Vtrust AppraisalនិងCBC សហការផ្តល់សេវាវាយតម្លៃអចលនទ្រព្យតាមឌីជីថលដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា

Bunthoeun Chhut 27/May/2021 14:56
ចែករំលែក

ភ្នំពេញ៖ ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខមួយនៅកម្ពុជា បានសម្រេចកិច្ចសហការតភ្ជាប់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យតាមឌីជីថលរបស់ខ្លួន ទៅប្រព័ន្ធវាយតម្លៃឥណទានរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) ដែលជាការបើកទំព័រថ្មីមួយនៃការអភិវឌ្ឍសេវាវាយតម្លៃអចលនទ្រព្យតាមឌីជីថលដើម្បីរួមចំណែក​ពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃព្រហស្បតិ៍ទី ២៧ ខែឧសភានេះ ដោយការព្រមព្រៀងធ្វើសមាហរណកម្ម កម្មវិធីវាយតម្លៃអចលនទ្រព្យតាម អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម (Indication Plus Platform) របស់ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ទៅ ភ្លេតហ្វមនៃឧបករណ៍វាយតម្លៃ​ឥណទានរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី)។ ពិធីនេះបានធ្វើឡើងតាមប្រព័ន្ធវីឌីអូ Zoom ដោយមានការចុះហត្ថលេខាលើ MoU ដោយលោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល និងលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ។

លោកអឿ សុធារ័ត្ន (ឆ្វេង) និងលោក វង្ស សុខាល (ស្តាំ) លើកបង្ហាញឯកសារចុះ MoU តាមវីដេអូ ZOOM នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១

លោក វង្ស សុខាល​ បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះនឹងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងជំរុញឲ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់​ ដោយសារថា អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម (Indication Plus Platform) ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើប​បែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៌វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណពេញលេញដោយស្វ័យប្រវត្តិ ថែមទាំងមានការរៀបចំ​ចងជាប្រព័ន្ធ​រូបមន្តត្រឹមត្រូវដោយ​អ្នកជំនាញ និងតាមស្តង់ដាវាយតម្លៃអចលទ្រព្យអន្តរជាតិ។ លើសពីនេះ​ អ្នកប្រើប្រាស់ទាំងអស់​អាចពិនិត្យមើលការវិវត្តន៍នៃដំណើរការវាយតម្លៃចាប់ពីពេលបានដាក់បញ្ជូនសំណើរ រហូតដល់ចេញជារបាយការណ៍វាយតម្លៃសង្ខេបជាស្ថាពរ។

លោកថ្លែង​ថា៖«​តាមរយៈសេវា អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម នេះ លោកអ្នក​អាច​​ចូលប្រើ និងស្នើ [ការវាយតម្លៃអចលនទ្រព្យ​] បានគ្រប់ពេលវេលា ​ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់​ ព្រមទាំងបាន​ដឹងពីតម្លៃអចលនទ្រព្យ​គ្រប់ទីកន្លែងនៅទូទាំងប្រទេស ដែលអ្វីៗស្ថិតក្នុងដៃរបស់លោកអ្នកតែម្តង»។ លោក សុខាល បញ្ជាក់ថា៖«លោកអ្នកអាចចូលពីការិយាល័យកណ្តាល មើលសំណើរទាំងអស់របស់ក្រុមការងារ របស់គ្រប់បណ្តាញសាខា និងស្ថាប័នរបស់លោកអ្នកទាំងស្រុង និងភ្លាមៗយ៉ាងងាយស្រួល រហ័ស តាមរយៈ អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម ដែលផ្ទុកទិន្នន័យទូលំទូលាយ និងមានវិសាលភាពនៅទូទាំងប្រទេស»។

យោងតាមការបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ការ​មាន​សេវា​​​វាយ​តម្លៃ​​អចលន​ទ្រព្យប្រកបដោយទំនុកចិត្តខ្ពស់​ មាន​តម្លា​ភាព និងវិសាលភាព​ទូលំទូលាយ ពិត​ជា​មាន​សារៈ​សំខាន់ខ្លាំង​​ណាស់សម្រាប់ប្រតិបត្តិការក្នុងវិស័យហិរញវត្ថុ ជាពិសេសសម្រាប់ការស្នើសេវាកម្មកម្ចី។ ​មូលហេតុគឺថា ​​​អ្នកទទួលកម្ចីទាំងអស់​ដែលដាក់ទ្រព្យជាវត្ថុធានា​ នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និង​លទ្ធភាពអាចសងត្រទ្បប់វិញ ខណៈ​ស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ អាច​​ធ្វើការវាយតម្លៃពីលទ្ធ​ភាព​របស់អតិថិជន​បានត្រឹមត្រូវ​ និងចៀសវាងហានិភ័យនានា ស្របតាមបទបញ្ញត្តិគ្រប់គ្រងហានិភ័យ​ឥណទាន​ដែលបានដាក់ចេញ និងណែនាំ​ដោយ​ធនាគារជាតិនៃកម្ពុជា។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ​ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី)  បានមានប្រសាសន៍ថា ការ​សម្រេចចុះអនុស្សរណៈនៃការ​យោគយល់គ្នា នៅថ្ងៃនេះ​នឹងជួយ​​​បង្កើន​ដំណោះស្រាយ និង​​ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់​នៅក្នុងប្រទេស​​កម្ពុជា។

លោកថ្លែងថា៖«បើយើងមើលទំហំឥណទានសរុប​នៅក្នុងវិស័យហិរញ្ញវត្ថុ យើងឃើញថា ជាង ៥០ ភាគរយនៃឥណទានដែលបានបញ្ចេញលើទីផ្សារគឺជាឥណទានដែលមានការធានាដោយមានទ្រព្យបញ្ចាំ ហើយក្នុងនោះ​ទ្រព្យបញ្ចាំភាគច្រើនទៀតគឺជា​ដីធ្លី និង​ផ្ទះសម្បែង ដែលប្រតិបត្តិការនេះមានខ្ទង់ប្រហែល​ជា ១៥០ ០០០ ទៅ ២០០ ០០០ ប្រតិបត្តិការក្នុងមួយខែ​»។

លោកបន្តថា៖«​​ខ្ញុំសង្កេតឃើញថា វីត្រាស់ជាក្រុមហ៊ុន មួយក្នុងចំណោមក្រុមហ៊ុនដែលមានជំហរច្បាស់លាស់យូរអង្វែង ហើយជាក្រុមហ៊ុនមួយដែល បានបម្រើនៅក្នុងវិស័យអចលនទ្រព្យជាយូរមកហើយគឺ​តាំងពីឆ្នាំ ២០០៤ មកម៉្លេះ។ ខ្ញុំ​ក៏សូមកោតសរសើរមែនទែននៃដំណើរការនៃការកសាងគ្រឹះឌីជីថល ដែលជាដំណោះស្រាយយ៉ាងឈ្លាសវៃមួយនៅក្នុងការវាយតម្លៃអចលនទ្រព្យ ដែលអាចផ្លាស់ប្តូរនូវរបៀបការវាយតម្លៃអចលនទ្រព្យដែលកំពុងតែប្រើប្រាស់ក្នុងទីផ្សារសព្វថ្ងៃឲ្យ​កាន់តែមានប្រសិទ្ធភាពជាងមុន»។

របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១ របស់ស៊ីប៊ីស៊ី​បានបង្ហាញថា គិតត្រឹមដំណាច់ខែមីនាឆ្នាំ ២០២១ នេះ ឥណទាន​អចលនទ្រព្យមានចំណែកដល់ទៅ ៥១,៧២ ភាគរយ នៃសមតុល្យឥណទានបុគ្គលសរុបនៅកម្ពុជា​ ១០,៣៩ ពាន់លានដុល្លារ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង