នៅពេលដែលលោកអ្នកធ្វើការស្នើកម្ចី ហើយកម្ចីនោះជាប្រភេទដែលត្រូវការទ្រព្យធានា ដំណាក់កាលសំខាន់មិនអាចខ្វះបានគឺការវាយតម្លៃអចលនទ្រព្យ។
ដើម្បីធ្វើឲ្យប្រតិបត្តិការនេះកាន់តែងាយស្រួលសម្រាប់អតិថិជនស្នើកម្ចី និងគ្រឹះស្ថានផ្តល់កម្ចី ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដែលជាក្រុមហ៊ុនផ្តល់ទិន្នន័យ និងព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុ កាលពីថ្មីៗនេះបានសម្រេចកិច្ចសហការជាមួយក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ បានសម្រេចកិច្ចសហការតភ្ជាប់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យតាមឌីជីថលរបស់ខ្លួនឈ្មោះថា (អ៉ីនឌីខេសិន ផ្លើស ភ្លេតហ្វម) Indication Plus ទៅប្រព័ន្ធវាយតម្លៃឥណទានរបស់ CBC ដែលនឹងធ្វើឲ្យប្រតិបត្តិការផ្តល់កម្ចីកាន់តែមានប្រសិទ្ធភាព។
ខាងក្រោមនេះជាហេតុផលសំខាន់ៗ ៤ ដែលសាធារណៈជន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុគួរដឹងពីអត្ថប្រយោជន៍ចេញពីកិច្ចសហការរវាងស្ថាប័នទាំងពីរ។
១) ទ្រព្យដាក់បញ្ចំាដើម្បីទទួលកម្ចីមានចំណែកធំក្នុងចំណោមកម្ចីសរុប
តាមការបញ្ជាក់ពីលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន CBC បានឱ្យដឹងថា ៥០ ភាគរយនៃឥណទានសរុបដែលបានបញេ្ចញលើទីផ្សារ គឺជាឥណទានដែលមានការធានាដោយដាក់ទ្រព្យបញ្ចាំ ហើយភាគច្រើននៃទ្រព្យបញ្ចាំទាំងនោះគឺជា ដីធ្លី និងផ្ទះសម្បែង។ លោក សុធារ័ត្ន បញ្ជាក់ថា ប្រតិបត្តិការនេះមាន ចន្លោះពី ១៥ម៉ឺន ទៅ ២០ម៉ឺន ក្នុងមួយខែ ដូច្នេះហើយលោកអះអាងការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យត្រឹមត្រូវច្បាស់លាស់ពីកម្មវិធីវាយតម្លៃទំនើបដូចជា (អ៉ីនឌីខេសិន ផ្លើស ភ្លេតហ្វម) Indication Plus របស់វីត្រាស់ អឹព្រេហ្សល ដើរតួនាទីសំខាន់ណាស់ក្នុងការវាយតម្លៃឥណទាន និងធ្វើឲ្យការផ្តល់កម្ចីកាន់តែមានគុណភាព និងច្បាស់លាស់។
២) ផ្តល់ និងទទួលកម្ចី បានសមស្របតាមតម្លៃទ្រព្យធានា
អ្នកទទួលកម្ចីទាំងអស់ដែលដាក់ទ្រព្យជាវត្ថុធានា នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និងលទ្ធភាពអាចសងត្រទ្បប់វិញ រីឯស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ នឹងអាចធ្វើការវាយតម្លៃពីលទ្ធភាពរបស់អតិថិជនបានត្រឹមត្រូវ និងចៀសវាងហានិភ័យនានាបានកាន់តែល្អប្រសើរ។ កត្តានេះជួយជំរុញដំណើរការផ្តល់ឥណទាននៅកម្ពុជាឱ្យកាន់តែមានគុណភាព និងមានស្តង់ដារល្អប្រសើរ។
មូលហេតុ? ដោយសារថា Indication Plus Platform ជាកម្មវិធីវាយតម្លៃទំនើប អាចផ្តល់សេវាវាយតម្លៃអចលនទ្រព្យបានត្រឹមត្រូវតាមបច្ចេកវិទ្យាទំនើប ប្រកបដោយទំនុកចិត្តខ្ពស់ មានតម្លាភាព និងវិសាលភាពទូលំទូលាយ។
៣) ជួយពន្លឿនប្រតិបត្តិការផ្តល់កម្ចី និងផ្តល់ទំនុកចិត្តខ្ពស់
Indication Plus Platform (អ៉ីនឌីខេសិន ផ្លើស ភ្លេតហ្វម) ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើប ទាន់សម័យតាមបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យទាំង (សង្ខេប និងពេញលេញ) ដោយស្វ័យប្រវត្តិ។ ការវាយតម្លៃចេញពីប្រព័ន្ធវាយតម្លៃទំនើបនេះគឺបានមកពីការរៀបចំចងជាប្រព័ន្ធរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងធ្វើឡើងតាមស្តង់ដារវាយតម្លៃអចលនទ្រព្យអន្តរជាតិ។
លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សលបានឲ្យដឹងថា គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់ CBC អាចវាយតម្លៃទ្រព្យដែលដាក់បញ្ចាំ មុននឹងផ្តល់កម្ចីទៅឱ្យអតិថិជន បានយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងគ្រប់ទីកន្លែងនៅកម្ពុជា ដោយគ្រាន់តែចូលទៅស្នើការវាយតម្លៃអចលនទ្រព្យ Indication Plus Platform។
៤) ដើរទាន់សម័យកាល
ការប្រើប្រាស់បច្ចេកវិទ្យាកំពុងដើរតួនាទីកាន់តែខ្លាំងក្នុងប្រតិបត្តិអាជីវកម្មប្រចាំថ្ងៃទាំងក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ។ កិច្ចសហការរបស់ក្រុមហ៊ុនទាំងពីរនាពេលនេះ បានឆ្លុះបញ្ចាំងពីការសម្របខ្លូន និងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនល្បឿនប្រតិបត្តិការទាំងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ ដែលសុទ្ធសឹងតែជាវិស័យស្នូលសំរាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទទាក់ទង៖ Vtrust AppraisalនិងCBC សហការផ្តល់សេវាវាយតម្លៃអចលនទ្រព្យតាមឌីជីថលដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា