ខណ្ឌដង្កោមានទីតាំងស្ថិតនៅភាគខាងលិច ឆៀង ខាងត្បូងនៃរាជធានីភ្នំពេញ ជាតំបន់ទាក់ទាញថ្មីមួយក្នុងចំណោមខណ្ឌនៅជាយរាជធានីផ្សេងៗទៀត ដោយសារកំណើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗ ៣ ដែលគួរស្វែងយល់ពីសក្តានុពលរបស់ខណ្ឌដង្កោ៖
1—ជាតំបន់ដែលទីផ្សារលំនៅដ្ឋានមានតម្រូវការខ្ពស់
ខណ្ឌដង្កោមានទីតាំងអំណោយផល និងកំពុងទាក់ទាញគម្រោងវិនិយោគលំនៅដ្ឋានជាច្រើនក្នុងតំបន់នេះ។ គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌដង្កោរមានផ្ទះជាប់ដី (បណ្តុំសំណង់លំនៅដ្ឋានបុរី និងផ្ទះល្វែង) ចំនួន ៣៥ ៣៨៧ ខ្នង ដែលចំនួនផ្គត់ផ្គង់នេះមានចំណែកដល់ទៅជិត ២០ ភាគរយ នៃចំនួនលំនៅដ្ឋានសរុបនៅរាជធានីភ្នំពេញ ១៨៦ ៣០៩ ខ្នង។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Z1 Data។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យធ្លាប់បានបញ្ជាក់ថា ទីតាំងនៅជាយរាជធានីភ្នំពេញ មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍលំនៅឋាន ជាពិសេសសំណង់លំនៅឋានសម្រាប់អ្នកមានចំណូលមធ្យម ដោយសារមានទំហំទីតាំងដីធំ ហើយម្យ៉ាងវិញទៀតតម្លៃដីនៅធូរថ្លៃបើធៀបនឹងតំបន់សំខាន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។
2—សក្តានុពលសម្រាប់ការវិនិយោគឧស្សាហកម្ម
ក្រៅពីសក្តានុពលសម្រាប់ការវិនិយោគលើគម្រោងលំនៅដ្ឋាន ខណ្ឌដង្កោក៏មានទីតាំងអំណោយផលមួយចំនួនសម្រាប់ការវិនិយោគរោងចក្រឧស្សាហកម្មផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ ១៣ គម្រោងក្នុងខណ្ឌដង្កោ ដែលមានទំហំប្រាក់វិនិយោគប្រមាណ ៥១៨,៧ លានដុល្លារ។ ទិន្ន័យនេះព័ត៌មានអចលនទ្រព្យ Z1News បានចងក្រង និងគណនាដោយផ្អែកតាមការចេញផ្សាយរបស់ CDC។ គម្រោងវិនិយោគទាំងនេះភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលទីតាំងវិនិយោគមាននៅក្នុងសង្កាត់ចំនួន៧ក្នុងខណ្ឌដង្កោដូចជា សង្កាត់ព្រៃស សង្កាត់ពងទឹក សង្កាត់ដង្កោ សង្កាត់ជើងឯក សង្កាត់ព្រែកកំពីស សង្កាត់ព្រៃវែង និងសង្កាត់ក្រាំងពង្រ។
ខណ្ឌដង្កោមាន ១២ សង្កាត់ ហើយបច្ចុប្បន្នមានចំនួនប្រជាជន ៩៩ ២៣៦ នាក់ ក្នុងនោះ ៥០ ភាគរយជាបុរស។ នេះបើតាមទិន្ន័យរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌដង្កោ។ តាមទិន្ន័យដដែលសង្កាត់ទាំង ៧ នេះមានទីតាំងខ្លះអាចរកទិញបានក្នុងតម្លៃចន្លោះពី ៨០ ទៅ ២២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះសម្រាប់ទីតាំងដីទាបជាងគេក្នុងចំណោមសង្កាត់ទាំង៧ ហើយទីតាំងដីមានតម្លៃខ្ពស់ជាងគេវិញមានតម្លៃចន្លោះពី ១៤០ ទៅ ១ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាង ម៉ាន់ កណិកា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌដង្កោ
3—ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ
ខណ្ឌដង្កោមានហេដ្ឋារចនាសំខាន់ៗដែលតភ្ជាប់ទៅកាន់ខេត្តមួយចំនួននៅកម្ពុជា តួយ៉ាងដូចជាផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ៣ ដែលតភ្ជាប់ជាមួយខេត្តកណ្តាល ខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកំពត។ ផ្លូវជាតិទាំងពីរនេះក្នុងខណ្ឌដង្កោ ជាទីតាំងដ៏ទាក់ទាញផងសម្រាប់គម្រោងវិនិយោគឧស្សាហកម្ម។ មហាវិថីសម្តេចហ៊ុនសែន (ឬផ្លូវ៦០ម៉ែត្រ) និងគម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏ឆ្លងកាត់ភូមិសាស្រ្តខណ្ឌដង្កោផងដែរ។ ផ្លូវក្រវ៉ាត់ក្រុងនេះមានប្រវែងប្រមាណ ៥៣ គីឡូម៉ែត្រ ដែលឆ្លងកាត់រាជធានីភ្នំពេញប្រវែងប្រមាណ ១៥ គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តកណ្តាល ៣៨ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីចំនុចផ្លូវជាតិលេខ ៤ (ឆ្លងកាត់ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ២១ ផ្លូវជាតិលេខ ២១A និងផ្លូវលេខ ១១០) ឆ្ពោះទៅផ្លូវជាតិលេខ ១។ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣ទាំងមូល សម្រេចការសាងសង់ ៥០ ភាគរយ បន្ទាប់ពីការបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០១៩។
អត្ថបទទាក់ទង៖