ស្ត្រីឆ្នើម៤រូបជំរុញទីផ្សារអចលនទ្រព្យអាស៊ានទៅរកកម្រិតកាន់តែប្រសើរ

Bunthoeun Chhut 07/June/2021 19:53
ចែករំលែក

ភ្នំពេញ៖ សហគ្រិនជាស្រ្តីក្នុងវិស័យអចលនទ្រព្យ ៤រូបមកពីប្រទេស ៤​ ផ្សេងគ្នានៅតំបន់អាស៊ាន កំពុងរួមចំណែកយ៉ាងសកម្មក្នុងការ​ជំរុញការ​អភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងតំបន់។ នេះបើតាមសេចក្តីរាយការណ៍របស់ទស្សនាវដ្តីអចលនទ្រព្យ​ប្រចាំ​តំបន់ឈ្មោះថា​ Dot Property។

Dot Property ដែល​ផ្តោតលើមាតិការព័ត៌មាន​ពី​វិស័យអចលនទ្រព្យពីបណ្តាប្រទេសនានា​នៅតំបន់អាស៊ាន បានចេញផ្សាយរបាយការណ៍ថ្មីមួយ​របស់ខ្លួនដោយបានបង្ហាញពីភាពសកម្មរបស់ស្រ្តី ៤ រូបក្នុងវិស័យអចលនទ្រព្យ ដែលកំពុងធ្វើឲ្យទីផ្សារអចលនទ្រព្យនៅអាស៊ានកាន់តែលេចធ្លោ។ អ្នកនិពន្ធរំពឹងថាស្រ្តីទាំង ៤ រូប​នឹងកាន់តែធ្វើឲ្យទីផ្សារអចលនទ្រព្យរបស់ប្រទេសរៀងៗខ្លួនឈានទៅចំណុចល្អមួយកម្រិតទៀត ដែលក៏នឹងបន្តលើកមុខមាត់ទីផ្សារអចលនទ្រព្យ​អាស៊ានមួយកម្រិតទៀត​ផងដែរ។​

ខាងក្រោមនេះគឺជាព័ត៌មានត្រួសៗពីការងារ និងភាពសកម្មរបស់ស្រ្តីទាំង ៤៖

១ –  អ្នកស្រី Ester An ជនជាតិសឹង្ហបុរី

ប្រធានផ្នែកអភិវឌ្ឍន៍ដោយចិរភាពនៅក្រុមហ៊ុន City Development Limited

អ្នកស្រី Ester An

អ្នកស្រី Ester An បានចូលរួមការងារជាមួយក្រុមហ៊ុន City Development Limited តាំងពីឆ្នាំ ១៩៩៥ ហើយក៏ជាស្រ្តីដ៏ឆ្នើមមួយរូបដែលបានបំផុសគំនិតអភិវឌ្ឍបែបបៃតង ដែលជួយលើកមុខមាត់យ៉ាងខ្លាំង​ដល់ក្រុមហ៊ុន City Development Limited និងមុខមាត់ប្រទេសសិង្ហបុរី។

ក្រុមហ៊ុន City Development Limited គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបបែប Eco-Mall​ ដំបូងគេនៅសិង្ហបុរីឈ្មោះថា City Square Mall។ បន្ថែមលើនេះ គម្រោង ខុនដូ Tree House ដែលអភិវឌ្ឍន៍ដោយ City Development Limited បាន​​ជាប់ក្នុងកំណត់ត្រាពិភពលោក Guinness ក្នុងឆ្នាំ ២០១៤ ក្នុងនាមជាសួនបញ្ឈរធំជាងគេបំផុត និងជាអគារបៃតងដែលមើលទៅត្រជាក់ភ្នែក។ លក្ខណៈពិសេសរបស់អគារនេះគឺអាចស្រូបយកកំដៅដែលកាត់បន្ថយតម្រូវការម៉ាស៊ីនត្រជាក់បានយ៉ាងច្រើន។


– អ្នកស្រី ហ្រ្គែស រចនីហ្វុង ជនជាតិខ្មែរ

អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia

អ្នកស្រី ហ្រ្គែស រចនី ហ្វុង បានចូលរួមត្រួសត្រាយផ្លូវប្រកបដោយភាពឆ្នៃប្រឌិតក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា។ អ្នកស្រីជាស្រ្តីកម្ពុជាដំបូងគេដែលទទួលបានវិញ្ញាបនប័ត្របណ្តុះបណ្តាលជំនាញអចលនទ្រព្យពី National Realtor Association ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងត្រូវបានទទួលស្គាល់ថាជាអ្នក​ដឹកនាំដ៏សកម្មម្នាក់ក្នុងវិស័យអចលនទ្រព្យ។

