លោក Bill Gates ដែលជាកំពូលមហាសេដ្ឋីលើពិភពលោក បានផ្តោតលើការវិនិយោគដីធ្លីសម្រាប់ការធ្វើកសិកម្មរាប់សិបម៉ឺនហិកតានៅសហរដ្ឋអាមេរិក។ នេះបើតាមទស្សនាវដ្តីអាមេរិក The Land Report។
ទស្សនាវដ្តី The Land Report កត់ត្រាពីក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅសហរដ្ឋអាមេរិកចំនួន ១០០នាក់ ដែលវិនិយោគដីធ្លីកសិកម្មច្រើនជាងគេប្រចាំឆ្នាំ ២០២០ ដោយក្នុងនោះមហាសេដ្ឋីទី៤លើពិភពលោក គឺលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft បានប្រមូលទិញដីដែលមានផ្ទៃក្រឡាជាង ៩៧ ៩៣៤ ហិកតា (242 000 acres)។
ផ្ទៃដីនេះមានទីតាំងផ្សេងៗគ្នាស្ថិតក្នុងរដ្ឋចំនួន ១៩ នៅសហរដ្ឋអាមេរិក ហើយមានទំហំទឹកប្រាក់សរុបប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ឬប្រហែល ៣ ភាគរយនៃទ្រព្យសម្បត្តិសុទ្ធ ១៥០ ពាន់លានដុល្លារ របស់លោក Bill Gates ដែលគិតត្រឹមថ្ងៃទី ១៨ សីហា ឆ្នាំ២០២១។ ខាងក្រោមនេះជាហេតុផលចំនួន៥ ដែលគួរដឹងពីអត្ថប្រយោជន៍នៃការវិនិយោគលើដីចំការ ឬដីកសិកម្ម៖
[កំពូលមហាសេដ្ឋីពីរូបស្ថិតក្នុងចំណោមអ្នកវិនិយោគដីធ្លីច្រើនជាងគេនៅអាមេរិក]
1—ហុចផលចំណេញខ្ពស់ (strong historical returns)
ការវិនិយោគលើដីចម្ការ ឬដីកសិកម្មនេះផ្តល់នូវផលចំណេញប្រកបដោយភាពរឹងមាំ (solid return)។ ជាក់ស្តែងប្រភេទដីចម្ការនេះអាចហុចផលចំណេញជាមធ្យម ១១ ភាគរយជាប្រចាំឆ្នាំ ដោយគិតពីចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២០។ បើធៀបនឹងការវិនយោគលើផ្សារហ៊ុនវិញ ផលចំណេញដែលទទួលបានពីការវិនិយោគវិស័យនេះជាមធ្យមតែ៨ ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។
ការវិនិយោគដីចម្ការទទួលបានផលចំណេញ ស្តែងឡើងតាមរូបភាពពីរយ៉ាងគឺទី១ ចំណូលបានមកពីការដាក់ជួល និងទឹកប្រាក់ដែលទទួលបានពីការលក់ផលដំណាំពីដីចំការនោះ ហើយទី២គឺការឡើងថ្លៃនៃតម្លៃដី។
2—ចំណូលអកម្ម
ការវិនិយោគលើប្រភេទដីកសិកម្មនេះផ្តល់នូវប្រភពចំណូលអកម្មដ៏សំខាន់មួយ ដែលតាមរយៈនេះវិនិយោគិនអាចបំបែកមុខព្រួញក្នុងការបង្កើនលំហូរសាច់ប្រាក់ច្រើនជាងមួយមុខ។ ម្យ៉ាងវិញទៀត តម្លៃនៃការលក់ផលដំណាំចម្ការមានការប្រែប្រួលទៅតាមតម្លៃទំនិញ។ នេះមាន័យថា ការវិនិយោគដីចំការ ជាប្រភេទនៃការវិនិយោគដ៏មានប្រសិទ្ធិភាពមួយក្នុងការជួយទប់ទល់នឹងអតិផរណា។
3—ជាការវិនិយោគតាមរយៈការបំបែកមុខព្រួញ (diversification)
អត្ថប្រយោជន៍ទី៣ នៃការវិនិយោគដីចម្ការនេះគឺជួយបំបែកមុខព្រួញក្នុងការវិនិយោគយ៉ាងល្អប្រសើរ។ ដ្បិតថា មហាសេដ្ឋី Bill Gates ប្រហែលបង្កើតទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានដុល្លារពីវិស័យបច្ចេកវិទ្យាក្តី ប៉ុន្តែមហាសេដ្ឋីរូបនេះក៏បានគិតដល់សារសំខាន់នៃការវិនិយោគច្រើនជាងមួយទិសផងដែរ ក្នុងការកសាង និងបង្កើតភាពមានបានរយៈពេលវែងរបស់គាត់។ ក្រៅពីវិស័យបច្ចេកវិទ្យា ពាក់កណ្តាលនៃទ្រព្យសម្បត្តិមហាសេដ្ឋី Bill Gates ត្រូវបានតាមប៉ាន់ប្រមាណថា បានបែងចែកទៅលើការបោះទុនវិនិយោគលើវិស័យផ្សេងៗទៀត រួមទាំងអចលនទ្រព្យផងដែរ។
តាមរយៈបទពិសោធន៍ឆ្លងកាត់វិបត្តិហិរញ្ញវត្ថុកន្លងមក ផលប៉ះពាល់ចំពោះការវិនិយោគដីចម្ការ មានផលប៉ះពាល់តិចតួចបំផុត ឬស្ទើរតែគ្មានផលប៉ះទង្គិច ដែលខុសពីផ្សារហ៊ុន មូលបត្របំណុល (bond) អចលនទ្រព្យពាណិជ្ជកម្ម ឬមាសជាដើម។ ជាឧទាហរណ៍ អំឡុងពេលនៃការផ្ទុះឡើងវិបត្តិហិរញ្ញវត្ថុ (២០០៧-២០០៩) តម្លៃសន្ទស្សន៍ផ្សារហ៊ុន S&P 500 នាពេលនោះធ្លាក់ចុះយ៉ាងគំហុកក្នុងរង្វង់ -៤៦ ភាគរយ។ ផ្ទុយទៅវិញ សន្ទស្សន៍តម្លៃដីចម្ការនាពេលនោះបែរជាមានការកើនឡើង ១៧ ភាគរយ។
4—បម្រែបម្រូល និងហានិភ័យទាប (low volatility)
កាលពីត្រីមាសទី១ ឆ្នាំ២០២០ តម្លៃផ្សារហ៊ុនធ្លាក់ចុះ -១៩,៨ ភាគរយ ដោយសារតែមានការបិទខ្ទប់ ដែលរារាំងដល់សកម្មភាពសេដ្ឋកិច្ច និងបង្កក្តីព្រួយបារម្ភដល់វិនិយោគិន។ ត្រីមាសទី២ក្នុងឆ្នាំដដែល តម្លៃផ្សារហ៊ុនស្ទុះងើបឡើងវិញ ដោយអាចហុចផលចំណេញវិញក្នុងរង្វង់ ២០ ភាគរយ នាពេលនោះ។ ផ្ទុយទៅវិញ ផលប៉ះពាល់ដោយជំងឺកូវីដ ចំពោះតម្លៃដីចម្ការវិញធ្លាក់ចុះតែ -០,១ ភាគរយប៉ុណ្ណោះ កាលពីត្រីមាសទី១ ឆ្នាំ២០២០ ហើយងើបឡើងវិញមកត្រឹម ០.៦ ភាគរយនៅត្រីមាសបន្ទាប់ក្នុងឆ្នាំដដែល។
[អចលនទ្រព្យ 4 ប្រភេទនេះពេញនិយមទាំងទីផ្សារពិភពលោក និងកម្ពុជា]
5—និរន្តរភាព (sustainability)
ការវិនិយោគលើប្រភេទដីចម្ការនេះគឺជាឱកាសល្អផងដែរចំពោះសេដ្ឋកិច្ចពិភពលោក ហើយថែមទាំងជួយបង្កើនស្ថិរភាព ដោយសារតែដីចម្ការអាចដាំដុះ និងផ្គត់ផ្គង់ជាចំណីអាហារដល់មនុស្សនៅទូទាំងពិភពលោក។ ការអនុវត្តកសិកម្មនិរន្តរភាពនេះ ក៏ជួយបង្កើនតម្លៃដីផងដែរ ដែលផ្តល់ប្រយោជន៍ដល់មនុស្សជាតិ ផែនដី និងវិនិយោគិន។ ហេតុដូច្នេះហើយការវិនិយោគប្រភេទដីចម្ការនេះ ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ទាំងកសិករ អ្នកវិនិយោគ និងបរិស្ថាន។
ប្រភព៖ Financial SAMURAI