ខណ្ឌជ្រោយចង្វារបានក្លាយជាទីតាំងវិនិយោគដ៏លេចធ្លោមួយ ដោយសារខណ្ឌនេះបណ្តុំដោយគម្រោងវិនិយោគធំៗ ដែលភាគច្រើនជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម និងលំនៅដ្ឋាន។
កត្តាសំខាន់ៗទាំង ៤ ខាងក្រោមនេះបង្ហាញពីសក្តានុពលរបស់ខណ្ឌជ្រោយចង្វារ ដែលលោកអ្នកគួរស្វែងយល់ ដើម្បីចាប់យកឱកាសវិនិយោគអចលនទ្រព្យក្នុងខណ្ឌនេះ៖
1 – ក្រុងរណបធំៗពីរ
គម្រោងអភិវឌ្ឍន៍ក្រុងរណបទី១ មានឈ្មោះថា «ទីក្រុងរណបជ្រោយចង្វារ» អភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬហៅកាត់ថា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។ គម្រោងក្រុងរណបនេះ កំពុងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ៣៨៧ ហិកតា ដោយគ្រប់បណ្តប់លើ សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក នៃខណ្ឌជ្រោយចង្វារ។ ក្រុងរណបជ្រោយចង្វារ មានទុនចុះបញ្ចីប្រមាណ ១ ៦០០ លានដុល្លារអាមេរិក ដែលនឹងមានការសាងសង់អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប លំនៅដ្ឋាន អគារស្នាក់នៅរួម និង កន្លែងកំសាន្តជាដើម។ តាមការរំពឹងទុកគម្រោងដ៏ធំនេះ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៦ ខាងមុខ។
គម្រោងអភិវឌ្ឍន៍មួយទៀត ក៏កំពុងស្ថិតក្នុងដំណើរការសាងសង់ក្នុងខណ្ឌជ្រោយចង្វារផងដែរ មានឈ្មោះថាទីក្រុងរណប Garden City អភិវឌ្ឍន៍ដោយក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ាលី យ៉ុងផាត់។ តាមផែនការមេរបស់ក្រុមហ៊ុន LYP Group ទីក្រុងរណបនេះអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១ពាន់ហិកតា ដែលបណ្តុំដោយតំបន់ពាណិជ្ជកម្ម លំនៅដ្ឋាន តំបន់កម្សាន្តនិងសម្រាកលម្ហែកាយ។ ទីតាំងគម្រោងក្រុងរណបនេះឆ្លងកាត់ផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៦។

ប្លង់ 3D គំរូ របស់គម្រោងក្រុងរណប Garden City។ រូបភាព៖ LYP GROUP
2 – បណ្តុំដោយគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់
ក្រៅពីគម្រោងអភិវឌ្ឍន៍ក្រុងរណប ខណ្ឌជ្រោយចង្វារក៏ជាទីតាំងដ៏ទាក់ទាញ និងលេចធ្លោក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗជាច្រើន។ បច្ចុប្បន្នខណ្ឌជ្រោយចង្វារមានគម្រោងបុរីលំនៅឋានចំនួន ២០ គម្រោង។ នេះបើតាមការសិក្សារបស់លោក ម៉ែន វិជ្ជាការ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌជ្រោយចង្វារ។
ក្នុងចំណោមគម្រោងសរុប លោក វិជ្ជាការ បានឲ្យដឹងថាមាន៣គម្រោង ទើបប្រកាសអភិវឌ្ឍន៍ក្នុងខណ្ឌមានដូចជាគម្រោង Chip Mong Park Land 6A, គម្រោង NADI និងគម្រោង Golden Park 6A។ ចំណែកខុនដូវិញ មានចំនួន ២០ គម្រោង ក្នុងនោះមាន ១២ គម្រោងបានបញ្ចប់ការសាងសង់រួចរាល់។

លោក ម៉ែន វិជ្ជាការ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌជ្រោយចង្វារ។ រូបភាព៖ សហការី
3 – ទីតាំងភូមិសាស្រ្តពិសេសជាងគេ៖ ខណ្ឌជ្រោយចង្វារមានអាកាសធាតុល្អដោយសារមានទន្លេ២អមសងខាង និងមានការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធជាច្រើនដូចជា ស្ពាន និងផ្លូវធំៗខ្វាត់ខ្វែងជាច្រើន ដែលសម្រួលដល់ការធ្វើដំណើរចេញចូលពីខេត្តមករាជធានីភ្នំពេញ។ ផ្លូវជាតិលេខ ៦A ជាបណ្តាញគមនាគមន៍ដ៏សំខាន់ក្នុងខណ្ឌជ្រោយចង្វារ ដែលតភ្ជាប់ជាមួយបណ្តាខេត្តសំខាន់ៗដូចជាខេត្ត កំពង់ចាម កំពង់ធំ និងសៀមរាប សម្រាប់ការដឹងជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មផ្សេងៗ។
4 – កត្តាប្រជាសាស្រ្ត
ខណ្ឌជ្រោយចង្វារមានសង្កាត់ចំនួន ៥ រួមមានសង្កាត់ ជ្រោយចង្វារ សង្កាត់ព្រែកតាសេក សង្កាត់កោះដាច់ សង្កាត់ព្រែកលៀប និងសង្កាត់បាក់ខែង។ បច្ចុប្បន្នខណ្ឌនេះមានប្រជាជនចំនួន ៧០ ២៩០ នាក់ ហើយក្នុងចំណោមនោះ ៤៨ ភាគរយ ជាបុរស។ នេះបើតាមទិន្ន័យពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌជ្រោយចង្វារ។
សម្រាប់អ្នកវិនិយោគអចលនទ្រព្យគេប្រើទិន្នន័យប្រជាសាស្រ្តនេះ ដើម្បីថ្លឹងថ្លែងក្នុងការវិនិយោគ ថាតើប្រភេទអចលនទ្រព្យ និងទីតាំងភូមិសាស្រ្តមួយណាដែលគួរវិនិយោគ ហើយនឹងមានមនុស្សចូលចិត្តទៅរស់នៅច្រើននាពេលខាងមុខ៕