អ្នកស្រីជាអ្នករួមចំណែកយ៉ាងសកម្មក្នុងការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century21 Cambodia ដែលបច្ចុប្បន្នមាន ៣៨ សាខានៅទូទាំងប្រទេស។ លើសពីនេះ អ្នកស្រីក៏ជា​សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ផងដែរ។

ក្នុងនាមជាស្រ្តីថ្នាក់ដឹកនាំដ៏កម្រម្នាក់ក្នុងវិស័យអចលនទ្រព្យ អ្នកស្រី ហ្រ្គែស គឺជាគំរូប្រកបដោយភាពវិជ្ជមានម្នាក់។ អ្នកស្រីតែងចូលរួមចែករំលែកបទពិសោធន៍តាមការវេទិ​កាសាធារណៈជាច្រើន ក្នុងគោលដៅជំរុញទឹកចិត្តឲ្យស្រ្តីផ្សេងទៀតចូលរួមអភិវឌ្ឍន៍វិស័យនេះដែរ។

៣ – អ្នកស្រី Nguyen Thi Thanh Tu ជនជាតិវៀតណាម

ប្រធានក្រុមហ៊ុន TLM Corporation ពីប្រទេសវៀតណាម។

អ្នកស្រី Nguyen Thi Thanh Tu គឺជាអ្នកត្រួសត្រាយដ៏សំខាន់ក្នុងការអភិវឌ្ឍទីផ្សារ​អចលនទ្រព្យនៅ​វៀតណាម។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ TLM Corporation របស់​អ្នកស្រី​បានអភិវឌ្ឍន៍​គម្រោងធំៗលំដាប់ពិភពលោក​​ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរួមទាំង King Bay Ecological & Integrated Township។​

អ្នកស្រីថ្លែងថា​៖«ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុងការវិនិយោគនិងអភិវឌ្ឍគម្រោងអចលនទ្រព្យលំដាប់ខ្ពស់, ការ​បង្កើតតំបន់អេកូ-បៃតងជាមួយបរិក្ខារទំនើបៗ និងការ​ឆ្លើយតបទៅនឹងតម្រូវ​ការ​របស់អតិថិជន គឺជាការធ្វើឲ្យ​ស្របតាមនិន្នាការអភិវឌ្ឍន៍អចលនទ្រព្យនៅលើ​ពិភពលោក»។

៤ – អ្នកស្រី Leong Kit May ម៉ាឡេស៊ី

នាយិការប្រតិបត្តិក្រុមហ៊ុន Axis REIT  

ផ្តើមចេញពីការងារជាគណនេយ្យករ អ្នកស្រី Leong Kit May ដែលជាជនជាតិម៉ាឡេស៊ីបានអភិវឌ្ឍន៍ខ្លួនរហូតបានទទួលតំណែងកំពូលនៅក្នុងក្រុមហ៊ុន។ នៅឆ្នាំ ២០១១ អ្នកស្រីត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សាភិបាល និង៥ឆ្នាំបន្ទាប់អ្នកស្រីបានក្លាយជានាយិការប្រតិបត្តិរបស់ក្រុមហ៊ុន Axis REIT។

ការផ្លាស់ប្តូររបស់អ្នកស្រីពីគណនេយ្យកររហូតទទួលតំណែងចាត់ទុកជាតួនាទីរបស់មនុស្សប្រុសគឺជារឿងគួរឱ្យភ្ញាក់ផ្អើលចំពោះមនុស្សគ្រប់គ្នានិងរូបរបស់លោកស្រីផ្ទាល់។ អ្នកស្រីបានមានប្រសាសន៍ថា អ្នកស្រីមិនដែលស្រមៃថាខ្លួនអាច​ទទួលតំណែងដែលត្រូវបានចាត់ទុកថាជាតំណែងរបស់បុរសទេ។ អ្នកស្រីមានការរំពឹងទុកខ្ពស់​ ប៉ុន្តែគ្រាន់តែដើម្បីឲ្យជីវិតមានភាពប្រសើរឡើង​សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារតែប៉ុណ្ណោះ។ អ្នកស្រីគ្រាន់តែចង់ក្លាយជាគណនេយ្យករ ឬ អ្នកគ្រប់គ្រងហិរញ្ញវត្ថុបន្ទាប់ពីបញ្ចប់ការសិក្សា។ ប៉ុន្តែសញ្ញាប័ត្រគណនេយ្យរបស់អ្នកស្រីបានផ្តល់គន្លឹះក្នុងការធ្វើជំនួញ ដែលបង្កើតបានជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នក​ស្រី។

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង