RCEP (Regional Comprehensive Economic Partnership) ឬកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ មានប្រទេសជាសមាជិកសរុបចំនួន ១៥ ប្រទេស ដែលរួមមានសមាជិកអាស៊ានទាំង ១០ ប្រទេស និងប្រទេសជាដៃគូអាស៊ាន៥ទៀតគឺចិន អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។
គោលបំណងចម្បងរបស់ RCEP គឺបង្កើតឡើងដើម្បីសម្របសម្រួល និងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ព្រោះកិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធគយ និងលុបចោលរបាំងពាណិជ្ជកម្មមិនមែនពន្ធគយនានា។
ខាងក្រោមនេះ គឺជាចំណុចសំខាន់មួយចំនួនដែលអ្នកគួរដឹងពីកិច្ចព្រមព្រៀង RCEP
ប្លុកពាណិជ្ជកម្មសេរីធំបំផុតក្នុងប្រវត្តិសាស្រ្ត
យោងតាមអគ្គលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) RCEP ជាប្លុកពាណិជ្ជកម្មសេរីធំជាងគេបំផុតមួយដែលបង្កើតឡើងនៅក្នុងសតវត្សរ៍ទី ២១ នេះ ដោយសារតែប្លុកពាណិជ្ជកម្ម RCEP មានចំនួនប្រជាជនស្មើនឹង ៣០ភាគរយ នៃចំនួនប្រជាជនលើពិភពលោកទាំងមូល។ ចំណែកឯទំហំសេដ្ឋកិច្ចវិញ RCEP មានចំណែកស្មើនឹង ៣០ ភាគរយនៃផលិតផលក្នុងស្រុក(GDP) របស់ពិភពលោក និងមានចំណែកដល់ទៅ ២៨ ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក (global trade)។
តាមការសិក្សាថ្មីមួយរបស់វិទ្យាស្ថាន Brookings Institute ដែលជាស្ថាប័នស្រាវជា្រវ និងផ្តល់ប្រឹក្សាគោលនយោបាយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញថា នៅត្រឹមឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP អាចនឹងបន្ថែមទំហំទឹកប្រាក់ ២០៩ ពាន់លានដុល្លារអាមេរិកប្រចាំឆ្នាំទៅក្នុងប្រាក់ចំណូលជាតិលើពិភពលោកទាំងមូល (Global national income) និងទឹកប្រាក់ ៥០០ ពាន់លានដុល្លារនឹងចាក់បញ្ចូលបន្ថែមទៅក្នុងទំហំពាណិជ្ជកម្មពិភពលោក។
នាំទំនិញចេញដោយរួចពន្ធរហូតដល់៩០ ភាគរយ
បន្ទាប់ពីកិច្ចព្រមព្រៀង RCEP សម្រេចដាក់ចូលជាធរមាន ឬចាប់ផ្តើមអនុវត្តន៍ជាផ្លូវការ ប្រទេសជាមាជិកទាំង ១៥ នឹងអាចនាំចេញទំនិញដោយទទួលបានការអនុគ្រោះពន្ធនាំចេញរហូតដល់ ៩០ ភាគរយនៃមុខទំនិញផលិតបានសរុបដែលមានសពុលភាព ២០ ឆ្នាំ។
ពិពិធកម្មនាំចេញ និងបង្កើនលំហូរវិនិយោគពីបរទេស
ក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយរបស់ប្រទេសសមាជិក RCEP បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់នេះ ដែលជួយជំរុញកំណើនសកម្មភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-19។

ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា នឹងធ្វើការចែករំលែកចំណេះដឹងទាក់ទងនឹងកិច្ចព្រមព្រៀង RCEP នៅក្នុងក្នុងសិក្ខាសាលាតាមអនឡាញដែលរៀបចំដោយ EO Cambodia
អត្ថបទបង្ហាញការយល់ឃើញរបស់ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ទាក់ទងនឹងកិច្ចព្រមព្រៀង RCEP ចេញផ្សាយដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគឆ្លងដែន និងលំហូរចរាចរណ៍ប្រជាជន។ ឯកឧត្តម សុខ ស៊ីផាន់ណា ដែលជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថាកត្តានេះនឹងពន្លឿនកំណើនសេដ្ឋកិច្ច និងសហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សម្រាប់បរិបទសេដ្ឋកិច្ចនៅកម្ពុជាវិញ ឯកឧត្តមថ្លែងថា RCEP នឹងផ្តល់ដល់ក្រុមហ៊ុន និងប្រជាជនកម្ពុជានូវឱកាសពាណិជ្ជកម្ម និងភាពជាដៃគូកាន់តែច្រើនឡើង។ ឯកឧត្តម សុខ ស៊ីផាន់ណា បញ្ជាក់ថាបន្ថែមថា៖«សហគ្រាសក្នុងប្រទេសកម្ពុជា នឹងអាចជំរុញការនាំចេញ ចូលរួមក្នុងខ្សែចង្វាក់ថ្មីនៅក្នុងតំបន់ ព្រមទាំងបង្កើនការវិនិយោគបរទេសផងដែរ»។
នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន ឯកឧត្តមបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវពន្លឿនការអភិវឌ្ឍវិស័យឯកជន និងភាពដៃគូ ដើម្បីចាប់យកប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀង RCEP។
ដើម្បីយល់ដឹងកាន់តែច្បាស់ពីឥទ្ធិពលកិច្ចព្រមព្រៀង RCEP មកលើវិស័យជំនួញកម្ពុជា និងឱកាសដែលពាណិជ្ជករកម្ពុជាអាចទទួលបានពីកិច្ចព្រមព្រៀងនេះ សូមតាមដានទស្សនាការផ្សាយតាមតាមហ្វេសប៊ុកផេក Z1 News នារសៀលថ្ងៃអង្គារ៍ទី ១៥ នេះ ចាប់ពីម៉ោង ២៖៣០ រសៀលដល់ម៉ោង ៥ ល្ងាចដែលឯកឧត្តមបណ្ឌិត សុក ស៊ីផាណា នឹងធ្វើការពន្យល់បកស្រាយពីប្រធានបទនេះ៕