សង្កាត់ពីរក្នុងខណ្ឌជ្រោយចង្វារ ជាតំបន់មានការវិនិយោគគម្រោងលំនៅឋានច្រើនជាងគេ

Bunthoeun Chhut 14/June/2021 17:55
ចែករំលែក

សង្កាត់ព្រែកលៀប និងសង្កាត់បាក់ខែង​ កំពុង​ក្លាយជាតំបន់បណ្តុំដោយ​គម្រោងបុរីលំនៅដ្ឋានដ៏លេចធ្លោមួយនៅរាជធានីភ្នំពេញ ដោយសង្កាត់ទាំងពីរ​ទទួលបានគម្រោង​​បុរី​លំនៅដ្ឋាន​​កាន់តែច្រើនឡើង និងមាន​​ស​កម្មភាពពាណិជ្ជកម្មកាន់តែមមាញឹក។

លោក ម៉ែន វិជ្ជាការ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌជ្រោយ​ចង្វារ បានឱ្យដឹងថា សង្កាត់ទាំងពីរខាងលើ មានចំនួន​បុរី ១៧ គម្រោង ដែលសុទ្ធតែជាគម្រោងលំនៅដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A។ ក្នុងនោះ សង្កាត់ព្រែកលៀបមានគម្រោងបុរីលំនៅដ្ឋានច្រើនជាងគេដល់ទៅ ១០ គម្រោង។

លោកបញ្ជាក់​ថា៖ «នៅពេលដែលមានការអភិវឌ្ឍគម្រោងលំនៅដ្ឋានច្រើន វាជះឥទ្ធិពលល្អចំពោះតម្លៃអចលនទ្រព្យ ព្រោះកាលណាលំនៅដ្ឋានច្រើន តែងបង្កើតឱ្យមានលំហូរចរាចរ និងសកម្មភាពអាជីវកម្មផ្សេងៗ»។

តាម​លោក វិជ្ជាការ គម្រោងលំនៅដ្ឋានលំដាប់ខ្ពស់​ បែបស្តង់ដាររស់នៅទំនើប សុទ្ធសឹងកំពុងមានវត្តមាននៅខណ្ឌទំាងពីរដែលមាន​ដូចជា​បុរី ប៉េង ហួត, អ័រគីដេ, មេគង្គរ៉ូយ៉ាល់, ភ្នំពេញផាក និងគម្រោងបុរី​ក្រុមហ៊ុន ជីប ម៉ុង ដែលគម្រោងទាំងនេះស្ថិតនៅតាមបណ្តោផ្លូវជាតិ 6A ក្នុងសង្កាត់ព្រែកលៀប និងសង្កាត់បាក់ខែង។

លោក ម៉ែន វិជ្ជាការ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌជ្រោយ​ចង្វារ

សង្កាត់ព្រែកលៀប និងសង្កាត់បាក់ខែង​ ស្ថិតក្នុងចំណោមសង្កាត់ទាំង៥ក្នុងខណ្ឌជ្រោយច​ង្វារ។ សង្កាត់បីផ្សេងទៀតមានដូចជា សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់កោះដាច់។ ​បច្ចុប្បន្នខណ្ឌជ្រោយ​ចង្វារមានចំនួនប្រជាជនប្រមាណ ៧០ ២៩០ ហើយក្នុងនោះ ៤៨ ភាគរយជាបុរស។ នេះបើតាមទិន្ន័យរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌជ្រោយចង្វារ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង