ទីតាំងការិយាល័យនៅកម្ពុជា មានតម្លៃជួលទាបជាងវៀតណាម និងថៃ

Bunthoeun Chhut 22/June/2021 15:51
ចែករំលែក

ភ្នំពេញ៖ តម្លៃជួលទីតាំងការិយាល័យនៅក្នុងប្រទេសកម្ពុជានៅមានតម្លៃទាបជាងជិតពីរដង ធៀបនឹងប្រទេសវៀតណាម និងប្រទេសថៃ។ នេះបើតាមរបាយការណ៍ក្រុមហ៊ុនស្រាវជ្រាវក្នុងវិស័យអចលនទ្រព្យ។

កត្តានេះឆ្លុះបញ្ជាំងថា តម្លៃដើម្បីដាក់ជួល​ទីតាំងអាជីវកម្មនៅកម្ពុជាមានភាពសមរម្យនិងអំណោយផលល្អ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍​​អគារការិយាល័យ​អាចនៅ​មានឱកាស​ធំទៀតក្នុងការអភិវឌ្ឍបន្ថែមដើម្បីចាប់យកឱកាសពីកំណើនតម្រូវការ​នាពេលខាងមុខ។

របាយការណ៍ CBRE Cambodia ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២១  បានលើកយកពីទីផ្សារការិយាល័យនៅទីក្រុងភ្នំពេញទាក់ទងនឹងតម្លៃ​ជួលជាមធ្យម (prime rent) ក្នុងមួយខែ ធៀបជាមួយទីផ្សារការិយាល័យនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទីក្រុងបាងកក ប្រទេសថៃ។

តាម​របាយការណ៍ ទីតាំងការិយាល័យនៅទីក្រុងភ្នំពេញមានតម្លៃដាក់ជួលជាមធ្យម  ២៣,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ស្របពេលដែលទីក្រុងបាងកកមានតម្លៃដាក់ជួលជាមធ្យម ៣៩,១ ដុល្លារ ហើយក្រុងហូជីមិញវិញ មានតម្លៃដាក់ជួលជាមធ្យម ៤២,១ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

របាយការណ៍ដដែលបានបង្ហាញថា ការផ្គត់ផ្គង់ទីតាំងការរិយាល័យនៅទីក្រុងភ្នំពេញក៏មានទំហំតិចជាងទីក្រុងនៃប្រ​ទេសទាំងពីរខាងលើផងដែរ ដែលមានប្រមាណ ៦០ ម៉ឺនម៉ែត្រការ៉េ (អត្រាជួល ៧៤,៧​%  នៃការផ្គត់ផ្គង់សរុប)។ ការផ្គត់ផ្គង់ទីតាំងការរិយាល័យនៅក្រុងហូជីមិញមានទំហំសរុប ១,៤ លានម៉ែត្រការ៉េ (អត្រាជួល ៨៨,៤ %) ស្របពេលដែលទីក្រុងបាងកកមានរហូតដល់ទៅ ៩,២ លានម៉ែត្រការ៉េ (អត្រាជួល ៩០,៦ %)។

ប្រភពទិន្ន័យ៖ CBRE Cambodia

លោក Crispian Knowles អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia ធ្លាប់បានបញ្ជាក់ដល់បណ្តាញ​ព័ត៌មានអចលនទ្រព្យ Z1News ថា តម្រូវការទីតាំងការិយាល័យ ជាពិសេសការិយាល័យទំនើបនឹងបន្តកើនឡើងខ្លាំងនាពេលខាងមុខ ដោយសារកំណើនសកម្មភាពពាណិជ្ជ​កម្ម និងការផ្លាស់ប្តូរការយល់ឃើញរបស់ពាណិជ្ជករទៅលើអត្ថប្រយោជន៍នៃអគារការិយាល័យស្តង់ដារ។

លោកថ្លែងថា៖«យើងសង្កេតឃើញថាក្រុមហ៊ុនជួលទីតាំងធ្វើការិយាល័យបានប្តូរពីការត្រូវការផ្ទះល្វែង ឬ ផ្ទះវីឡាដើម្បីរៀបជាកន្លែងធ្វើការ មកដាក់ទីតាំងការិយាល័យនៅអគារពាណិជ្ជកម្មវិញ»។ លោកបន្តថា៖«យើងឃើញមានការផ្លាស់ប្តូរតម្រូវការទីតាំងធ្វើការិយាល័យពីទីតាំងធូរថ្លៃពីអគារកម្រិត C មកដាក់ទីតាំងនៅអគារកម្រិត A និង កម្រិត B វិញដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះ និងបង្កើន​ប្រតិបត្តិការអាជីវកម្ម»។

របាយការណ៍ភ្នំពេញឆ្នាំ ២០៣០ របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ VTrust Appraisal បានឲ្យដឹងថា ទីក្រុងភ្នំពេញមានទំហំអគារការិយាល័យដែលមានផ្ទៃក្រលាសរុបបូកបញ្ចូលគ្នាចំនួន ៦៣១​ ៥៨០ ម៉ែត្រការ៉េនៅឆ្នាំ ២០១៨ ហើយទំហំនេះអាចកើនឡើងពីរដងនៅត្រឹមឆ្នាំ ២០៣០។

អ្នកជំនាញក្រុមហ៊ុន VTrust Appraisal បានព្យារករណ៍នៅក្នុងរបាយការណ៍ថា ផ្ទៃអគារការិយាល័យពីគ្រប់ប្រភេទការិយាល័យទាំងអស់បូកបញ្ចូលគ្នានឹងកើនដល់ជាង ១លានម៉ែត្រការ៉េ នៅឆ្នាំ ២០៣០ ក្នុងកម្រិតកំណើនធម្មតា។​ ក្នុងករណីមានកំណើនល្អខ្លាំង ចំនួនសរុបបូកបញ្ចូលគ្នានឹងកើនដល់ ១ ៦៩២ ០០០ ម៉ែត្រការ៉េនៅឆ្នាំ ២០៣០៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង