គម្រោងវីឡាលម្ហែកាយបែបអ៊ឺរ៉ុបដំបូងគេក្នុងខេត្តកំពតសម្រេចការលក់ដោយជោគជ័យ

Bunthoeun Chhut 08/June/2021 10:05
ចែករំលែក

គម្រោង Forest Harmony ដែលជាគម្រោងវីឡាលម្ហែកាយបែបអ៊ឺរ៉ុប​ដំបូងគេក្នុងខេត្តកំពត​​ សម្រេចការលក់បានទាំងស្រុងដោយជោគជ័យ បន្ទាប់ពីគម្រោងនេះប្រកាសបើកលក់ជាផ្លូវការកាលពីខែធ្នូ​ ឆ្នាំ ២០១៩។ នេះបើយោងតាមតំណាងក្រុមហ៊ុន Century 21 Cambodia ដែលទទួលបានសិទ្ធិផ្តាច់មុខលក់គម្រោងនេះ។

លោក Seraj Sutton នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia បានថ្លែងថា ទោះបីមានប្រឈមខ្លះៗក្នុងស្ថានភាពបច្ចុប្បន្ន តែដំណើរការលក់គម្រោងនេះនៅតែអាចដំណើរការទៅមុខដោយរលូនហើយរហូតមកដល់បច្ចុប្បន្នគឺ​គម្រោងវីឡាលម្ហែកាយនេះសម្រេចការលក់បាន ១០០ ភាគរយ​។

លោកបន្តថា៖ «យើងពិតជាមានមោទនភាពចំពោះសមិទ្ធិផលនេះ។ កត្តានេះក៏បានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អតិថិជនចំពោះគម្រោងរបស់យើង ហើយយើងសង្ឃឹមថា ការទទួលបានភាពជឿជាក់ពីអតិថិជនបែបនេះ នឹងជួយដល់គម្រោង​របស់យើងនៅដំណាក់បន្តបន្ទាប់ទៀត អាចសម្រេចការលក់កាន់តែឆាប់រហ័ស»។

គម្រោង Forest Harmony ត្រូវបានអភិវឌ្ឍន៍ឡើង​លើផ្ទៃដីជាង ១៣ ហិកតា និងមានវីឡាលម្ហែកាយ ៧៨ វីឡា ដែលជាគម្រោងវីឡាលម្ហែកាយបែបអ៊ឺរ៉ុបដំបូងគេនៅកម្ពុជា។

គម្រោង Forest Harmony គឺជាគម្រោងដំណាក់កាលទីមួយនៃគម្រោងមេឈ្មោះថា Harmony Valley ដែលរួមមានគម្រោងជាដំណាក់កាលជាច្រើនដូចជា FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY។ គម្រោង​នេះ​មានទីតាំង​ស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ និងមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។

លោក អ៊ីន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Harmony Co., Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Harmony Valley នេះ បានបញ្ជក់ប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ថា​ ការសាងសង់គម្រោងដំណាក់កាលទីមួយនេះកំពុងដំណើរការយ៉ាងសកម្ម និងវិវត្តន៍ឥតឈប់ឈរគិតចាប់ពី​ផ្តើមដំបូងកាលពីខែធ្នូឆ្នាំ ២០១៩ មក​ ហើយគ្រោងនឹងបញ្ចប់តាមផែនការ។

លោកថ្លែងថា៖ «សម្រាប់ការសាងសង់របស់យើង គឺបន្តទៅមុខឥតឈប់ឈរដោយមិនមានបញ្ហាប្រឈមអីទេ ដោយសំណង់យើង​សាងសង់ជាលក្ខណៈយុទ្ធសាស្រ្ត ដោយយើងបានសាងសង់ផ្នែកសំខាន់មុនដូចជាប្រព័ន្ធផ្លូវមេ ដូចជាប្រព័ន្ធលូបង្ហូរទឹក បន្ទាប់មកយើងចាប់ផ្តើម​សាងសង់ ចាក់ប្រព័ន្ធគ្រឹះ ហើយយើងសាងសង់ឡើងទៅតាមថ្នាក់ៗ»។

គម្រោង Harmony Valley ផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតនៅលើផ្ទៃដីពណ៌បៃតង ដែលនិងក្លាយជាកន្លែងសម្រាកលំហែកាយដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិនិងមនុស្សដែលមានភាពធុញទ្រាន់ក្នុងការរស់នៅទីក្រុង។

អ្នកដែលបានទិញវីឡានៅក្នុងគម្រោង HARMONY VALLEY អាចចៀសវាងពីទីប្រជុំជនដ៏មមាញឹកហើយមករស់នៅក្នុងវីឡាដ៏ប្រណីតរបស់ពួកគេ ដែលហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំយ៉ាងស្រស់ស្អាតនិងស្ងប់ស្ងាត់។ គម្រោង​ HARMONY VALLEY គឺត្រូវធ្វើដំណើរប្រហែល ២ ម៉ោងកន្លះពីរាជធានីភ្នំពេញ និង​ ១ ម៉ោងទៀតដើម្បីទៅដល់ក្រុងកែប៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង