តំបន់ណាខ្លះមានតម្លៃដីខ្ពស់ជាងគេក្នុងខណ្ឌជ្រោយចង្វារ?

Bunthoeun Chhut 17/June/2021 07:45
ចែករំលែក

សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ជាទីតាំងដែលមានតម្លៃដីធ្លីខ្ពស់ជាងគេ​​ ក្នុងចំណោមសង្កាត់បីផ្សេងទៀតក្នុងខណ្ឌ​ជ្រោយចង្វារ​។ នេះ​បើតាមអ្នកឯកទេស​ដីធ្លី។​

លោក ម៉ែន វិជ្ជាការ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌជ្រោយ​ចង្វារ បានឱ្យដឹងថា តម្លៃដីនៅសង្កាត់ជ្រោយចង្វារមានតម្លៃដីដាក់លក់ន្លោះពី ១ ២០០ ទៅ ៣ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់​ព្រែកលៀបវិញ មានតម្លៃ​ចន្លោះពី ៦០០ ទៅ ២ ៥០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះសម្រាប់ទីតាំងដីនៅតាមបណ្តោយផ្លូវធំប៉ុណ្ណោះ។

[កត្តាសំខាន់ៗ៤បង្ហាញពីចំណុចខ្លាំងនៃទីផ្សារអចលនទ្រព្យខណ្ឌជ្រោយចង្វារ]

លោកបញ្ជាក់ថា ដោយសារតែសង្កាត់ទាំងពីរនេះជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន ទើបជំរុញឱ្យមានតម្លៃដីខ្ពស់ជាងគេក្នុងខណ្ឌជ្រោយចង្វារ។ ជាក់ស្តែងសង្កាត់ព្រែកលៀប មានគម្រោងបុរីលំនៅដ្ឋានប្រហែល ១០ គម្រោង ដែលសុទ្ធសឹងជាលំនៅដ្ឋានស្តង់ដារ​បែបទំនើបដូចជាគម្រោងបុរី របស់ក្រុមហ៊ុន ប៉េង​ ហួតជាដើម។ សង្កាត់ជ្រោយចង្វាវិញ​ ​មានការអភិវឌ្ឍលើអគារខុនដូ សណ្ឋាគារ និងផ្សារទំនើប ស្របពេលបណ្តុំបុរីលំនៅដ្ឋានមានតិចតួច។

សម្រាប់ទីតាំងដីនៅតាមបណ្តោយផ្លូវតូចៗ លោកវិជ្ជាការ បញ្ជាក់បន្ថែមថា សង្កាត់ជ្រោយចង្វារមានទីតាំងដីដែលអ្នកវិនិយោគអាចរកទិញបានចន្លោះពី ៨ ០០ ទៅ ២ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ស្របពេលដែលទីតាំងដីនៅសង្កាត់ព្រែកលៀប ​មានតម្លៃចន្លោះពី ២០០ ទៅ ១ ០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

[ សង្កាត់ពីរក្នុងខណ្ឌជ្រោយចង្វារ ជាតំបន់មានការវិនិយោគគម្រោងលំនៅឋានច្រើនជាងគេ ]

សង្កាត់ព្រែកលៀប និងសង្កាត់បាក់ខែង​ ស្ថិតក្នុងចំណោមសង្កាត់ទាំង៥ក្នុងខណ្ឌជ្រោយច​ង្វារ។ សង្កាត់បីផ្សេងទៀតមានដូចជា សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់កោះដាច់។

ព័ត៌មានអចលនទ្រព្យ Z1News នឹងបង្ហាញជូននូវតម្លៃដីតាមទីតាំងផ្សេងៗទៀតក្នុងខណ្ឌជ្រោយចង្វារ នៅក្នុងអត្ថបទបន្ទាប់៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង