ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបច្ចុប្បន្នមិនអំណោយផលដែលបង្ករឡើងដោយជំងឺកូវីដ-១៩ ក្តី គម្រោងអភិវឌ្ឍន៍ធំៗ៤នៅរាជធានីភ្នំពេញកំពុងតែបន្តដំណើរការសាងសង់យ៉ាងសកម្ម ហើយអាចឈានទៅបញ្ចប់រួចរាល់តាមការគ្រោងទុក។
គម្រោងវិនិយោគទាំងនេះ កំពុងផ្តល់វិជ្ជមានជាច្រើនដល់សកម្មភាពសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យ ដែលអ្នកជំនាញអចលនទ្រព្យបញ្ជាក់ថា បានក្លាយជាកត្តាជំរុញដ៏សំខាន់ក្នុងការបង្កើនសកម្មភាពវិនិយោគ។ គម្រោងធំៗទាំង៤នេះមានដូចខាងក្រោម៖
១_ព្រលានយន្តហោះភ្នំពេញថ្មី
តាមការបញ្ជាក់ពីមន្រ្តីជំនាញ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបាន ៤០ ភាគរយគិតត្រឹមខែ ឧសភា ឆ្នាំ២០២១។ អាកាសយានដ្ឋានថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីទំហំប្រមាណ ២ ៦០០ហិកតា ដែលលាតសន្ធឹងលើទឹកដីក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ គម្រោងនេះគ្រោងចំណាយថវិការវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារ ហើយរំពឹងបញ្ចប់រួចរាល់នៅឆ្នាំ២០២៣ខាងមុខ។
២_ ផ្លូវក្រវ៉ាត់ក្រុងទី៣
គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី ៣ សម្រេចការសាងសង់បានប្រមាណជាង ៥០ ភាគរយគិតមកត្រឹមខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីគម្រោងនេះបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩។ តាមការរំពឹងទុក ផ្លូវក្រវ៉ាត់ក្រុងទី ៣ គ្រោងនឹងសាងសង់រួចរាល់នៅខែ កញ្ញា ឆ្នាំ២០២២ ខាងមុខ។
គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មានប្រវែងប្រមាណ ៥៣ គីឡូម៉ែត្រ ដែលឆ្លងកាត់រាជធានីភ្នំពេញប្រវែង ១៥ គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តកណ្តាល ៣៨ គីឡូម៉ែត្រ។ ការអភិវឌ្ឍន៍គម្រោងនេះ ចាប់ផ្តើមពីចំនុចផ្លូវជាតិលេខ ៤ ដោយឆ្លងកាត់ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ២១ ផ្លូវជាតិលេខ ២១A និងផ្លូវលេខ ១១០ ឆ្ពោះទៅផ្លូវជាតិលេខ ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល
៣_ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះសម្រេចបាន ៦៣ ភាគរយ និងអាចឈានទៅបញ្ចប់តាមផែនការនៅខែឧសភា ឆ្នាំ២០២៣។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ដែលការសាងសង់ចាប់ផ្តើមចេញពីចំណុចភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រហូតដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
៤_ពហុកីឡាដ្ឋានមរតកតេជោ
ពហុកីឡដ្ឋានជាតិមរតកតេជោ បានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ហើយគិតមកត្រឹមខែមិថុនា ឆ្នាំ២០២១ ពហុកីឡាដ្ឋានថ្មីនេះសម្រេចការសាងសង់បានប្រមាណ ៩៥ ភាគរយ ហើយនឹងបញ្ចប់រួចរាល់ទាំងស្រុងនៅខែ សីហា ឆ្នាំនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅខែមិថុនា ឆ្នាំ២០២៣។
ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់លើផ្ទៃដីទំហំជាង ១៦,៤ ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធាភ្នំពេញ៕