ទីតាំងនៅសង្កាត់បួនក្នុងចំណោមសង្កាត់ទាំង៧ នៅខណ្ឌពោធិ៍សែនជ័យ កំពុងទទួលបានកំណើនគម្រោងវិនិយោគឧស្សាហកម្ម ដែលក្នុងនោះមានសង្កាត់ពីរមានដីធំទូលាយ និងតម្លៃសមរម្យ ដែលមានអំណោយផលក្នុងការវិនិយោគ។
យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ខណ្ឌពោធិ៍សែនជ័យទទួលបានគម្រោងវិនិយោគសរុប ១៩ គម្រោង គិតចាប់ពីខែមករាឆ្នាំ ២០២០ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដែលមានទុនវិយោគបូកបញ្ជូលគ្នា ២៤២ លានដុល្លាអាមេរិក។ យោងតាម CDC គម្រោងវិនិយោគទាំងនេះមានទីតាំងនៅក្នុងសង្កាត់កាកាប២ សង្កាត់ចោមចៅទី២ ត្រពាំងក្រសាំង និងសំរោងក្រោម។
[អលចលនទ្រព្យទាំង៤ប្រភេទនេះ កំពុងពេញទាំងលើទីផ្សារអន្តរជាតិ និងកម្ពុជា]

អ្នកនាង យិន រ៉ានី ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌពោធិ៍សែនជ័យ
អ្នកនាង យិន រ៉ានី ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌពោធិ៍សែនជ័យ ដែលចុះសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានពីទីផ្សារអចលនទ្រព្យក្នុងខណ្ឌទាំងនេះ បានបញ្ជាក់ថា ក្នុងចំណោមសង្កាត់ទាំងបួនខាងលើ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម មានទីតាំងដីធំទូលាយ និងនៅតម្លៃដីទាបជាងគេ។
អ្នកនាង រា៉នីបន្ថែមថា៖ «តំបន់ត្រពាំងក្រសាំងមានទីតាំងល្អដូចគ្នានឹងសង្កាត់សំរោងក្រោមដែរ សម្រាប់ការសាងសង់ជាឃ្លាំង និងអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស ព្រោះតំបន់ទាំងពីរនេះមានទីតាំងដីធំ ហើយតម្លៃដីធូរថ្លៃ»។
បើតាមអ្នកនាង យិន រ៉ានី សង្កាត់ត្រពាំងក្រសាំង មានតម្លៃដីទាបជាងគេក្នុងខណ្ឌនេះ ដែលអ្នកវិនិយោគអាចរកទិញបានក្នុងតម្លៃចន្លោះពី ២០០ ទៅ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់សំរោងក្រោមវិញអាចរកទិញបានក្នុងតម្លៃចន្លោះពី ២៥០ ទៅ ១ ២០០ ក្នុងមួយម៉ែត្រការ៉េ។
ខណ្ឌពោធិ៍សែនជ័យត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយកាត់យកសង្កាត់ចំនួន ១៣ ពីខណ្ឌដង្កោរ។ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ យោងទៅតាមអនុក្រឹតលេខ៤ អនក្រ.បក សង្កាត់ចំនួន៦ នៅក្នុងខណ្ឌពោធិ៍សែនជ័យត្រូវបានប្តូរទៅខណ្ឌថ្មីគឺខណ្ឌកំបូល។ បច្ចុប្បន្នខណ្ឌនេះបានបែងចែកជា ៧ សង្កាត់ដែលស្មើនឹង ៧៥ ឃុំ៕