ដីធ្លីតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ (គិតតែទីតាំងឆ្លងកាត់ខេត្តកណ្តាល) មានតម្លៃកើនឡើងយ៉ាងខ្លាំងគិតមកទល់ពេលនេះ ធៀបនឹងកាលពីចុងឆ្នាំ២០១៨ដែលផ្លូវក្រវ៉ាត់ក្រុងនេះមិនទាន់ចាប់ផ្តើមសាងសង់។ នេះបើតាមអ្នកជំនាញទីផ្សារដីធ្លី។
ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងប្រមាណ ៥៣ គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញប្រវែង ១៥ គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តកណ្តាល ៣៨ គីឡូម៉ែត្រ។ គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី ៣ បានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគិតមកទល់ពេលនេះសម្រេចបានប្រមាណ ៥០ ភាគរយហើយ។
លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល ដែលចុះស្រាវជ្រាវទីផ្សារដីធ្លីតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិសាស្រ្តខេត្តនេះ បានឱ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី៣ បានអភិវឌ្ឍន៍ដោយឆ្លងកាត់ផ្នែកសំខាន់ៗជាច្រើននៃភូមិសាស្រ្តខេត្តកណ្តាលរួមមានដូចជា ឃុំជើងកើប ក្នុងស្រុកកណ្តាលស្ទឹង, សង្កាត់សង្កាត់ព្រែកហូ និងសង្កាត់ស្វាយរលំ ក្នុងក្រុងតាខ្មៅ។
លោកបញ្ជាក់ថា ដីនៅតាមតំបន់ខាងលើ មានតម្លៃដាក់លក់ជាមធ្យម ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីអំឡុងចុងឆ្នាំ ២០១៨ តែគិតមកទល់ពេលនេះ តម្លៃដីដាក់លក់នៅទីតាំងដដែលបានកើនដល់ជាមធ្យមចន្លោះពី ២៥០ ទៅ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ (តម្លៃដីនេះគឺសម្រាប់តែទីតាំងដីដែលជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣)។
ដូចដែលបានបញ្ជាក់ខាងលើ គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មានប្រវែងប្រមាណ ៥៣ គីឡូម៉ែត្រ ដែលឆ្លងកាត់រាជធានីភ្នំពេញប្រវែង ១៥ គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តកណ្តាល ៣៨ គីឡូម៉ែត្រ។ ការអភិវឌ្ឍន៍គម្រោងនេះ ចាប់ផ្តើមពីចំនុចផ្លូវជាតិលេខ ៤ (ឆ្លងកាត់ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ២១ ផ្លូវជាតិលេខ ២១A និងផ្លូវលេខ ១១០) ឆ្ពោះទៅផ្លូវជាតិលេខ ១ ក្នុងស្រុកកៀនស្វាយ (ឃុំឈើទាល និងឃុំដីឥដ្ឋ) ខេត្តកណ្តាល។
បើតាមលោក ប៊ុនសុង តម្លៃដីក្នុងឃុំឈើទាល និងឃុំដីឥដ្ឋ ដែលឆ្លងកាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងស្រុកកៀនស្វាយនេះ មានតម្លៃដីដាក់លក់ចន្លោះពី ១៥០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