អត្ថបទប្រែសម្រួល
បាល់ទីម័រ៖ ក្រុមហ៊ុនអចលនទ្រព្យមួយនៅរដ្ឋ បាល់ទីម័រ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ទឹកប្រាក់លើកទឹកចិត្ត ១០ លានដុល្លារដល់បុគ្គលិករបស់ខ្លួនសរុប ១៩៨ នាក់ បន្ទាប់ពីក្រុមហ៊ុនបានសម្រេចគោលដៅដែលបានកំណត់តាំងពីឆ្នាំ ២០០៥ ។

ក្រុមហ៊ុន St. John Properties បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ ៩ ធ្នូឆ្នាំ ២០១៩ ដោយបញ្ជាក់ថា ប្រាក់រង្វាន់នេះត្រូវបានផ្តល់ជូនក្នុងការអបអរសាទរដល់ក្រុមហ៊ុនដែលសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការអភិវឌ្ឍន៍អចលនទ្រព្យដែលមានផ្ទៃក្រលាសរុប ២០ លានហ្វីតការ៉េ (១,៨៥ លានម៉េត្រការ៉េ)។ ទំហំសរុបនេះ គឺបូកបញ្ចូលទាំងផ្ទៃក្រលានៃការអភិវឌ្ឍន៍ សំណង់អគារការិយាល័យ ហាងលក់រាយ និងឃ្លាំង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន គោលដៅនេះត្រូវបានដាក់ចេញតាំងពីឆ្នាំ ២០០៥ ដែលកាលនោះក្រុមហ៊ុន St. John Properties បានអភិវឌ្ឍន៍អចលនទ្រព្យដែលមានផ្ទៃក្រលាសរុប ១០ លានហ៊្វីតការ៉េ (10 million square feet)។
ស្ថាបនិក និង ជាប្រធានក្រុមហ៊ុន St. John Properties លោក Edward St. John បានលើកឡើងនៅក្នុងវីឌីអូរបស់ក្រុមហ៊ុនថា លោកចង់ផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរស្ថានភាពនៃការរស់នៅរបស់ពួកគេ ដើម្បីអបអរដល់សមទ្ធិផលដែលក្រុមហ៊ុនទទួលបានតាមគោលដៅ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជាអ្នកកាច់ចង្កូតទូក ប៉ុន្តែពួកគេគឺជាអ្នកធ្វើឲ្យទូកដំណើរការ។ ពួកគេគឺជាអ្នកដែលធ្វើឱ្យទូកទៅមុខ។ បើគ្មានក្រុមកាងារទាំងអស់គ្នានេះទេ ពួកយើងមិនមានអ្វីទេ។ ពួកយើងគឺនឹងមិនមានអ្វីទាំងអស់»។

ប្រាក់រង្វាន់នេះត្រូវបានចែកជូនដោយផ្អែកទៅលើចំនួនឆ្នាំដែលបុគ្គលិកម្នាក់ៗបានធ្វើការនៅក្នុងក្រុមហ៊ុន ដោយប្រាក់រង្វាន់នេះជាមធ្យមមានទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ។ ប្រាក់រង្វាន់ដែលធំបំផុតដែលបានផ្តល់ឲ្យបុគ្គលិកគឺចំនួន ២៧ ម៉ឺនដុល្លារ ខណៈ ចំណែកប្រាក់រង្វាន់តិចបំផុតគឺចំនួន ១០០ ដុល្លារ ត្រូវបានផ្តល់ទៅ ឲ្យ បុគ្គលិកដែលទើបតែចាប់ផ្តើមនៅក្រុមហ៊ុនកាលពីថ្ងៃចន្ទ។
បុគ្គលិកម្នាក់បាននិយាយនៅក្នុងវីដេអូដែលចេញផ្សាយដោយក្រុមហ៊ុន St. John Properties ថា «អ្វីដែលបានកើតឡើងនៅក្នុងយប់នេះ [ក្នុងពិធីជប់លៀង ដែលមានចែកប្រាក់លើកទឹកចិត្ត] គឺពិតជាអស្ចារ្យណាស់»។
បុគ្គលិកម្នាក់ទៀតបាននិយាយថា «ជីវិតរបស់យើងមានការផ្តាស់ប្តូរ»។
តាមរយៈទឹកប្រាក់លើកទឹកចិត្តនេះ និយោជិកខ្លះកំពុងរៀបចំផែនការដើម្បីទូទាត់បំណុលនិងបង់ថ្លៃសាលារបស់កូនៗពួកគេជាដើម។
ប្រភព៖ សេចក្តីជូនដំណឹង St. John Properties
ប្រែសម្រួលដោយ៖ សម សុផាណែត