ម្ចាស់ដីតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ក្នុងខណ្ឌដង្កោបង្កើនតម្លៃដាក់លក់ជិត ៣ ដង

Bunthoeun Chhut 16/June/2021 17:32
ចែករំលែក

ដីធ្លីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ បានបង្កើន​តម្លៃដាក់លក់យ៉ាងគំហុកនៅជិត ២ឆ្នាំចុងក្រោយ បន្ទាប់ពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ បាន​បង្ហាញរូបរាងកាន់តែច្បាស់ និងសម្រេចការសាងសង់បានច្រើន។

តាមការបញ្ជាក់ពី​អ្នកឯកទេសដីធ្លីប្រចាំខណ្ឌដង្កោ ម្ចាស់ដី​បានប្រកាសដាក់លក់​ក្នុងតម្លៃក្រោម ១០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េកាលពី​មុនពេលដែលគម្រោងផ្លូវនេះមិនទាន់សាងសង់ ប៉ុន្តែទីតាំងដីធ្លីដដែលបានបង្កើនតម្លៃដល់ទៅជាង ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅពេល​ផ្លូវ​ក្រវ៉ាត់ក្រុងទី៣ចេញជារូបរាង។

អ្នកនាង ម៉ាន់ កណិកា​ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌដង្កោ បានលើកយក​ឧទាហរណ៍ជាក់ស្តែង​ពី​ទីតាំងដី​ស្ថិតនៅក្នុងសង្កាត់រលួស​ ដែលជាតំបន់ឆ្លងកាត់គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣។ អ្នកនាងបញ្ជាក់ថា ទីតាំង​ដីនេះធ្លាប់​ប្រកាសលក់​ក្នុងតម្លៃ ៨០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉ែ​កាលពីពេលមុន តែបច្ចុប្បន្នម្ចាស់ដីបាន​បង្កើនតម្លៃលក់រហូតដល់ ២១០ ដុល្លារក្នុងមួយម៉ែ​ត្រការ៉េ។​ តម្លៃនេះកើនឡើងជិត ៣ ដង​។

[ហេតុអ្វីគួរវិនិយោគក្នុងខណ្ឌដង្កោ? ទាំងនេះជាហេតុផលដែលអ្នកគួរដឹង? ]

បើតាមអ្នកនាងកណិកា ទីតាំងដីខាងលើអាច​មានតម្លៃដាក់លក់ជាមធ្យម ១៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ បន្ទាប់ពីធ្វើការវាយតម្លៃដោយក្រុមហ៊ុនជំនាញ Vtrust Appraisal។ ​ទីតាំងដីនេះមានទំហំ ៣ ៥៥៤ ម៉ែត្រការ៉េ ដែលស័ក្កិសមសម្រាប់ការសាងសង់ជាផ្ទះល្វែង និងឃ្លាំងស្តុកទំនិញ។ (មើលរូបភាពទីតាំងដី) 

ទីតាំងដីក្នុងសង្កាត់រលួស អាចរកទិញបានក្នុងតម្លៃចន្លោះពី ១០០ ទៅ ៣៥០ ក្នុងមួយម៉ែត្រការ ដោយអាស្រ័យលើសក្តានុពលនៃទីតាំងដី។ នេះបើតាមការសិក្សារបស់អ្នកនាងម៉ាន់ កណិកា។

គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី ៣ មានប្រវែងប្រមាណ ៥៣ គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ១៥ គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តកណ្តាល ៣៨ គីឡូម៉ែត្រ។ ការអភិវឌ្ឍន៍គម្រោងនេះ ចាប់ផ្តើមពីចំនុចផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវជាតិលេខ ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី ៣ សម្រេចការសាងសង់បាន ប្រមាណ ៥០ ភាគរយហើយ​នាពេលបច្ចុប្បន្ន បន្ទាប់ពីគម្រោងនេះបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោងសាងសង់រួចរាល់នៅខែ កញ្ញា ឆ្នាំ២០២២ ខាងមុខ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង