សែនសុខមានសង្កាត់ចំនួន ៣ មានតម្លៃដីនៅធូរ និង ៣ សង្កាត់ទៀតខ្ពស់

Bunthoeun Chhut 10/June/2021 18:07
ចែករំលែក

ខណ្ឌសែនសុខមានសង្កាត់សរុបចំនួន ៦ រួមមាន​ សង្កាត់ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ អូរបែកក្អម ឃ្មួញ និង សង្កាត់គោកឃ្លាំង។ ខណ្ឌនេះជាតំបន់ដែលមានការអភិវឌ្ឍស្ទើគ្រប់ប្រភេទអចលនទ្រព្យ ដែលធ្វើឲ្យតម្លៃដីនៅតាម​សង្កាត់មួយចំនួនមានការកើនឡើងយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ ក្នុងចំណោមសង្កាត់ទាំង ៦ ក៏នៅមានសង្កាត់ចំនួន​ ៣ នៅមានតម្លៃដីសមរម្យដែលវិនិយោគិនអាចពិចារណា។ ខាងក្រោម​នេះគឺជាការបង្ហាញខ្លះពីតម្លៃដីនៅខណ្ឌទាំង ៣ ដែលអាចជាមូលដ្ឋានក្នុងការប្រៀបធៀបដើម្បីវិនិយោគ ដោយ​យោងតាមតារាងតម្លៃពីប្រធានសាខាក្រុមហ៊ុន Century21 Zillion Holding ប្រចាំខណ្ឌសែនសុខ។

១ – សង្កាត់ឃ្មួញ៖ មានតម្លៃដីដាក់លក់ចន្លោះពី ១៥០ដុល្លារ ដល់ ៤៥០​ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំពោះដីស្ថិតនៅតាមបណ្តោយផ្លូវតូច។ រីឯដីស្ថិតនៅតាមបណ្តោយផ្លូវធំវិញមានតម្លៃចន្លោះពី ៤៥០ ដល់ ៨០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

២ – សង្កាត់ក្រាំងធ្នង់ មានតម្លៃដីដាក់លក់ចន្លោះពី ១២០ ដល់ ១២០០ ដុល្លារ ដែលតម្លៃនេះខុសគ្នាអាស្រ័យលើទីតាំងដីស្ថិតនៅតាមបណ្តោយផ្លូវធំឬផ្លូវតូច។

៣​ – សង្កាត់គោកឃ្លាំង មានតម្លៃដីដាក់លក់ចន្លោះពី ១២០ ទៅ ២០០​ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ដីតាមបណ្តោយផ្លូវតូច និង ៦០០ ទៅ ១២០០ ដុល្លារសម្រាប់ដីស្ថិតនៅតាមបណ្តោយផ្លូវធំ។

លោក ធាង វ៉ាន់ដា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌសែនសុខ បានអោយដឹងថាសង្កាត់ទាំងបីខាងលើគឺជាតំបន់ដែលល្អសម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន ព្រោះវិនិយោគិនអាចអភិវឌ្ឍន៍អចលនទ្រព្យបានច្រើនប្រភេទ ដោយតម្លៃដីនៅធូរថ្លៃ។

លោកបានបន្ថែមថា៖ «បច្ចុប្បន្នសង្កាត់ឃ្មួញនិងសង្កាត់ក្រាំងធ្នង់មានកាអភិវឌ្ឍន៍ច្រើនទៅលើអចលនទ្រព្យលំនៅដ្ឋានដូចជាគម្រោងបុរី និងផ្ទះល្វែង និង ឃ្លាំងឧស្សាហកម្មផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សង្កាត់នេះក៏នៅមានដីទំនេរច្រើនដែលវិនិយោគិនអាចធ្វើការអភិវឌ្ឍន៍ទៅលើអចលនទ្រព្យគ្រប់ប្រភេទ មិនថា អចលនទ្រព្យលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម ដោយសង្កាត់ទាំងនេះមានប្រជាជនរស់នៅច្រើន ហើយនិងមានផ្លូវធំៗច្រើនដូចជា ២៥ ម៉ែត្រ និង ៣០ម៉ែត្រ»។

តារាងតម្លៃដីតាមសង្កាត់មួយចំនួនពីលោក ធាង វ៉ាន់ដា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌសែនសុខ 

ខណ្ឌសែនសុខមានសង្កាត់សរុបចំនួន៦ ដូចជា សង្កាត់ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ អូរបែកក្អម ឃ្មួញ និង សង្កាត់គោកឃ្លាំង។ ចំពោះសង្កាត់ដែលមានតម្លៃដីខ្ពស់ជាងគេគឺសង្កាត់ទឹកថ្លា ដែលមានតម្លៃដីដាក់លក់ចន្លោះពី ៤០០ ដុល្លារ ទៅ ១២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ដីស្ថិតនៅតាមផ្លូវតូច ហើយនិង១៨០០ ដុល្លារដល់ ៤០០០ដុល្លារ សម្រាប់ដីស្ថិតនៅតាមបណ្តោយផ្លូវធំ៕ ​

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង