គម្រោងផ្សារទំនើបធំៗតាមបណ្តោយវិថីសម្តេចហ៊ុន សែន ដែលនឹងដាក់ឲ្យដំណើរការនាពេលខាងមុខ នឹងបង្កើនសក្តានុពលដីធ្លីក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ មួយកម្រិតទៀត ស្របពេលតំបន់នេះកំពុងមានកំណើនគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មស្រាប់។
គម្រោងធំៗទាំងនេះកំពុងអភិវឌ្ឍន៍ក្នុងតំបន់មហាវិថីសម្តេចហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រដែលបាន បើកឱ្យចរាចរណ៍កាលពីខែ មេសា ឆ្នាំ ២០១៧ ដោយឆ្លងកាត់សង្កាត់ចំនួនបី គឺសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ និងសង្កាត់ជើងឯកក្នុងខណ្ឌដង្កោ។ ខាងក្រោមនេះជាផ្សារទំនើបធំៗបី នឹងត្រៀមបើកដំណើរក្នុងតំបន់ផ្លូវ ៦០ម៉ែត្រនាពេលខាងមុខ៖
[ បម្រែបម្រួលទីផ្សារដីធ្លីផ្លូវ៦០ម៉ែត្រ ៣ឆ្នាំមុន និងក្រោយការសាងសង់ផ្សារទំនើប AEON III ]
ផ្សារទំនើប AEON Mall Mean Chey
គម្រោងអភិវឌ្ឍន៍ផ្សារទំនើប AEON Mall III ឬផ្សារទំនើប AEON Mall Mean Chey មានទីតាំងស្ថិតនៅចាក់អង្រែក្រោម តាមបណ្តោយមហាវិថីសម្តេចហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ)។ ផ្សារទំនើបរបស់ក្រុមហ៊ុនជប៉ុននេះ បានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០២០ ហើយរំពឹងបើកដំណើរការនៅឆ្នាំ២០២២ ។
ផ្សារទំនើបនេះគ្របដណ្តប់លើទំហំផ្ទៃដី 174,000 ម៉ែត្រការ៉េ ដែលទំហំនេះធំជាងផ្សារទំនើបអ៊ីអនម៉លទី១ ពីរដង (68,000 ម៉ែត្រការ៉េ បើកដំណើរការឆ្នាំ២០១៤) និងធំជាងផ្សារទំនើបអ៊ីអនម៉ល សែន សុខ បន្តិច (151,000ម៉ែត្រការ៉េ)។ តាមការបញ្ជាក់ពីក្រុមហ៊ុន ផ្សារទំនើប AEON Mall III នឹងក្លាយជាផ្សារទំនើបធំជាងគេ ធៀបនឹងផ្សារ AEON Mall នៅក្នុងតំបន់អាស៊ាន។

តារាងផ្សារទំនើប AEON Mall នៅប្រទេសក្នុងតំបន់អាសា៊ន។ ប្រភពទិន្ន័យ៖ Aeon Mall
ផ្សារទំនើប Chipmong 271 Mega Mall
ផ្សារទំនើបនេះអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុក Chip Mong Group ស្ថិតតាមបណ្តោយផ្លូវ ២៧១ ដែលតភ្ជាប់ជាមួយនឹងផ្លូវ ៦០ ម៉ែត្រ។ ផ្សារទំនើប Chipmong 271 Megamall មានទំហំផ្ទៃក្រឡា ១៥០ ០០០ ម៉ែត្រការ៉េ ជាផ្នែកមួយនៃគម្រោងបុរី Landmark 271 របស់ក្រុមហ៊ុន Chip Mong ដែលមានផ្ទៃដីអភិវឌ្ឍន៍សរុប ៤៣ ហិកតា។ តាមការគ្រោងទុកផ្សារទំនើប នឹងបើកដំណើរការដំណាលគ្នាជាមួយនឹងផ្សារ AEON Mall III ក្នុងឆ្នាំ២០២២។
ផ្សារទំនើប PH Diamond Place Mall
ផ្សារទំនើបនេះអភិវឌ្ឍន៍ដោយក្រុមហ៊ុន Peng Huouth ដែលជាក្រុមហ៊ុនក្នុងស្រុកល្បីឈ្មោះមួយផងដែរក្នុងការអភិវឌ្ឍន៍បុរីលំនៅដ្ឋាន។ ផ្សារទំនើប PH Diamond Place Mall ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុនមានឈ្មោះថា The Star Diamond ដែលមានផ្ទៃដីប្រមាណ ៤០ ហិកតា។ ក្នុងនោះផ្សារទំនើប PH Diamond Place Mall មានផ្ទៃក្រឡាប្រមាណ ៦ម៉ឺនម៉ែត្រការ៉េ។
អ្នកឯកទេសខាងវិស័យដីធ្លីរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌទាំងពីរខាងលើ បានបញ្ជាក់ថា ការអភិវឌ្ឍផ្សារទំនើបទាំងនេះ រួមទាំងគម្រោងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត នឹងជួយអភិវឌ្ឍន៍ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញឱ្យកាន់លេចធ្លោ ហើយថែមទាំងបង្កើនសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

រូបភាពគំរូនៃផ្សារទំនើប PH Diamond Place Mall