នៅពេលបង្ហាញពីអចលនទ្រព្យដែលដាក់លក់ ភ្នាក់ងារជំនាញតែងបង្ហាញប្រភេទតម្លៃខុសៗគ្នាមួយចំនួនដើម្បីជាមូលដ្ឋាននៅការប្រៀបធៀប។ ជាទូទៅ ប្រភេទតម្លៃអចលនទ្រព្យដែលត្រូវបានបង្ហាញមាន ៣ ប្រភេទផ្សេងៗគ្នារួមមាន តម្លៃដាក់លក់, តម្លៃលក់ជាក់ស្តែង, និងតម្លៃទីផ្សារ។
តើតម្លៃប្រភេទនីមួយៗខុសយ៉ាងដូចម្តេច? ខាងក្រោមនេះគឺជាការពន្យល់។
តម្លៃដាក់លក់ (Asking Price)៖ សំដៅលើតម្លៃនៃការដាក់លក់អចលនទ្រព្យណាមួយដោយមានការកំណត់តម្លៃ ដោយអ្នកលក់ ឬម្ចាស់ទ្រព្យ ដែលជាទូទៅជាតម្លៃដែលផ្អែកលើការយល់ឃើញរបស់ម្ចាស់ទ្រព្យ។ ពេលខ្លះមិនទាន់បានឆ្លងកាត់ការសិក្សា ឬការវាយតម្លៃត្រឹមត្រូវពីអ្នកជំនាញនោះទេ។
ជាឧទារហ៍ជាក់ស្តែង ដីដាក់លក់មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ ដែលប្រកាសដាក់លក់តាមរយៈក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌមានជ័យ។ ដីនេះមានទំហំសរុប ៣ ៨៨៧ ម៉ែត្រការ៉េ ដែលមានប័ណ្ណកម្មសិទ្ធិជាប្រភេទប្លង់រឹង ហើយម្ចាស់ទ្រព្យបានដាក់លក់ក្នុងតម្លៃ ២១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តារាងបង្ហាញពីទីតាំងដី ដោយប្រៀបធៀបតម្លៃដាក់លក់ និងតម្លៃដែលបានសិក្សាដោយប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌមានជ័យ និងការវាយតម្លៃដោយក្រុមហ៊ុនជំនាញ។
ក៏ប៉ុន្តែបន្ទាប់ពីមានការវាយតម្លៃដោយក្រុមហ៊ុនជំនាញ គឺក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថា ទីតាំងដីខាងលើអាចមានតម្លៃ ១ ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌមានជ័យវិញ បានកំណត់ថ្លៃលក់អចលនទ្រព្យខាងលើក្នុងតម្លៃ ១ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តម្លៃលក់ជាក់ស្តែង (Selling Price) ៖ សំដៅលើតម្លៃអចលនទ្រព្យ ដែលសម្រេចការលក់បានដោយមានការព្រមព្រៀងគ្នាពីម្ចាស់ទ្រព្យ និងអ្នកទិញ។ តម្លៃលក់ជាក់ស្តែងនេះអាចសម្រេចបានក្នុងតម្លៃមួយដែលខ្ពស់, ទាបជាង ឬប្រហាក់ប្រហែលនឹងតម្លៃដែលបានដាក់លក់ ដោយអាស្រ័យលើដំណើរការចរចា រវាងអ្នកលក់ និងអ្នកទិញ។
តម្លៃទីផ្សារ (Market Value)៖ សំដៅលើអចលនទ្រព្យដែលសម្រេចការលក់បាន ក្នុងតម្លៃទីផ្សារដែលប្រកួតប្រជែង ដោយអាស្រ័យលើលក្ខណៈ និងអត្ថប្រយោជន៍ផ្សេងៗនៃអចលនទ្រព្យនោះ, ការផ្គត់ផ្គង់,តម្រូវការ និងការផ្អែកលើអចលនទ្រព្យស្រដៀងគ្នាដែលទើបសម្រេចការលក់បានថ្មីៗឋិតក្នុងទីតាំងតែមួយ។ ដូចដែលបានលើកឡើងនៅក្នុងឧទាហរណ៍នៃចំណុចខាងលើ តម្លៃដែលឆ្លុះបញ្ជាំងពីទីផ្សារជាក់ស្តែង គឺមានការសិក្សា និងការវាយតម្លៃពីក្រុមហ៊ុនជំនាញដោយមានរូបមន្ត និងការវិភាគទិន្នន័យយ៉ាងត្រឹមត្រូវ៕