឹង៖

១ – ស្នើកម្ចីពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ៖ កម្ចីភាគច្រើននៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាកម្ចីមានទ្រព្យធានា ហើយទ្រព្យធានានោះជាអចលនទ្រព្យ។ ដូច្នេះហើយ ម្ចាស់អចលនទ្រព្យដែលមានបំណងស្នើកម្ចីពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុតែងប្រើ​សេវាវាយតម្លៃពីភ្នាក់ងារជំនាញ ឬពីក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឯករាជដើម្បីដឹងច្បាស់ពីតម្លៃទ្រព្យរបស់ពួកគាត់។ ការដឹងច្បាស់ពីតម្លៃអចលនទ្រព្យនេះ ជួយបង្កើនលទ្ធភាព​ចរចាជាមួយមន្រ្តីឥណទាន​ក្នុងករណីដែលមិនអាចផ្តល់កម្ចីសមរម្យទៅតាមតម្លៃរបស់ទ្រព្យជាក់ស្តែង។

២ – ងាយស្រួលកំណត់តម្លៃដាក់លក់៖ ក្រៅពីការស្នើកម្ចីពីធនាគារ ការវាយតម្លៃអចលនទ្រព្យក៏អាចឲ្យម្ចាស់ទ្រព្យមានលទ្ធភាពដឹងពី​តម្លៃទ្រព្យរបស់គាត់តាមទីផ្សារ​បច្ចុប្បន្ន ដែលបង្កភាពងាយស្រួលដល់ម្ចាស់ទ្រព្យនៅពេល​ចង់ដាក់​លក់ទ្រព្យនោះ។ មានន័យថា ម្ចាស់ទ្រព្យអាចធ្វើ​ការកំណត់តម្លៃទ្រព្យបានត្រឹមត្រូវពេលដាក់លក់។

– ងាយស្រួលកំណត់ថ្លៃទិញ៖ ចំពោះអ្នកទិញអចលនទ្រព្យ សេវាវាយតម្លៃគឺជា​មូលដ្ឋានយ៉ាងសំខាន់ដើម្បីផ្ទៀងផ្ទាត់មុនការសម្រេចចិត្ត និងរៀបចំផែនការវិនិយោគ។ ការដឹងពីតម្លៃអចលនទ្រព្យបានត្រឹមត្រូវក៏ជួយអ្នកទិញឲ្យមានភាពងាយស្រួលក្នុងការចរចាតម្លៃជាមួយអ្នកលក់ផងដែរ។

៤ – ដើម្បីចូលហ៊ុន​វិនិយោគ៖ សម្រាប់ម្ចាស់ទ្រព្យដែលមិនមានលុយសុទ្ធសម្រាប់ធ្វើការវិនិយោគ ហើយមានបំណងចូលទុនវិនិយោគដោយដាក់ទ្រព្យជាទុន ការទទួលបានសេវាវាយតម្លៃអចលនទ្រព្យត្រឹមត្រូវគឺជារឿងសំខាន់។ ក្នុងករណីនេះម្ចាស់ទ្រព្យត្រូវប្រើសេវាវាយតម្លៃ ដើម្បីដឹងពីតម្លៃអចលនទ្រព្យពិតប្រាកដ ដែលងាយស្រួលដល់ការជជែកជាមួយដៃគូជំនួញ។

– មធ្យោបាយដើម្បីរកប្រាក់ចំណូល៖ ក្រៅពីចំណូលដែលបានមកពីការលក់ ឬដាក់ជួល ម្ចាស់ទ្រព្យក៏អាចយកទ្រព្យនោះទៅដាក់ក្នុងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស (Trustee) ដើម្បីបានចំណូលប្រចាំផងដែរ​។ ក្នុងករណីនេះ ការទទួលបានការវាយតម្លៃទ្រព្យនោះពីក្រុមហ៊ុនវាយតម្លៃជំនាញមានសារៈសំខាន់ណាស់។

ក្រុមហ៊ុន Trustee ជាប្រភេទអាជីវកម្មថ្មី ដែល​ស្ថិតក្រោមការគ្រប់គ្រងរបស់និយ័តករមូលបត្រកម្ពុជា ដែល​មានទំនួល​ខុសត្រូវក្នុងការគ្រប់គ្រងប្រាក់ ទ្រព្យសម្បតិ្តជំនួសបុគ្គលមួយក្រុមដទៃទៀត។ ក្រុមហ៊ុន Zillion Trust Plc គឺជាក្រុមហ៊ុន Trustee មួយនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពី និយ័តករមូលបត្រកម្ពុជា។ ក្រុមហ៊ុននេះគឺជាជម្រើសល្អ ក្នុងករណីម្ចាស់ទ្រព្យចង់យកទ្រព្យមកដាក់វិនិយោគដើម្បីបានចំណូលប្រចាំ៕

[អត្ថបទទាក់ទង៖  សេវាធានាទ្រព្បសម្បត្តិជំនួសជំរុញ កំណើនវិនិយោគបរទេស]

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង