តម្លៃដីក្នុងតំបន់លេចធ្លោជាងគេនៅខេត្តកំពង់ស្ពឺមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

Bunthoeun Chhut 21/June/2021 17:16
ចែករំលែក

ខេត្តកំពង់ស្ពឺ៖​ ទីតាំងសំខាន់ៗចំនួនបួនក្នុងខេត្តកំពង់ស្ពឺ ជាតំបន់ដែលកំពុងមានការទាក់ទាញជាងគេ ក្នុងការវិនិយោគជាពិសេស​គម្រោងរោងចក្រឧស្សាហកម្ម និងគម្រោងផ្សេងៗទៀត ហើយសក្តានុពលនេះបានជះឥទ្ធិពលដល់ទីផ្សារដីធ្លីនៅតាមទីតាំងទាំងនេះ។

តាម​ការបញ្ជាក់ពីអ្នកឯកទេសដីធ្លីប្រចាំខេត្តកំពង់ស្ពឺ ទីតាំងសំខាន់ៗទាំងបួននោះមានដូចជា ផ្លូវជាតិលេខ ៤១, ផ្លូវជាតិលេខ ៥១, ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ ដែលសុទ្ធសឹងជាផ្លូវគមនាគមន៍ដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់តំបន់សេដ្ឋកិច្ច និងទេសចរណ៍ដូចជាខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងចំណោមតំបន់ទាំងបួននេះ ផ្លូវជាតិលេខ ៤ មានតម្លៃ​ដីខ្ពស់ជាងគេ។ អ្នកវិនិយោគអាចរកទិញទីតាំងដីតាមផ្លូវជាតិមួយនេះចន្លោះពី ៩០ ទៅ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃ​នេះសម្រាប់ទីតាំងដីឋិតនៅក្នុងតំបន់ទីប្រជុំជន ចំណែកតម្លៃដីក្រៅទីប្រជុំជនអាចរកទិញបានក្នុងតម្លៃចន្លោះពី ១១ ទៅ ២០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ។

  • ទីតាំងដីនៅផ្លូវជាតិលេខ​ ៥១ អាចរកទិញបានក្នុងតម្លៃចន្លោះពី ៧៥ ទៅ ១៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ
  • ទីតាំងដីនៅផ្លូវជាតិលខ ៣ អាចរកទិញបានក្នុងតម្លៃចន្លោះពី ៩០ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ
  • ទីតាំងដីនៅផ្លូវជាតិលខ ៤១ អាចរកទិញបានក្នុងតម្លៃចន្លោះពី ២៣ ទៅ ១១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តាមការបញ្ជា​ក់ពីអ្នកជំនាញអចលនទ្រព្យ កាលពីឆ្នាំ២០២០ ការទិញ​-លក់ដីធ្លីនៅខេត្តកំពង់ស្ពឺមានប្រមាណ ៨ ៥០០ ប្រតិបត្តិការ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងឆ្នាំ២០១៩។  កំណើនប្រតិបត្តិការនេះ ដោយសារតែខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគជាហូរហែ។

ជាក់ស្តែងចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ ៤៥គម្រោង ស្មើ​ទុនវិនិយោគសរុប ៣១៤ លានដុល្លារនៅ​​ខេត្តកំពង់ស្ពឺ។ (ចុចអានបន្ថែម)

លោក ច្រឹក​ សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺនឹងអាចទាញប្រយោជន៍ជាច្រើនពីការផ្លាស់ប្តូរទិសដៅវិនិយោគរោងចក្រឧស្សាហកម្មពីរាជធានីភ្នំពេញ និងរោងចក្រឧស្សាហកម្មថ្មីៗ ដោយសារមានទីតាំងនៅចន្លោះ​រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

លោកថ្លែងថា៖ “នៅពេលដែលរាជធានីភ្នំពេញកាន់តែរីកចម្រើន គម្រោងឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួនចាប់ផ្តើម[បង្វែរទិសដៅ]មកតាមបណ្តាខេត្តផ្សេងៗ ជាពិសេសចូលមកក្នុងខេត្តកំពង់ស្ពឺ ព្រោះខេត្តនេះមានទីតាំងជិតខេត្តព្រះសីហនុដែលងាយស្រួលក្នុងការដឹកជញ្ជូន ហើយក៏នៅជិតនឹងរាជធានីភ្នំពេញផងដែរ។”​

ទិដ្ឋភាពផ្លូវ ៤១ ចេញពីផ្លូវ ៥១ និងផ្លូវជាតិលេខ ៤ ឆ្ពោះទៅខេត្តកំពត។ រូបភាព Z1News

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង